ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​៖ គម្រោង​របស់​ទីស្នាក់ការ​កណ្តាល JICA និង​អង្គការ ILO នឹង​បង្កើត​ឱ្យ​មាន​យន្តការ​គាំពារ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលករ​ទេសន្តរប្រវេសន៍ នៅ​ក្នុង​ប្រទេស​ជប៉ុន កាន់តែ​ប្រសើរ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ការ​គាំទ្រ​លើ​គម្រោង​របស់​ទីស្នាក់ការ​កណ្តាល JICA និង​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ការ​គាំទ្រ​លើ​គម្រោង​របស់​ទីស្នាក់ការ​កណ្តាល JICA និង​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ROAP, ILO) ក្នុង​ការ​បង្កើត​ឱ្យ​មាន​យន្តការ​គាំពារ និង​ដោះស្រាយ​បញ្ហា និង​ការ​ប្រឈម​របស់​ពលករ​ទេសន្តរប្រវេសន៍ នៅ​ក្នុង​ប្រទេស​ជប៉ុន ​។

ការ​បង្ហាញ​ការ​គាំទ្រ​ដូចនេះ ក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA) និង​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ROAP, ILO) ដែល​ដឹកនាំ​គណៈប្រតិភូ​ដោយ​លោក កេ​នី​ឆី ស៊ី​ស៊ី​ដូ (Kenichi SHISHIDO) ជំនួយការ​ពិសេស​របស់​ប្រធាន​ទីស្នាក់ការ​កណ្តាល JICA ​។

ក្នុង​ជំនួប​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ហេង សួរ បាន​គូសបញ្ជាក់​ថា គម្រោង​ក្នុង​ការ​បង្កើត​ឱ្យ​មាន​យន្តការ​គាំពារ និង​ដោះស្រាយ​បញ្ហា និង​ការ​ប្រឈម​របស់​ពលករ​ទេសន្តរប្រវេសន៍​នៅ​ក្នុង​ប្រទេស​ជប៉ុន​នេះ ពិតជា​មាន​សារៈសំខាន់​ដើម្បី​ជំរុញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​បញ្ជូន​ពលករ និង​ប្រទេស​ទទួល​ពលករ​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ប្រទេស​ជប៉ុន​នៅ​តែ​ជា​ទិស​ដៅ​មួយ ដែល​ពលករ​កម្ពុជា​ចង់ទៅ​ធ្វើការ ខណៈ​ដែល​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ខ្ពស់ រួម​និង​ទទួល​បាន​ជំនាញ និង​បច្ចេកទេស​ការងារ​ខ្ពស់​ផង​ដែរ​។ ដូចនេះ ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា​តាម​រយៈ​គម្រោង​នេះ នឹង​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ និង​ស្វែង​យល់​ពី​គ្នា​កាន់តែ​ប្រសើរ ជា​ពិសេស​អំពី​ច្បាប់​ការងារ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​ជប៉ុន សម្រាប់​ភ្នាក់ងារ​ជ្រើសរើស​កម្មសិក្សាការី និង​ពលករ​ជំនាញ​កម្ពុជា និង​ភាគី​ជប៉ុន​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ ។

ជា​ការ​ឆ្លើយ​តប លោក កេ​នី​ឆី ស៊ី​ស៊ី​ដូ (Kenichi SHISHIDO) បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​នៃ​ប្រទេស​កម្ពុជា​លើ​គម្រោង​នេះ ដែល​នឹង​ជួយ​ជំរុញ​ការ​គាំពារ​កាន់តែ​ប្រសើរ ​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ នៅ​ក្នុង​ប្រទេស​ជប៉ុន ជា​ពិសេស​ការ​ស្វែង​យល់​រវាង​គ្នា​ កាន់តែ​ប្រសើរ​រវាង​ប្រទេស​បញ្ជូន​ពលករ និង​ប្រទេស​ទទួល​ពលករ​ ៕ អត្ថបទសហការ