ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សង្ក្រាន្ត​ឆ្នាំ​ថ្មី​ខ្មែរ​នៅ​ថៃ មានការ​ចូលរួម​ពី​បងប្អូន​ខ្មែរ​ប្រមាណ ​៦​ពាន់​នាក់

4 ថ្ងៃ មុន

​ប្រទេស​ថៃ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ស្ថានទូត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ប្រចាំ​ប្រទេស​ថៃ ក្រុមការងារ ESEA ​ប្រចាំ​នៅ​ប្រទេស​ថៃ…

​ប្រទេស​ថៃ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ស្ថានទូត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ប្រចាំ​ប្រទេស​ថៃ ក្រុមការងារ ESEA ​ប្រចាំ​នៅ​ប្រទេស​ថៃ និង​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (​អាក្រា​) ព្រមទាំង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ថៃ បាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ខ្មែរ​នៅ​ថៃ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៦​ពាន់​នាក់ ​។

ក្នុង​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ ក្រុមការងារ បាន​រៀបចំ​ទីតាំង​ចំនួន​១២​ផ្សេង​គ្នា​ក្នុង​ប្រទេស​ថៃ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បន្ត​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ​។ជាមួយ​គ្នា​នេះ កម្មវិធី ត្រូវ​បាន​រៀបចំ​ទៅ​តាម​ពិធី​សាសនា​សំខាន់​ៗ​ដូច​ជា បង្សុកូល រាប់បាត្រ ស្រង់​ព្រះ ពូន​ភ្នំខ្សាច់ ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា​របស់​ខ្មែរ​។ ក្រៅពី​នេះ ក៏​មានកម្ម​វិធី​ដាក់​បង្ហាញ​ស្តង់​ម្ហូបអាហារ​ខ្មែរ និង​ផលិតផល​ខ្មែរ​ជា​ច្រើន​ប្រភេទ​ផង​ដែរ​ ។

កម្មវិធី​សង្ក្រាន្ត បាន​ផ្ដួចផ្ដើម​ឱ្យ​មានការ​លេងល្បែង​ប្រជាប្រិយ​ដ៏​សម្បូរ​បែប​របស់​ខ្មែរ​ដែល​រួម​មាន បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង និង​ការ​បង្ហាញ​នូវ​ផ្ទាំងទស្សនីយភាព​របាំ​ជូនពរ របាំ​ត្រុដិ ការ​សម្តែង​ផ្សេង​ៗ ព្រមទាំង​ការ​ប្រគុំ​តន្ត្រី និង​រាំ​លេង​កម្សាន្ត ដែល​សម្តែង​ដោយ​តារាចម្រៀង​និង​តារា​សម្តែង​ល្បី​ៗ​ជា​ច្រើន​រូប​មក​ពី​ប្រទេស​កម្ពុជា ​។

ក្នុង​ឱកាស​នោះ​ដែរ ក្រុមការងារ​រៀបចំ បាន​លើក​ឡើង​ពី​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សង្ក្រាន្ត​ខ្មែរ​នៅ​ថៃ និង​បាន​ពាំនាំ​នូវ​សេចក្ដី​នឹករលឹក ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សព្ទសាធុការពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ពី​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា​នៅ​ក្នុង​ប្រទេស​ថៃ​ទាំងអស់​ ៕ អត្ថបទសហការ