រាជធានីភ្នំពេញ ៖ នៅពេលកូនកាន់តែធំឡើងពួកគេទំនងជាចំណាយពេលវេលាលើអ៊ីនធឺណិតកាន់តែច្រើន ។ មានរឿងវិជ្ជមានជាច្រើនអំពីការមានអ៊ីនធឺណិត ដូចជាការបន្តទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ការសិក្សាស្រាវជ្រាវ ការស្វែងរកចំណាប់អារម្មណ៍ និងជាផ្នែកមួយនៃសហគមន៍ ។ ប៉ុន្តែវាមិនមែនតែងតែជាបទពិសោធន៍ប្រកបដោយសុវត្ថិភាព និងវិជ្ជមានសម្រាប់កុមារនោះទេ ។ ខាងក្រោមនេះ គឺជារបៀបដែលអ្នកអាចជួយកូនរបស់អ្នកឱ្យសម្រេចបាននូវអ្វីដែលល្អទាំងអស់ដែលអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលផ្តល់ជូន ខណៈពេលដែលអាចការពារពួកគេពីគ្រោះថ្នាក់ដែលអាចកើតមាន ៖
១. កំណត់ច្បាប់មូលដ្ឋានច្បាស់លាស់ ៖ ជជែកគ្នាដោយស្មោះត្រង់ជាមួយកូនរបស់អ្នកអំពីប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គម ។ ពន្យល់ពួកគេថា តើនរណាអាចឃើញអ្វីដែលពួកគេបង្ហោះតាមអ៊ីនធឺណិត ហើយអ្វីក៏ដោយដូចជារូបភាព វីដេអូ មតិយោបល់ ដែលពួកគេចែករំលែកជាមួយអ្នកដទៃនឹងបន្សល់ទុកនូវព័ត៌មានអំពីពួកគេ ។ ប្រសិនបើកូនរបស់អ្នកជួបរឿងអ្វីមួយ ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនសប្បាយចិត្ត មិនស្រួល ឬភ័យខ្លាច សូមលើកទឹកចិត្តឱ្យពួកគេប្រាប់អ្នក ឬមនុស្សពេញវ័យដែលគួរឱ្យទុកចិត្តភ្លាមៗ ។ ឱ្យកូនគិតមុនពេលបង្ហោះ ។ គិតពីរដង មុនពេលបង្ហោះអ្វីនៅលើអ៊ីនធឺណិត ជាពិសេសប្រសិនបើពួកគេខឹង ឬអន់ចិត្ត ។
២. ប្រើបច្ចេកវិទ្យាដើម្បីការពារពួកគេ ៖ ពិនិត្យមើលថា ឧបករណ៍របស់កូនអ្នកតែងតែត្រូវបានអាប់ដេត និងមានសុវត្ថិភាព ហើយការកំណត់ឯកជនភាពត្រូវបានបើក និងកំណត់រចនាសម្ព័ន្ធដើម្បីកាត់បន្ថយការប្រមូលទិន្នន័យ ដូច្នេះអ្នកដទៃមិនឃើញព័ត៌មានណាមួយដែលអ្នកមិនចង់ឱ្យពួកគេឃើញនោះទេ ។ ពន្យល់កូនឱ្យរៀនរក្សាព័ត៌មានផ្ទាល់ខ្លួនជាឯកជន ។ ពន្យល់ប្រាប់កូនកុំឱ្យចេះតែចុះឈ្មោះក្នុង website ឬបញ្ជូនរូបភាព ឬព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ ។ ជាពិសេស សូមប្រយ័ត្នចំពោះធនធានអនឡាញឥតគិតថ្លៃ រួមទាំងការអប់រំផងដែរ ។
៣. ចំណាយពេលជាមួយកូនលើអ៊ីនធឺណិត ៖ បង្កើតឱកាសសម្រាប់កូនរបស់អ្នកក្នុងការប្រើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងវិជ្ជមានជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងអ្នក ។ ជួយកូនរបស់អ្នកឱ្យស្គាល់ និងជៀសវាងព័ត៌មានមិនពិត ខ្លឹមសារមិនសមរម្យតាមអាយុ ការផ្សាយពាណិជ្ជកម្មបោកប្រាស់ និងខ្លឹមសារដែលអាចបង្កឱ្យមានការថប់បារម្ភ ឬគ្រោះថ្នាក់ផ្សេងទៀត ។ ណែនាំពួកគេទៅកាន់ប្រភពព័ត៌មានដែលគួរឱ្យទុកចិត្ត ។ ចូរចំណាយពេលជាមួយកូនរបស់អ្នក ដើម្បីពិនិត្យកម្មវិធី ហ្គេម និងការកម្សាន្តតាមអ៊ីនធឺណិតដែលកូនអ្នកមើល ។
៤. ធ្វើជាគំរូអនឡាញដែលមានសុខភាពល្អ ៖ លើកកម្ពស់អាកប្បកិរិយាវិជ្ជមានលើអ៊ីនធឺណិត ដោយអនុវត្តវាដោយខ្លួនឯង ។ លើកទឹកចិត្តកូនរបស់អ្នកឱ្យមានសន្តានចិត្តល្អតាមអ៊ីនធឺណិត និងគាំទ្រមិត្តភ័ក្តិ និងក្រុមគ្រួសារដោយការផ្ញើសារវិជ្ជមាន ឬរូបភាពលើកទឹកចិត្ត និងក្តីស្រឡាញ់ជាដើម ។ ប្រសិនបើពួកគេមានថ្នាក់រៀនតាមអ៊ីនធឺណិត សូមលើកទឹកចិត្តពួកគេឱ្យគោរពអ្នកដទៃ និងចងចាំនូវអ្វីដែលអាចមើលឃើញនៅលើកាមេរ៉ា ដើម្បីរក្សាភាពឯកជន ។
៥. អនុញ្ញាតឱ្យពួកគេមានភាពសប្បាយរីករាយ និងបង្ហាញពីខ្លួនឯង ៖ ការចំណាយពេលវេលាលើអ៊ីនធឺណិតអាចជាឱកាសដ៏ល្អសម្រាប់កូនរបស់អ្នកក្នុងការច្នៃប្រឌិត រៀនសូត្រ ប្រើសំឡេងរបស់ពួកគេដើម្បីចែករំលែកទស្សនៈ និងការគាំទ្រដែលមានសារៈសំខាន់សម្រាប់ពួកគេ ។ លើកទឹកចិត្តកូនរបស់អ្នកឱ្យប្រើធនធានល្អៗនៅលើអ៊ីនធឺណិត ដើម្បីជួយពួកគេក្រោកឡើង និងធ្វើចលនា ដូចជាវីដេអូលំហាត់ប្រាណ និងវីដេអូហ្គេមដែលទាមទារចលនារាងកាយជាដើម ៕ ប្រភព ៖ unicef
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ កម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេស ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតា សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរ បែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ