ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ​ចុះ​ពិនិត្យ​វឌ្ឍនភាពគម្រោង​ពង្រីក​សមត្ថភាព​ស្រោចស្រព និងការពារ​ទឹកជំនន់​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែក​អូរ​ដំរីឆ្លង​-​ព្រែក​ថ្មី ខេត្តស្វាយរៀង

3 ខែ មុន

ខេត្តស្វាយរៀង​ ៖ នៅថ្ងៃ​ទី​ ៤ ខែកក្កដា ឆ្នាំ ​២០២៤ នេះ ឯកឧត្តម ថោ…

ខេត្តស្វាយរៀង​ ៖ នៅថ្ងៃ​ទី​ ៤ ខែកក្កដា ឆ្នាំ ​២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​ក្រសួង និង​មន្ទីរ រួម​ជាមួយ​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ស្តារ​ប្រឡាយ​មេ និង​ព្រែក​អូរ​ដំរី​ឆ្លង នៃ​គម្រោង​ពង្រីក​សមត្ថភាព​ស្រោចស្រព និង​ការពារ​ទឹកជំនន់​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែក​អូរ​ដំរី​ឆ្លង​-​ព្រែក​ថ្មី ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​ ។

សូម​ជម្រាប​ថា គម្រោង​ពង្រីក​សមត្ថភាព​ស្រោចស្រព និង​ការពារ​ទឹកជំនន់​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែក​អូរ​ដំរី​ឆ្លង​-​ព្រែក​ថ្មី ស្ថិត​នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ឃុំ​ថ្មី ឃុំ​រាជមន្ទីរ និង​ឃុំ​បន្ទាយ​ក្រាំង នៃ​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​ ។ បើ​គិត​មក​ដល់​ពេល​នេះ វឌ្ឍនភាព​គម្រោង​សម្រេច​បាន​ប្រមាណ ២០% ​។ ការងារ​សំខាន់​របស់​គម្រោង​រួម​មាន ​៖ ១) ​ស្តារ​ព្រែក​ធម្មជាតិ​អូរ​ដំរី​ឆ្លង​ប្រវែង ៨,២៨៧​គីឡូម៉ែត្រ, ២)​ ស្តារ​ព្រែក​ធម្មជាតិ​ព្រែក​ថ្មី​ប្រវែង ១២,៦០០ ​គីឡូម៉ែត្រ, ៣)​ ស្តារ​ប្រឡាយ​មេ​ប្រវែង ៤,៨៧៦ ​គីឡូម៉ែត្រ, ៤)​ កសាង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​អម​សងខាង​ព្រែក​អូរ​ដំរី​ឆ្លង ប្រឡាយ​មេ ព្រែក​ថ្មី, ៥)​ ជួសជុល​ និង​សាងសង់​ស្ពាន​ឆ្លង​ព្រែក​អូរ​ដំរី​ឆ្លង និង​ព្រែក​ថ្មី​ចំនួន ១០ ​កន្លែង, ៦)​ ជួល​ជុល​និង​សាងសង់​សំណង់​សិល្ប​ការ្យ​ត​ភ្ជាប់​ពី​ប្រឡាយ​មេ​ព្រែក​ថ្មី​ទៅ​ប្រឡាយ​ស្រោចស្រព​ចំនួន ៥០​កន្លែង និង ៧) ​សាងសង់​អគារ​សហគមន៍​សម្រាប់​ការ​គ្រប់គ្រង និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែក​អូរ​ដំរី​ឆ្លង​-​ព្រែក​ថ្មី​នេះ​គឺ​ក្នុង​គោលបំណង​បង្កើន​ប្រភព​ទឹក ដើម្បី​ធានា​សុវត្ថិភាព​សន្តិសុខ​ទឹក​សម្រាប់​ការ​ស្រោចស្រព​ក្នុង​តំបន់​បាន​គ្រប់​រដូវ​កាល​ប្រកបដោយ​ចីរភាព ព្រមទាំង​ជួយ​ការពារ​ទឹកជំនន់ ផ្គត់ផ្គង់​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ជា​ប្រភព​ទឹក​បន្ត​សម្រាប់​តំបន់​ដទៃ​ទៀត​ក្រៅពី​គម្រោង និង​បម្រើ​ឱ្យ​ការ​ប្រើប្រាស់​លើ​គ្រប់​វិស័យ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា ខ្នង​ប្រឡាយ និង​អូរ​ធម្មជាតិ​នឹង​ក្លាយជា​ផ្លូវ​គមនាគមន៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចរាចរណ៍​ដឹក​ជញ្ជូន​កសិផល​ក្នុង​តំបន់​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ព្រមទាំង​ជួយ​ពង្រឹង​ភាព​ធន់​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ រក្សា​បាន​នូវ​លំនឹង​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ​។

សូម​បញ្ជាក់​ថា គម្រោង​ពង្រីក​សមត្ថភាព​ស្រោចស្រព និង​ការពារ​ទឹកជំនន់​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែក​អូរ​ដំរី​ឆ្លង​-​ព្រែក​ថ្មី ត្រូវ​អនុវត្ត​រយៈពេល ១២ ​ខែ ចាប់ពី​ខែមិថុនា ឆ្នាំ ​២០២៤ ដល់​ខែមិថុនា ឆ្នាំ​២០២៥ មាន​សក្តានុពល​បង្កើន​ផ្ទៃដី​ស្រោចស្រព​បាន​ប្រមាណ ១៦ ២០០ ហិ​កតា និង​មាន​ប្រជាពលរដ្ឋ​ទទួលផល​ប្រមាណ ៣៧២៧ គ្រួសារ​ ៕ អត្ថបទសហការ