ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ជួយ​កូន​របស់​អ្នក​បង្កើត​រូបរាង​កាយ​ដែល​មាន​សុខភាព​ល្អ !

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​រាង​កាយ​របស់​ក្មេង​ជំទង់​លូតលាស់ និង​ផ្លាស់​ប្តូរ ពួក​គេ​អាច​មាន​អារម្មណ៍​ដឹងខ្លួន និង​ព្រួយបារម្ភ​អំពី​សម្រស់ ទម្ងន់ និង​បញ្ហា​ផ្សេង​ទៀត ។ ពួក​គេ​អាច​ព្រួយបារម្ភ​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​រាង​កាយ​របស់​ក្មេង​ជំទង់​លូតលាស់ និង​ផ្លាស់​ប្តូរ ពួក​គេ​អាច​មាន​អារម្មណ៍​ដឹងខ្លួន និង​ព្រួយបារម្ភ​អំពី​សម្រស់ ទម្ងន់ និង​បញ្ហា​ផ្សេង​ទៀត ។ ពួក​គេ​អាច​ព្រួយបារម្ភ​ថា ពួក​គេ​ធាត់​ពេក ស្គម​ពេក ស​ពេក ខ្មៅ​ពេក ទាប​ពេក ឬ​ខ្ពស់​ពេក ។ ដំណឹង​ល្អ​គឺថា ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នកមាន​ឥ​ទិ្ធ​ពល​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត ដើម្បី​ជួយ​ក្មេង​ជំទង់​របស់​អ្នក​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​នៃ​ជីវិត​នេះ និង​បង្កើត​រូបភាព​ខ្លួនឯង​ជា​វិជ្ជមាន មិន​ថា​ទំហំ ឬ​រូបរាង​របស់​ពួក​គេ​បែប​ណា​នោះ​ទេ ។

១. ធ្វើ​ជា​គំរូ​ដ៏​ល្អ ៖ ក្មេង​ជំទង់​របស់​អ្នក​កំពុង​មើល​យ៉ាង​ដិត​ដល់​នូវ​របៀប​រស់នៅ ទម្លាប់​នៃ​ការ​ញ៉ាំ និង​អាកប្បកិរិយា​របស់​អ្នក ។ ចូរ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​អ្នក​ណែនាំ​កូន ហើយ​ធ្វើការ​ផ្លាស់​ប្តូរ​ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​អ្វី​ដែល​អ្នក​ឃើញ ។ អ្នក​អាច​ចាប់ផ្តើម​ហាត់ប្រាណ​ជា​ប្រចាំ ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ ឬ​បិទ​ទូរទស្សន៍ ហើយ​ធ្វើ​ចលនា​ជំនួស​វិញ ។ សូម​ចង​ចាំ​ថា កូន​របស់​អ្នក​នឹង​យក​គំរូ​តាម​អាកប្បកិរិយា​របស់​អ្នក​អំពី​រាង​កាយ​របស់​អ្នកផង​ដែរ ។ ដូច្នេះ​ប្រសិនបើ​អ្នក​តែងតែ​រអ៊ូ​អំពី​ទំហំ​ត្រគាក សម្បុរ​ខ្មៅ ឬ​សក់​ស្តើង​របស់​អ្នក ពួក​គេ​នឹង​រៀន​ផ្តោត​លើ​គុណវិបត្តិ ជំនួស​ឱ្យ​គុណសម្បត្តិ​របស់​ពួក​គេ​ដូច​គ្នា ។

២. រក្សា​ភាព​វិជ្ជមាន ៖ កុំ​មើលងាយ ឬ​និយាយ​លេងសើច​អំពី​រូបរាង​កាយ​កូន​របស់​អ្នក ។ មតិ និង​ការ​និយាយ​លេងសើច​របស់​អ្នក​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត ហើយ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ។ ផ្ទុយ​ទៅ​វិញ ចូរ​សរសើរ​ក្មេង​ជំទង់​របស់​អ្នក ហើយ​ប្រាប់​ពួក​គេ​ពី​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត ។ នៅ​ពេល​អ្នក​ផ្តល់​មតិយោបល់​វិជ្ជមាន អ្នក​កំពុង​បង្កើត​រូបភាព​រាង​កាយ​ដែល​មាន​សុខភាព​ល្អ ។ សូម​បន្ត​លើកទឹកចិត្ត​ដល់​ទម្លាប់​ដែល​មាន​សុខភាព​ល្អ​ផ្សេង​ទៀត ដូច​ជា​អនាម័យ​ផ្ទាល់ខ្លួន ឥរិយាបថ​ល្អ ទម្លាប់​នៃ​ការ​គេង​ឱ្យ​មាន​សុខភាព​ល្អ និង​ការ​បន្ធូរ​ភាព​តានតឹង ។ នៅ​ពេល​ឃើញ​ក្មេង​ជំទង់​របស់​អ្នក​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​លើ​សា​ឡុ​ង សូម​នាំ​ពួក​គេ​ចេញ​ទៅ​ដើរ​លេង រត់​ជាមួយ​គ្នា ឬ​ទៅ​កន្លែង​ហាត់ប្រាណ ។

៣. បង្រៀន​ក្មេង​ជំទង់​របស់​អ្នក​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ៖ ជួយ​កូនស្រី ឬ​កូនប្រុស​របស់​អ្នក​ឱ្យ​ចេះ​សង្ស័យ​អំពី​អ្វី​ដែល​ពួក​គេ​ឃើញ​នៅ​ក្នុង​ទស្សនាវដ្តី ទូរទស្សន៍ និង​នៅ​លើ​អ៊ីនធឺណិត ។ ត្រូវ​ប្រាកដ​ថា ក្មេង​ជំទង់​របស់​អ្នក​យល់​ពី​ការ​ផាត់មុខ ការ​កែ​រូបថត អ្នក​រចនា​ម៉ូ​ដ គ្រូបង្វឹក​ផ្ទាល់ខ្លួន ការ​វះកាត់​កែ​សម្ផស្ស និង​ល្បិច​ផ្សេង​ទៀត ដែល​ជំរុញ​ឧស្សាហកម្ម​សម្រស់ និង​វប្បធម៌​ល្បីល្បាញ ។

៤. បញ្ចូល​គុណភាព​ផ្សេង​ទៀត​លើ​រូបរាង ៖ សូម​គាំទ្រ​ទេព​កោសល្យ និង​ជំនាញ​ពិសេស​របស់​កូន​ដែល​មិន​ពាក់ព័ន្ធ​នឹង​រូបរាង​របស់​ពួក​គេ ដូច​ជា​តន្ត្រី កីឡា សិល្បៈ និង​សកម្មភាព​ស្ម័គ្រចិត្ត ។ ចូរ​បង្ហាញ​ចំណាប់អារម្មណ៍​លើ​ចំណង់​ចំណូលចិត្ត និង​ការ​ស្វែងរក​របស់​ពួក​គេ ។ សរសើរ​រឿង​ល្អ​ៗ​ដែល​អ្នក​ស្រឡាញ់​នៅ​លើ​ពួក​គេ ដូច​ជា​របៀប​ដែល​ពួក​គេ​អាច​ធ្វើ​ឱ្យ​អ្នក​សើច និង​ការ​ផ្តោតអារម្មណ៍​លើ​ការងារ​សាលា​ជាដើម ។

៥. ធ្វើ​ឱ្យ​គ្រួសារ​មាន​សុខភាព​ល្អ ៖ គ្រួសារ​ទាំងមូល​របស់​អ្នក​នឹង​មាន​សុខភាព​ល្អ​ជាង​មុន ប្រសិនបើ​អ្នក​មិន​ទុក​អាហារ​ឥតប្រយោជន៍​នៅ​ក្នុងផ្ទះ ចម្អិន​អាហារ​ដែល​មាន​ជីវជាតិ និង​ហាត់ប្រាណ​រាល់ថ្ងៃ ។ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ធ្វើ​វា​ទាំងអស់​ក្នុង​ពេល​តែ​មួយ ដើម្បី​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ។ ការ​ផ្លាស់​ប្តូរ​តូច​មួយ​អាច​ចាប់ផ្តើម​កសាង​ទំនុកចិត្ត​របស់​អ្នក និង​កូន​របស់​អ្នក​ឱ្យធ្វើ​ការ​ឆ្ពោះទៅ​រក​គោលដៅ​ធំ​ជាង​នេះ ។ ចាប់ផ្តើម​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​ពេល​យប់ ប្រសិនបើ​អ្នក​មិន​ទាន់​មាន ។ បន្ទាប់​មក ជំនួស​ឱ្យ​ការ​មើល​ទូរទស្សន៍ សូម​ណែនាំ​ការ​ដើរ​ជា​លក្ខណៈ​គ្រួសារ ៕ ប្រភព ៖ webmd

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕