ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព និង​អ្នកជំនាញ​នៅ​កម្ពុជា​គាំទ្រ​យ៉ាងពេញទំហឹង ​ចំពោះ​ការ​ដាក់​ប្រើប្រាស់ QR Code បណ្តឹង​អនាមិក ​សម្រាប់​ប្តឹង​ពី​ភាព​មិន​ប្រក្រតីណាមួយ​នៅ​កន្លែងធ្វើការ

3 អាទិត្យ មុន

​រាជធានីភ្នំពេញ​ ៖ បណ្តា​ក្រុម​សហជីព និង​អ្នកជំនាញ​នៅ​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ការ​ដាក់​ឱ្យ​អនុវត្តន៍ QR Code បណ្តឹង​អនាមិក របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ឱ្យ​សាធារណៈជន និង​កម្មករនិយោជិត​ធ្វើការ​ប្តឹង…

​រាជធានីភ្នំពេញ​ ៖ បណ្តា​ក្រុម​សហជីព និង​អ្នកជំនាញ​នៅ​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ការ​ដាក់​ឱ្យ​អនុវត្តន៍ QR Code បណ្តឹង​អនាមិក របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ឱ្យ​សាធារណៈជន និង​កម្មករនិយោជិត​ធ្វើការ​ប្តឹង និង​រាយការណ៍​ភាព​មិន​ប្រក្រតី​ណាមួយ ​នៅ​កន្លែងធ្វើការ​មក​កាន់​ក្រសួង​ការងារ ​ដើម្បី​ធ្វើ​កិច្ច​អន្តរ​គម​ន៍​ ។

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ថា ក្រសួង​ការងារ​នឹង​ដាក់​ឱ្យ​អនុវត្ត QR Code បណ្តឹង​អនាមិក ដែល​ជា​យន្តការ​ថ្មី​មួយ​សម្រាប់​អនុញ្ញាត​ឱ្យ​សាធារណជន ក៏​ដូច​ជា​កម្មករនិយោជិត​អាច​ធ្វើការ​ប្តឹង ឬ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​វិស័យ​ការងារ​មក​កាន់​ក្រសួង​ការងា​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​។ កម្មវិធី QR Code បណ្តឹង​អនាមិក​មួយ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​តាម​ទី​សាធារណៈ និង​រោងចក្រ​សហគ្រាស​នានា ​។

លោក ហ្វា សាលី​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ ​បាន​លើក​ឡើង​ថា ការ​ដាក់​ឱ្យ​អនុវត្ត QR Code បណ្តឹង​អនាមិក​របស់​ក្រសួង​ការងារ​គឺជា​យន្តការ​ថ្មីស្រឡាង​មួយ​សម្រាប់​ឱ្យ​បងប្អូន​កម្មករនិយោជិត​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ ឧស្សាហកម្ម ធ្វើការ​ប្តឹង​សុំ​កិច្ច​អន្តរាគមន៍​មក​កាន់​ក្រសួង​ការងារ ប្រសិនបើ​ខ្លួន​ប្រទះ​នឹង​ភាព​មិន​ប្រក្រតី​ណាមួយ​នៅ​កន្លែងធ្វើការ​របស់​ខ្លួន ​។

ប្រធាន​សហជីព​រូប​នេះ​មើលឃើញ​ថា QR Code បណ្តឹង​អនាមិក​របស់​ក្រសួង​ការងារ​គឺជា​ការ​លើកកម្ពស់​សិទ្ធិ និង​រក្សា​ឧត្តម​ប្រយោជន៍​របស់​បងប្អូន​កម្មករនិយោជិត ពីព្រោះ​វា​ជា​យន្តការ​ដ៏​សុវត្ថិភាព​មួយ​នៅ​ពេល​ដែល​កម្មករនិយោជិត​ទទួល​ការ​រំលោ.ភ​បំពាន មានការ​រំលោ.ភច្បាប់​ពី​សំណាក់​និយោជក​លើ​អត្ថប្រយោជន៍​ផ្សេង​ៗ នោះ​ពួក​គេ​អាច​ធ្វើការ​រាយការណ៍ និង​ប្តឹង​មក​កាន់​ក្រសួង​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លឿន​ឆាប់រហ័ស ជា​ពិសេស​នោះ QR Code បណ្តឹង​អនាមិក​មានការ​រក្សា​ឯកជន​ភាព ដោយ​មិន​បញ្ចេញ​ឈ្មោះ​បុគ្គល​ជា​ម្ចាស់​បណ្តឹង​នោះ​ទេ​ ។

លោក ហ្វា សាលី​ ​ក៏​លើក​ឡើង​ដែរ​ថា ការ​ដាក់​ឱ្យ​អនុវត្ត QR Code បណ្តឹង​អនាមិក គឺជា​ការ​យកចិត្តទុកដាក់​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ការងារ​ជា​សេនាធិការ​មក​លើ​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត​។​  ក្នុង​នាម​ជា​មេដឹកនាំ​សហជីព​មួយ​រូប​នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​បងប្អូន​កម្មករនិយោជិត​យល់​ដឹង​ឱ្យ​កាន់តែ​ច្បាស់​លើ​ការ​ប្រើប្រាស់ QR Code បណ្តឹង​អនាមិក របស់​រាជរដ្ឋាភិបាល​មួយ​នេះ​ ។

ទន្ទឹម​នឹង​នេះ លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង ជា​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ដាក់​ឱ្យ​អនុវត្ត​ QR Cord បណ្តឹង​អនាមិក​នេះ​គឺជា​យន្តការ​រុញ​សុខទុក្ខ​បងប្អូន​កម្មករនិយោជិត​មក​ឱ្យ​កាន់តែ​ជិត​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រសួង​សមី ដើម្បី​រាយការណ៍ និង​ប្តឹង​ចំពោះ​ការ​មិន​សុខចិត្ត ការ​រំលោ.ភ​បំពាន​ណាមួយ​ដែល​ធ្វើ​ឱ្យ​ខ្លួន​បាត់បង់​អត្ថប្រយោជន៍ និង​ប៉ះពាល់​ទៅ​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ពួក​គេ​។ យន្តការ​មួយ​នេះ​គឺ​សុទ្ធសឹងតែ​ជា​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​កម្មករនិយោជិត និង​ពលរដ្ឋ​ទូទៅ​និយាយ​ដោយឡែក ​។

លោក​បណ្ឌិត​រូប​នេះ​បាន​កត់​សម្គាល់ថា QR Code បណ្តឹង​អនាមិក​គឺ​ផ្តល់​សារសំខាន់​ជា​ច្រើន​ទៅ​ដល់​សាធារណជន និង​កម្មករនិយោជិត ទី​១ ចំណាយ​ពេលវេលា​លឿន​ក្នុង​ការ​រាយការណ៍ និង​ប្តឹង ដោយ​មិន​ចាំបាច់​មាន​លាយលក្ខណ៍អក្ស និង​ឆ្លងកាត់​នីតិវិធី​វែង​ឆ្ងាយ​, ទី​២ ពាក្យបណ្តឹង និង​ការ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ណាមួយ​មិន​មានការ​រារាំង ហើយនឹង​ទៅ​ដល់​ដៃ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ដែល​ទទួលខុសត្រូវ និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​, ទី​៣ ពាក្យបណ្តឹង​មាន​ភាព​ឯកជន​ខ្ពស់ ពោល​មិន​មានការ​បញ្ចេញ​ឈ្មោះ​ម្ចាស់​បណ្តឹង ​។

ទន្ទឹម​នឹង​នេះ ប្រសិនបើ​សាធារណជន ក៏​ដូច​ជា​កម្មករនិយោជិត​មាន​ច​ម្ង​ល់​ណាមួយ​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សូម​ធ្វើការ​ទំនាក់ទំនង​មក​កាន់​ប្រព័ន្ធ​ទូរ​សព្ទ Hotline ឥត​គិតថ្លៃ លេខ ១២៨៦  ឬ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​៕ អត្ថបទសហការ