រាជធានីភ្នំពេញ៖ កម្មករនិយោជិតដែលកំពុងធ្វើការ នៅក្នុងរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ បានលើកឡើងថា ប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជាពិសេសបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាភាពកក់ក្តៅ សម្រាប់ពួកគាត់ ដោយ ប.ស.ស. ដើរតួនាទីយ៉ាងសំខាន់ នៅ ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ ។ ជារួម កម្មករនិយោជិតមើលឃើញថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត មិនត្រឹមតែនៅក្នុងកន្លែងធ្វើការ រោងចក្រ សហគ្រាសប៉ុណ្ណោះទេ ថែមទាំងគិតគូរពីការគាំពារផ្សេងសម្រាប់ការរស់នៅរបស់ពួកគេផងដែរ ។
លោកស្រី សុខ វិច្ឆិកា ជាកម្មរោងចក្រស្នាក់នៅក្នុងតំបន់ សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ លើសុខទុក្ខរបស់កម្មករនិយោជិត ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតមកដល់ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
កម្មការិនីរូបនេះបានគូសបញ្ជាក់ថា ក្នុងចំណោមអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាល បានគិតគូរជូនកម្មករនិយោជិត មានដូចជាគោលនយោបាយលើការគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. ដែលរួមមានទាំងផ្នែកថែទាំសុខភាព ផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកសោធននិវត្តន៍ ។ កម្មការិនីរូបនេះ ពេញចិត្តចំពោះប្រព័ន្ធគាំពារសង្គមនេះ ដែលជាភាពកក់ក្តៅសម្រាប់ខ្លួន និងក្រុមគ្រួសារ ដោយកន្លងមកខ្លួនធ្លាប់បានប្រើប្រាស់បណ្ណ ប.ស.ស. ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យ គឺពុំមានការចំណាយលើថ្លៃ សេវាព្យាបាលនោះទេ ក្រៅតែពីការចំណាយលើថ្លៃហូបចុកបន្តិចបន្តួចអំឡុងពេលសម្រាក នៅមន្ទីរពេទ្យនៅពេលនោះ ។ ចាប់តាំងពីមានបណ្ណប.ស.ស. មក កម្មការិនីរូបនេះបញ្ជាក់ថា នៅក្នុងក្រុមគ្រួសាររបស់គាត់មានភាពធូរស្រាលច្រើនលើការចំណាយថ្លៃសេវាព្យាបាលជំងឺ ហើយអាចសន្សំប្រាក់បានមួយផ្នែកពីការថែទាំសុខភាព ។
ដោយឡែក លោកស្រី ខា ចំប៉ី ជាកម្មការិនីរោងចក្រ និងកំពុងស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា មើលឃើញថា តាមរយៈអត្ថប្រយោជន៍ជាច្រើន ដែលរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនិយោជិតរហូតពេលនេះមិនថាតែ ប.ស.ស. និងអត្ថប្រយោជន៍ដ៏ទៃទៀតទេ គឺបានបង្ហាញឱ្យយ៉ាងច្បាស់លើការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំមកលើបងប្អូនកម្មករនិយោជិត។ កម្មការិនីរូបនេះមានការសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់ពួកគាត់ ។
កម្មការិនីរូបនេះយល់ថា ប.ស.ស. ជាខែលការពារដែលអាចផ្តល់ភាពកក់ក្តៅជូនកម្មករនិយោជិតនៅពេលមានជំងឺឈឺថ្កាត់ណាមួយកើតឡើង ។ កម្មករនិយោជិត ពុំមានការព្រួយបារម្ភ ក្នុងការចំណាយលើថ្លៃព្យាបាលជំងឺ ហើយតាមរយៈនេះផងដែរអាចលើកទឹកចិត្ត ឱ្យកម្មករនិយោជិតមានលទ្ធភាព ក្នុងការតាមដានសុខភាពរបស់ខ្លួន ជាប្រចាំផងដែរ ។ ដែលទាំងនេះគឺជាអ្វីដែលកម្មករនិយោជិតចង់បានបំផុត ។
ទន្ទឹមនេះ កម្មករនិយោជិតមានភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលឃើញវត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសាកសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់ នៅតាមកន្លែងស្នាក់នៅ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី ថែមទាំងបានលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិត ដែលមានសមាជិក្រុមគ្រួសារជាយុវជន អាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឬហៅថា TVET ១,៥លាននាក់ ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលផ្តល់ជូន ការបណ្តុះបណ្តាលឥតគិតថ្លៃ និងឆាប់ទទួលបានជំនាញច្បាស់លាស់ដើម្បីអាចប្រកបការងារ និងរកប្រាក់ចំណូលជួយក្រុមគ្រួសារបន្ថែមផងដែរ ៕ អត្ថបទសហការ
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ