ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យក្រសួងការងារជំរុញនិយោជកពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនៅតាមសហគ្រាស គ្រឹះស្ថាន

3 ថ្ងៃ មុន

ភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ជំរុញ​និយោជក​ទាំងអស់…

ភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ជំរុញ​និយោជក​ទាំងអស់ ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិធានការ​បង្ការ​អគ្គិភ័យ និង​វិធានការ​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន នៅ​ទូ​ទាំង​ប្រទេស ។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​ជំរុញ​បែប​នេះ បន្ទាប់​ពី​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​សង្កេត​ឃើញ​មាន​ករណី​អគ្គិភ័យ​កើតឡើង​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត និង​ដំណើរការ​អាជីវកម្ម សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​អំពាវនាវ​ដល់​និយោជក ម្ចាស់​រោងចក្រ សហគ្រាស ទាំងអស់ ត្រូវ​អនុវត្ត​នូវ​វិធានការ​បង្ការ​ទប់ស្កាត់​ឧបទ្ទវហេតុ​អគ្គិភ័យ ដូច​ខាងក្រោម​៖

ទី​១. អនុវត្ត​តាម​ស្តង់ដារ​អគ្គិភ័យ​ដែល​កំណត់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច
ទី​២. បំពាក់​ប្រព័ន្ធ​ផ្តល់​សញ្ញា​អគ្គិភ័យ (fire alarm) និង​ប្រព័ន្ធ​ផ្សេង​ៗ​ដែល​អាច​ដឹង​ពី​ភ្លើង​ឆេះ​បាន
ទី​៣. ដំឡើង​ឧបករណ៍​ពន្លត់​អគ្គិភ័យ (fire extinguisher) នៅ​តំបន់​ដែល​ងាយ​រង​ការ​ឆាបឆេះ
ទី​៤. រៀបចំ​ប្រព័ន្ធ​បា.ញ់​ទឹក (sprinkler system) និង​ប្រព័ន្ធ​ផ្សេង​ៗ​ដែល​អាច​ទប់ស្កាត់​អគ្គិភ័យ​បាន​ទាន់​ពេលវេលា
ទី​៥. ធ្វើ​ត្រួតពិនិត្យ​ជា​ប្រចាំ​លើ​ខ្សែភ្លើង និង​ឧបករណ៍​អគ្គិសនី ដើម្បី​ធានា​ថា ឧបករណ៍​អគ្គិសនី​មានគុណ​ភាពល្អ
ទី​៦. បង្រៀន​បុគ្គលិក​អំពី​វិធានការ​ទប់ស្កាត់​អគ្គិភ័យ និង​វិធី​ប្រើ​ឧបករណ៍​ពន្លត់​អគ្គិភ័យ
ទី​៧. រៀបចំ​ការ​អនុវត្ត​សកម្មភាព​អន្តរាគមន៍​ពេល​មាន​អគ្គិភ័យ (fire drill) ជា​ប្រចាំ
ទី​៨. រៀបចំ​សម្ភារៈ​ដែល​ងាយ​ឆាបឆេះ​ទុក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព
ទី​៩. ធានា​ថា មាន​ផ្លូវ​ចេញ​ឆាប់រហ័ស​នៅ​តំបន់​ផ្សេង​ៗ​ក្នុង​រោងចក្រ សហគ្រាស​សម្រាប់​ការ​បញ្ចេញ​បុគ្គលិក​ពេល​មាន​គ្រោះ​អគ្គិភ័យ
ទី​១០. មាន​ប្រព័ន្ធ​សំឡេង​រោទ៍​អគ្គិភ័យ ដើម្បី​ជូនដំណឹង​ឱ្យ​បុគ្គលិក​ចាកចេញ​ឱ្យទាន់​ពេល​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋលេខាធិការ បាន​ក្រើនរំលឹក​សា​ជា​ថ្មី​ដល់​កម្មករនិយោជិត​ត្រូវ​ចូលរួម​អនុវត្ត​ដូច​ជា មិន​ត្រូវ​ប៉ះពាល់​ខ្សែបណ្តាញ​អគ្គិសនី​នាំ​ឱ្យ​រង​គ្រោះ និង​មិន​ត្រូវ​ដោត​ឧបករណ៍​ច្រើន​ពេក ក្នុង​ឧបករណ៍​ភ្លើង​តែ​មួយ​, ពិនិត្យ និង​ថែរក្សា​បណ្តាញ​ភ្លើង​ជា​ទៀងទាត់ ដើម្បី​កុំឱ្យ​មានការ​រលុង ឬ​ខូចខាត​, បិទ​ឧបករណ៍​អគ្គិសនី​ក្រោយ​ពេល​ប្រើប្រាស់ និង​មិន​ទុក​ឱ្យ​ម៉ាស៊ីន​ដំណើរការ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​, រក្សា​ទុក​សារធាតុ​ផ្ទុះ ឬ​ឆេះឆាប​ឱ្យ​បាន​ត្រឹមត្រូវ និង​នៅ​ក្នុង​កន្លែង​មាន​សុវត្ថិភាព​, ត្រូវ​រៀន​វិធី​ប្រើ​ឧបករណ៍​បា.ញ់​ពន្លត់អគ្គីភ័យ​, សម្អាត​ធូលី ឬ​សំណល់​សារធាតុ​ងាយ​ឆេះ​ជា​ទៀងទាត់​, គ្រប់គ្រង​ផ្លូវ​ចេញចូល​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ករណី​មាន​ហានិភ័យ​, រៀន​អំពី​ផែនការ​ចេញ​ឆាប់រហ័ស​ក្នុង​ករណី​មាន​អគ្គិភ័យ ។

ក្នុង​ករណី មានការ​ចាប់អារម្មណ៍​ថា មាន​អ្វី​មិន​ប្រក្រតី​ដូច​ជា ធូលី​ច្រើន​, ក្លិន​ឆ្អើរ​, ឧបករណ៍​អគ្គិសនី​ខូច​ជាដើម ត្រូវ​រាយការណ៍​ទៅ​អ្នកគ្រប់គ្រង​ភ្លាម​ៗ និង​ចូលរួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​អគ្គិភ័យ​ដោយ​ការពារ​តាម​ស្តង់ដារ​សុវត្ថិភាព ៕