រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ដែលមានសមាជិកចូលរួមចំនួន ១៤៩ រូប ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក្នុងអគារ Morgan Tower ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានទ្វីប បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹង និងពង្រីក និងការថែរក្សារចនាសម្ព័ន្ធគណបក្សនៅគ្រប់ថ្នាក់ ក្នុងប្រទេសគោលដៅដើម្បីបង្កើន និងរក្សាកិត្យានុភាពដ៏ឧត្តុង្គឧត្តម របស់គណបក្សដែលបាន និងកំពុងដឹកនាំនាវាកម្ពុជាទៅកាន់ភាពរីកចម្រើនឥតឈប់ឈរ ក្រោមគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ ការបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពលករ កម្មសិក្សាការី និងសមាជិកគណបក្សក៏ជាកិច្ចការអាទិភាព ដែលឯកឧត្តមប្រធានទ្វីប បានណែនាំ ដល់សមាជិកបក្សនៅតាមប្រទេសគោលដៅ ត្រូវប្រកាន់ខ្ជាប់ផងដែរ ។
សូមបញ្ជាក់ថា ក្រោយទទួលបានជោគជ័យ និងការគាំទ្រពីពលរដ្ឋខ្មែរនៅតាមប្រទេសគោលដៅ ជាបន្តបន្ទាប់ គណបក្សសម្រេចកែសម្រួលឈ្មោះ និងពង្រីកវិសាលភាពឱ្យមកជាក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍កាលពីឆ្នាំ២០២២ ដែលទទួលបន្ទុកប្រទេសមួយចំនួន ដែលរួមមាន សាធារណរដ្ឋកូរ៉េ ព្រះរាជាណាចក្រថៃ ប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ី ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ