ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​៖ គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​ ឆ្នាំ​២០២៥ ចំនួន ៤​ចំនុច

2 ថ្ងៃ មុន

រាជ​ធានីភ្នំពេញ​៖ នៅ​រសៀល ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជ​ធានីភ្នំពេញ​៖ នៅ​រសៀល ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​ទាំង​វត្តមាន​របស់​តំណាង​ក្រសួង​ស្ថាប័ន​នានា​, តំណាង​វិស័យ​ឯកជន​, នាយក​នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​, និង​បណ្តា​ថ្នាក់ដឹកនាំ​សហជីព ផង​ដែរ​ ។

កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល ដែល​រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ពេល​នេះ ក្នុង​គោលបំណង​ណែនាំ​សមាសភាព​ថ្មី​, បង្ហាញ​ពី​តួនាទី​ភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​, រៀបចំ​កែសម្រួល​គណៈកម្មការ​ប្រតិបត្តិ​, បង្ហាញ​ពី​យន្តការ​អនុវត្ត​ការ​វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព​ទទួលស្គាល់​ការ​សិក្សា​ដែល​មាន​ពី​មុន និង​ការ​ទទួលស្គាល់​សមត្ថភាព​បច្ចុប្បន្ន (RPL/RCC) និង​ពិភាក្សា​ពី​យន្តការ​ពង្រឹង​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល (NTB) ​។

ឯកឧត្តម ហេង សួរ បាន​គូសបញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ ដោយ​ទី​១. បន្ត​កែសម្រួល​សមាសភាព​គណៈកម្មការ​ចំណុះ និង​លេខាធិការដ្ឋាន​, ទី​២. ជំរុញ​ឱ្យ​មាន​ផែនការ​ប្រតិបត្តិ និង​ផែនការ​ថវិកា​សម្រាប់​ដំណើរការ និង​របប​ប្រជុំ​ជាក់លាក់​ទាំង​គណៈកម្មាធិការ​ជាតិ គណៈកម្មការ​ចំណុះ និង​លេខាធិការដ្ឋាន និង​មានការ​គាំទ្រ​ថវិកា​សម្រាប់​ដំណើរការ​, ទី​៣. បន្ត​រៀបចំ​ប្រជុំ​ពិនិត្យ និង​អនុម័ត​ឯកសារ​គតិ​យុ​ត្ត​តាម​ការ​ស្នើ​សុំ​របស់​គណៈកម្មការ​ចំណុះ​, និង​ទី​៤. បន្ត​ចូលរួម​ផ្តល់​ធាតុ​ចូល និង​ពិនិត្យ​សម្រេច​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត គោលនយោបាយ​ជាតិ អ​.​ប​.​វ​. ឆ្នាំ​២០២៥-២០២៧ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​មិន​មាន​ដល់​កម្រិត​ឧត្តម​សិក្សា​(PhD) នោះ​ទេ ពីព្រោះ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​គឺ​សំដៅលើ​ការ​បណ្តុះបណ្តាល​រយៈពេល​ខ្លី ជា​ស្ពាន​ចម្លង​ពលរដ្ឋ​ទៅ​រក​ពិភព​ការងារ​លឿន បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល សូម​បន្ត​បេសកកម្ម​បន្ត​ទៀត ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ជាតិ​ ៕ អត្ថបទសហការ