រាជធានីភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហាររូបករណ៍ចំនួន ២០០០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ ដោយឥតបង់ថ្លៃ ១០០% លើមុខជំនាញរយៈពេលខ្លីចំនួន ១៣មុខវិជ្ជា ហើយថែមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់សិក្ខាកាមផងដែរ ។
អាហាររូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ១,៥ លាននាក់របស់រាជរដ្ឋាភិបាលនីតីកាលទី៧នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីផ្តល់ឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជំនាញរហ័ស និងមានចំណូលសមរម្យដើម្បីកែប្រែជីវភាពឱ្យកាន់តែប្រសើរបន្ថែមទៀត ។
បើតាមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប មុខជំនាញអាហាររូបករណ៍ទាំង២០០០កន្លែងនេះ មាន១៣មុខវិជ្ជាដូចជា (១) ការដំឡើងបណ្ដាញអគ្គីសនីក្នុងអគារចំនួន ២៧០នាក់, (២) សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានចំនួន ២៧០នាក់, (៣) ការរចនាក្រាហ្វិកដោយកុំព្យូទ័រចំនួន ១៥០នាក់, (៤) ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាពចំនួន ៦០នាក់, (៥) ការងារកំបោរចំនួន ៩០នាក់ (៦) ការដំឡើងបណ្ដាញបំពង់ទឹកចំនួន ៩០នាក់, (៧) សេវាកម្មកុំព្យូទ័រចំនួន ១៧០នាក់, (៨) សេវាកម្មរដ្ឋបាលចំនួន ១២០នាក់, (៩) ធុរកិច្ចភេសជ្ជៈចំនួន ១២០នាក់, (១០) សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចំនួន ១៥០នាក់, (១១) សេវាកម្មសម្អាងកាយចំនួន ១៨០នាក់, (១២) សេវាកម្មកាត់សក់បុរសចំនួន ១៥០នាក់ និង(១៣) ការធ្វើម្ហូបខ្មែរចំនួន ១៨០នាក់ ។
ដើម្បីចុះឈ្មោះចូលរៀនបានក្រុមយុវជនគោលដៅ អាចទាក់ទងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបតាមរយៈលេខទូរស័ព្ទ ០៩៦ ៦៦៦ ០៣ ០៦/ ០៨៩ ៤៨៣ ៦២៣ និង០៦៩ ។
សូមបញ្ជាក់ថា ក្រៅពីក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ យុវជន និងពលរដ្ឋទូទៅ ក៏ដូចជាកម្មករកម្មការិនីក៏អាចចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃផងដែរ ប៉ុន្តែគ្រាន់តែមិនទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ