ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា-កូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​ឯកឧត្តម​ ​គី​ម…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​ឯកឧត្តម​ ​គី​ម ហាន​គី​ល (Kim Han-Gil) ប្រធាន​គណៈកម្មាធិការ​រួបរួម​ជាតិ​នៃ​ការិយាល័យ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ នា​រសៀល​ថ្ងៃ​ទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២៤​ ។ ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ពេល​នេះ​ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ រួម​និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ TVET នៅ​កម្ពុជា​ ។

ឯកឧត្តម ហេង សួរ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ជួយ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ ជា​ពិសេស​រដ្ឋាភិបាល​កូរ៉េ​បាន​ជួយ​កសាង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ដែល​ភាគច្រើន​ស្គាល់​ថា សាលា​កូរ៉េ ដែល​បាន​និង​កំពុង​បណ្តុះបណ្តាល​ធនធានមនុស្ស​ជា​ច្រើន លើ​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ ភាសា​កូរ៉េ ដោយ​មាន​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​នៃ​ប្រទេស​កូរ៉េ ផង​ដែរ​ ។ ទន្ទឹម​នេះ វិទ្យាស្ថាន NPIC ក៏​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន ហ៊ី​យ៉ា​ន់​ដាយ លើ​ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ជំនាញ​យានយន្ត ដែល​ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៀត​ផង ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ដែរ​ថា សាធារណរដ្ឋ​កូរ៉េ​ បាន​ក្លាយជា​ទិស​ដៅ​ដែល​ពលករ​កម្ពុជា​ចង់ទៅ​ធ្វើការ ដោយសារ​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ មានការ​គាំពារ​ពី​រដ្ឋាភិបាល​កូរ៉េ និង​អាច​ទទួល​បាន​ជំនាញ​ខ្ពស់​ពេល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​។ តាម​រយៈ​នៃ​សមិទ្ធផល​ទាំងនេះ បង្ហាញ​ថា​កម្ពុជា​-​កូរ៉េ មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​មិន​ត្រឹមតែ​រវាង​រដ្ឋ​ និង​រដ្ឋ ក្រសួង​ និង​ក្រសួង​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​លើ​វិស័យ​វប្បធម៌ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​ Kim Han-Gil បាន​ជម្រាប​ជូន​ថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ មាន​គោលនយោបាយ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​កាន់តែ​ច្រើន ជា​ពិសេស​កម្លាំង​ពលកម្ម​ជំនាញ​ខ្ពស់ ដែល​ចំណុច​នេះ ឯកឧត្តម រំពឹង​ថា ​កម្ពុជា​នឹង​អាច​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​កាន់តែ​ច្រើន ដើម្បី​ចូលរួម​បំពេញតម្រូវការ​ទៅ​តាម​កូតា​របស់​សាធារណរដ្ឋ​កូរ៉េ ​។ ឯកឧត្តម ក៏​លើកទឹកចិត្ត​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​បំពេញការងារ​នៅ​ប្រទេស​កូរ៉េ រៀន​ភាសា​កូរ៉េ​បន្ថែម​ទៀត​ផង​ដែរ​ ៕ អត្ថបទសហការ