ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សង្ក្រាន្ត​ខ្មែរ​នៅ​ជប៉ុន ​ដើម្បី​អបអរសាទ​បុណ្យចូលឆ្នាំ បាន​ចាប់ផ្តើម​ជាមួយនឹង ​ពិធី​សាសនា និង​ល្បែង​ប្រជាប្រិយ​ យ៉ាង​អឹ​ក​ធឹ​ក

1 ខែ មុន

ប្រទេសជប៉ុន​៖ នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២៤ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​ប្រទេស​ជប៉ុន ក្រុមការងារ…

ប្រទេសជប៉ុន​៖ នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២៤ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​ប្រទេស​ជប៉ុន ក្រុមការងារ ESEA និង​សមាគម​មិត្ត​យើង បាន​រៀបចំ​កម្មវិធី “​សង្ក្រាន្ត ខ្មែរ​នៅ​ជប៉ុន​” ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៧ នៅ​សួន​អូ​សា​កា​(Osaka Castle) ក្រុង​អូ​សា​កា នៃ​ខេត្ត​អូ​សា​កា របស់​ប្រទេស​ជប៉ុន ក្រោម​អធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី ​ឯកឧត្ដម​ណា​ហ្គា​ណុ ហ៊ី​រូ​ម៉ាសា (Nakano Hiromasa) សមាជិក​រដ្ឋសភា​ នៃ​ប្រទេស​ជប៉ុន តំណាង​អភិបាលខេត្ត និង​ក្រុង​អូ​សា​កា បងប្អូន​សហគមន៍​ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និង​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​កុះករ ​។

សម្រាប់​សង្ក្រាន្ត​ខ្មែរ​នៅ​ព្រឹក​នេះ កម្មវិធី​ផ្តើម​ដោយ​ពិធី​សាសនា​សំខាន់​ៗ ដូច​ជា រាប់បាត្រ ពូន​ភ្នំខ្សាច់ បង្សុកូល ប្រគេន​ចង្ហាន់​ព្រះសង្ឃ ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា ​របស់​ខ្មែរ និង​បន្ត​ដោយ​កម្មវិធី​ដាក់​បង្ហាញ​ស្តង់​ម្ហូបអាហារ​ខ្មែរ ផលិតផល​ខ្មែរ​ជា​ច្រើន ដូច​ជា​នំអន្សម នំគម ម្រេច​ខ្មែរ សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ ​ដើម្បី​ឱ្យ​អ្នកចូលរួម​ទស្សនា កម្សាន្ត និង​ស្វែង​យល់​ពី​វប្បធម៌​និង​អរិយធម៌​ខ្មែរ​ដ៏​ផូរផង់ ​។ ជាមួយ​គ្នា​នេះ អ្នកចូលរួម​ទាំង​កម្ពុជា និង​ជប៉ុន ក៏​បាន​ចូលរួម​លេងល្បែង​ប្រជាប្រិយ ​ដ៏​សម្បូរ​បែប​របស់​ខ្មែរ​ ដែល​រួម​មាន​បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល និង​សប្បាយ​រីករាយ​យ៉ាង​អឹ​ក​ធឹ​ក​ ។

កា​រៀបចំ​ពិធី​សង្ក្រាន្ត​ខ្មែរ​ឆ្នាំ​ថ្មី​ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កំពុងធ្វើការ ស្នាក់​នៅ និង​សិក្សា​នៅ​ជប៉ុន​នា​ពេល​នេះ គឺជា​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​តែងតែ​យកចិត្តទុកដាក់​ ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​បើ​ទោះបី​ស្ថិត​នៅ​បរទេស​ក្តី​ ដើម្បី​ឱ្យ​បាន​ចូលរួម​រីករាយ​អបអរសាទរ​ប្រពៃណី​ជាតិ​របស់​ខ្លួន ​។ សម្រាប់​កម្មវិធី​ដ៏​សប្បាយ​រីករាយ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​ជា​សេនាធិការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​រៀបចំ​កម្មវិធី​ប្រពៃណី​ជាតិ​នេះ ​យ៉ាង​រលូន​ដែល​ធ្វើ​ឱ្យ​អ្នកចូលរួម​ចង​បាច់​ជា​អនុស្សាវរីយ​រវាង​ខ្មែរ និង​ខ្មែរ​ដែល​ភាព​កក់ក្តៅ ការ​យកចិត្តទុកដាក់ និង​ក្តី​ស្រឡាញ់​ទៅ​វិញ​ទៅ​មក ​។

សូម​បញ្ជាក់​ថា ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​មានការ​សហការ​ជាមួយ​ស្ថានទូត​ខ្មែរ ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន ក្រុមការងារ​ ESEA និង​សមាគម​មិត្ត​យើង គ្រោង​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ចំនួន ​១១ ​ទីតាំង​ផ្សេង​គ្នា​ នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន​ ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ជាង​ ៣ ​ម៉ឺន​នាក់​ លើ​ទឹកដី​ជប៉ុន​អាច​ចូលរួម​សប្បាយ​រីករាយ និង​អបអ​សាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃ​ណីជាតិ​របស់​ខ្លួន ប៉ុន្តែ​កម្មវិធី​សង្ក្រាន្ដ​ខ្មែរ​នៅ​ជប៉ុន នៅ​ខេត្ត​អូ​សា​កា​នេះ គឺជា​កម្មវិធី​ធំ​ជាងគេ ​។

ក្រៅ​តែ​ពិធី​សាសនា និង​ការ​លេងល្បែង​ប្រជាប្រិយ​កម្មវិធី​សង្ក្រាន្ត​ នៅ​សួន​អូ​សា​កា​នា​ពេល​នេះ ក៏​នឹង​មាន​សុន្ទរកថា​គន្លឹះ​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្ដម​ណា​ហ្គា​ណុ ហ៊ី​រូ​ម៉ាសា (Nakano Hiromasa) សមាជិក​រដ្ឋសភា​នៃ​ប្រទេស​ជប៉ុន និង​អម​ដោយ​កម្មវិធី​ធម្មទេសនា​ ដោយ​ព្រះ​មេធា​នុ​រ័​ក្ខ គូ សុភាព និង​ការ​បញ្ចប់​កម្មវិធី​ដោយ​ការ​ប្រគុំ​តន្ត្រី និង​ការ​រាំ​លេង​កម្សាន្ត​ ដោយ​សប្បាយ​រីករាយ ​៕ អត្ថបទសហការ