ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រយៈពេល​ ១ ​ឆ្នាំ​ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ TVET ១,៥​ លាន​នាក់ របស់​រាជរដ្ឋាភិបាល​បានបណ្តុះបណ្តាល​យុវជន​ជាង​ ៧ ​ម៉ឺ​ន​នាក់​នៅ​ទូ​ទាំងប្រទេស

2 ខែ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ចាប់តាំងពី​ថ្ងៃ​ទី ​១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ រហូត​មក​ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ​នេះ គឺ​មាន​រយៈពេល​ ១ ​ឆ្នាំ ដែល​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​មួយ​នេះទទួល​បាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​សរុប​ចំនួន​ជាង ៧៣០០០​ នាក់​ ។

បើ​តាម​ឯកឧត្តម​រដ្ឋលេខាធិការ​  ក្នុង​ចំណោម​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​សរុប ក្នុង​នោះ​ចំនួន​សិស្ស​បាន​បញ្ចប់​ការ​សិក្សា​មាន​ជាង ១៤០០០ ​នាក់ ​នៅ​ទូ​ទាំង​ប្រទេស ហើយ​យុវជន​ទាំងនោះ​បាន​ទទួល​ការងារ​ធ្វើ និង​មាន​ចំណូល​សមរម្យ​ ។

ឯកឧត្តម​ បានបញ្ជាក់​ថា យោង​តាម​លទ្ធផល​ក្នុង​រយៈពេល​មួយ​ឆ្នាំ កម្មវិធី​បណ្តុះបណ្តាល​នេះ​បាន​និង​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន​យ៉ាង​សកម្ម​នៅ​ទូ​ទាំង​ប្រទេស ហើយ​ទទួល​បាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ​។ ក្នុង​នោះ​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​នៅ​ទូ​ទាំង​ប្រទេស​ក៏​បាន​ប្រកាស​ជ្រើសរើស​យុវជន​ចូល​សិក្សា​ជំនាញ​ជា​បន្តបន្ទាប់​ផង​ដែរ​ ។

ឯកឧត្តម​ បន្ថែម​ថា ដើម្បី​កៀរគរ​យុវជន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​មួយ​នេះ​  ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ចុះ​ផ្សព្វផ្សាយ​ផ្ទាល់​ទៅ​ដល់​មូលដ្ឋាន​និង​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ចែក​ខិតប័ណ្ណ​តាម​ទីតាំង​សាធារណៈ​យ៉ាង​ផុសផុល ដើម្បី​កៀរគរ​យុវជន​គោលដៅ​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន ​។

ឯកឧត្តម លើក​ឡើង​ថា វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​លើ​ការ​ផលិត​មូលធន​មនុស្ស និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ ចំណេះដឹង សមត្ថភាព ការ​ប្រកួតប្រជែង​ខ្ពស់ មាន​ភាព​ធន់ បត់បែន អាច​ឆ្លើយ​តប​តាម​តម្រូវការ​នៃ​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​ធានា​ថា «​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» និង​អនុវត្ត​តាម​អភិក្រម​របស់ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺ «រៀន​ឱ្យ​ចប់ រៀន​ឱ្យ​ចេះ ឱ្យ​មានការ​ងារ​ធ្វើ​» ​។

ឯកឧត្តម ​បាន​អំពាវនាវ​ដល់​យុវជន​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សូម​រួសរាន់​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ដោយ​ឥត​បង់ថ្លៃ​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នានា ​។ ដោយឡែក យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ទទួល​បានការ​រៀន​ជំនាញ​ដោយ​ឥត​គិតថ្លៃ និង​ថែម​ទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ២៨ ០០០០ ​រៀល ផង​ដែរ​ ។

សម្រាប់​សាកសួរ​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មក​កាន់​ប្រព័ន្ធ​ទូរ​សព្ទ Hotline ឥត​គិតថ្លៃ លេខ ១២៨៦  ឬ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ៕ អត្ថបទសហការ