ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជជីវៈ​លើក​ទី​ ៧ នឹងលើកកម្ពស់គុណភាព គុណតម្លៃ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​ ១២ ខែមិថុនា ឆ្នាំ ​២០២៤​ នេះ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី…

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​ ១២ ខែមិថុនា ឆ្នាំ ​២០២៤​ នេះ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៧ ឆ្នាំ​ ២០២៤ ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ​»​ ។ សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ មានការ​អ​ញ្ញើញ​ចូលរួម​ជា​អធិបតីភាព ដោយ​ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​និង​វត្តមាន​ជា​វាគ្មិន​ដោយ ឯកឧត្តម​បណ្ឌិត ហ៊ីង ស៊ី​ដេ​ត អគ្គនាយក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឯកឧត្តម​បណ្ឌិត ប៊ុ​ន ភា​រិ​ន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង​លោក សាយ រតនៈ ប្រធាន​គ្រប់គ្រង​ការ​សិក្សា និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​)​ ។

ឯកឧត្តម កត្តា អ៊​ន លើក​ឡើង​ថា ទិវា​ជាតិ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព គុណ​តម្លៃ និង​កិត្តិនាម​នៃ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ តាម​រយៈ​ការ​ផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្ត​ទៅ​ដល់​សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែក​ឯកជន និង​សាធារណជន​ឱ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់ និង​ទូលំទូលាយ​អំពី​សារៈសំខាន់​នៃ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ព្រមទាំង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស​ ។

ឯកឧត្តម​រំពឹង​ថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​ ៧ ឆ្នាំ ​២០២៤ ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ » នៅ​ឆ្នាំ​នេះ​នឹង​មាន​អ្នកចូលរួម​លើស​ពី​ ៦ ​ម៉ឺន​នាក់ ដោយ​តាម​រយៈ​ទិវា​នេះ​នឹង​អាច​ផ្លាស់​ប្តូ​ផ្នត់គំនិត​របស់​សាធារណជន ជា​ពិសេស​យុវជន ពី​ការ​សិក្សា​វិទ្យាសាស្ត្រ​សង្គម មក​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដែល​ទីផ្សារ​ការងារ​មាន​តម្រូវការ​ខ្ពស់​នៅ​កម្ពុជា​ ។ បន្ថែម​ពី​នេះ ទិវា​ជាតិ​នេះ​នឹង​ពង្រឹង​កិច្ចសហការ​រវាង​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ទាំង ៣៧ នៅ​ទូ​ទាំង​ប្រទេស ក្នុង​ទិស​ដៅ​ស្រូប​ទាញ​យុវជន​គោលដៅ​មក​ចូល​រៀន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ឯកឧត្តម ហ៊ីង​ ​ស៊ី​ដេ​ត បាន​លើក​ឡើង​ថា ​ទិវា​ជាតិ​អប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី ​៧ ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ​» នៅ​ថ្ងៃ​ទី​ ១៥-១៦ ខែមិថុនា ឆ្នាំ​ ២០២៤ ចាប់ពី​ម៉ោង ៨:០០​ នាទី ដល់​ម៉ោង ២០:០០​ នាទី នៅ​មជ្ឈមណ្ឌល​ពិ​ពរ​ណ៍ និង​សន្និបាត​កោះ​ពេជ្រ នឹង​មានការ​តាំង​បង្ហាញ​ស្នាដៃ ឱកាស​សិក្សា​ជំនាញ ឱកាស​ការងារ ការ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព និង​មាន​ស្តង់​ពិ​ពរ​ណ៍​ចំនួន ១២៥ ដោយ​មានការ​ចូលរួម​ពី​ស្ថា​ប​ន័​ចំនួន ១០៤ ក្នុង​នោះ​មាន ក្រសួង ស្ថាប័ន គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ​៣៤ និង​ក្រុមហ៊ុន គ្រឹះស្ថាន​ឯកជន អង្គការ សមាគម និង​ដៃគូ​អភិវឌ្ឍន៍​ចំនួន ៧០ ព្រមទាំង​មាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​អប់រំ និង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ផ្សព្វផ្សាយ និង​ណែនាំ​អំពី​វិស័យ និង​មុខ​ជំនាញ​អាទិភាព​ដែល​ទីផ្សារ​កំពុង​មាន​តម្រូវការ​ខ្ពស់ និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កំពុងធ្វើការ​បណ្តុះបណ្តាល ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម កត្តា អ៊​ន អំពាវនាវ​ឱ្យ​យុវជន សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និង​ផ្នែក​ឯកជន ព្រមទាំង​សាធារណជន ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួល​បាន​ព័ត៌មាន​សំខាន់​ៗ ចំណេះដឹង​ថ្មី​ៗ ឱកាស​រៀន តេស្ដ​បញ្ជាក់​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស និង​ឱកាស​ទទួល​បានការ​ងារ​ធ្វើ​ ៕ អត្ថបទសហការ