ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីឱកាស​សម្រាប់កំណើន​នៃ​ការ​ទូទាត់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ក្នុង​ប្រទេសកម្ពុជា

1 ខែ មុន

រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ…

រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ នៅក្នុង​ពិភពលោក បានចេញផ្សាយការសិក្សាអំពីអាកប្បកិរិយាទូទាត់របស់អតិថិជនចុងក្រោយបង្អស់របស់ខ្លួន ដែលបង្ហាញពីឱកាសសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលយកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់គម្លាត និងចូលរួមដើរតាមនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

នៅពេលដែលប្រទេសកម្ពុជាបន្តដំណើររបស់ខ្លួនក្នុងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈឌីជីថលនៅឆ្នាំ ២០២៣  ប្រជាជនកម្ពុជាដែលបានចូលរួមក្នុងការស្ទង់មតិ ប្រមាណជា ២៣ ភាគរយ បាននិយាយថា ពួកគេបានឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ ។ ប្រទេសកម្ពុជាបាននាំមុខគេក្នុងតំបន់ ក្នុងការប្រើសេវាធនាគារតាមអ៊ីនធើណេតសម្រាប់ការទូទាត់ (៨២ ភាគរយ នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិ បានរាយការណ៍ថាពួកគេប្រើប្រាស់សេវាធនាគារតាអ៉ីនធើណេតញឹកញាប់បំផុតសម្រាប់ការទូទាត់វិក្កយបត្រ ទិញទំនិញក្នុងហាងលក់រាយតូចៗ ទិញម្ហូបអាហារ និងចូលភោជនីយដ្ឋាន ។ ក្រុមគោលដៅជំនាន់ Z នាំមុខគេ ក្នុងការប្រើប្រាស់កម្មវិធីធនគារឌីជីថលសម្រាប់ការទូទាត់វិក្កយបត្រ​ និងផ្ទេរប្រាក់ឲ្យគ្នាទៅវិញទៅមក (មានប្រមាណជា ៧២ ភាគរយ) ។

អ្នកប្រើប្រាស់ក៏បានកត់សម្គាល់ពីការកើនឡើងនៃការទទួលយកការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធផងដែរ ។ អ្នកឆ្លើយតបទៅនឹងការស្ទង់មតិ ប្រមាណ ៧៥ ភាគរយ បានលើកឡើងថា ពួកគេបានសង្កេតឃើញថា មានហាងកាន់តែច្រើនទទួលយកការទូទាត់តាមរយៈការប្រើប្រាស់កាបូបចល័ត បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ “យើងកំពុងពន្លឿននិងពង្រីកការទទួលយក ការទូទាត់ក្នុងចំណោមអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ដោយផ្តល់ការណែនាំអំពីការទទួលយកការទូទាត់តាមរយៈប្រើប្រាស់បច្ចេកវិទ្យា នឹងពង្រឹងភាពជាដៃគូជាមួយពាណិជ្ជករ ព្រមទាំងធ្វើការគាំទ្រថ្នាលនៃការធ្វើឌីជីថលនីយកម្មរបស់រដ្ឋាភិបាលជាដើម” ។ អ្នកស្រីបន្តទៀតថា ៖ “ភាពងាយស្រួល និងសុវត្ថិភាពនៃការទូទាត់តាមរយៈឌីជីថល នឹងការផ្តល់ថ្នាលជូនម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMBs)  នឹងអនុញ្ញាតឲ្យពួកគេអាចរកបាននូវអតិថិជនថ្មីៗបានកាន់តែច្រើនឡើង ព្រមទាំងអាចពង្រីកអាជីវកម្មរបស់ពួកគេផងដែរ ។”

តាមរយៈទិន្នន័យរបស់ក្រុមហ៊ុន Visa ក៏បានបញ្ជាក់​ពី​និន្នាការនៃការ​កើន​ឡើងរបស់អតិថិជន​កម្ពុជាក្នុងការ​ចាប់​យក​វិធីសាស្ត្រ​ទូទាត់​តាមរយៈ​ឌីជីថលនេះផងដែរ ។ តួយ៉ាងដូចជាតួលេខនៅក្នុងទិន្នន័យរបស់ VisaNet  វាបានបង្ហាញពីកំណើននៃការចេញ Visa កាត នៅ​ក្នុងប្រទេសកម្ពុជា សម្រាប់ប្រើក្នុងការទូទាត់គ្រប់ទម្រង់ មិនថាក្នុងស្រុក​ ឬប្រើប្រាស់ការទូទាត់ឆ្លងដែន មានការកើនឡើងប្រមាណ ២២ ភាគរយ នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ហើយចំនួនប្រតិបត្តិការប្រចាំខែនៃការប្រើប្រាស់ការទូទាត់ដោយបច្ចេកវិទ្យា Contactless ក្នុងស្រុកតាមរយៈ Visa កាត ក៏មានការកើនឡើង ប្រមាណជា ១៦ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ នេះបើតាមរបាយការណ៍កាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ។

អ្នកស្រីTranchini បានបន្ថែមថា ៖ “កិច្ចសហការគឺមានសារៈសំខាន់ណាស់ ហើយយើងរំពឹងយ៉ាងមុតមាំក្នុងកិច្ចសហការជាមួយដៃគូរបស់យើង ទាំងវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអត្ថប្រយោជន៍នៃការទូទាត់តាមរយៈឌីជីថល ។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកជួយដល់ការជម្រុញ នឹងធានាឲ្យប្រទេសកម្ពុជាដើរទន្ទឹមនិន្នាកានៃប្រទេសជិតខាងក្នុងតំបន់របស់យើង ។ សម្រាប់ក្រុមហ៊ុន Visa យើងប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាព និងងាយស្រួល ដោយធានាបាននូវការធ្វើបរិយាបន្ននៅក្នុងដំណើរការនៃការទទួលយកការទូទាត់តាមរយៈឌីជីថល ដែលជួយវាសម្រួលដល់ការប្រមូលផ្តុំ ទាំងអ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល ឲ្យមកធ្វើដំណើររួមគ្នាក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះតែម្តង” ។

ដើម្បីជាការគាំទ្រដល់ការរីកចម្រើននៃប្រព័ន្ធអេកូសាស្ត្រនៃការទូទាត់ប្រាក់នៅកម្ពុជា ក្រុមហ៊ុន Visa បានដាក់ឲ្យដំណើរការនូវកម្មវិធីទូទាត់ជាតិ ជាសេវាទូទាត់រហ័ស ផ្ទេរប្រាក់ និងទូទាត់សងជាប្រាក់រៀល (NNSS KHR) នៅក្នុងឆ្នាំ ២០២១។ តាមរយៈការគាំទ្រនេះ ក្រុមហ៊ុន Visa បានដាក់បញ្ចូលការទូទាត់ជាប្រាក់រៀល ទៅក្នុងបណ្តាញ VisaNet ដែលជាបណ្តាញដំណើរការទូទាត់ប្រាក់របស់ Visa ផ្ទាល់តែម្តង ។ NNSS KHR គឺជាដំណោះស្រាយការទូទាត់ក្នុងស្រុកប្រកបដោយសុវត្ថិភាព និងអាចធ្វើមាត្រដ្ឋានបាន ដោយប្រើប្រាស់បណ្តាញសកលរបស់ Visa ដើម្បីធ្វើការទូទាត់រូបរូបិយបណ្ណក្នុងស្រុក បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អតិថិជន នឹងកាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស ។

អំពីក្រុមហ៊ុន Visa

Visa  (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និងតំបន់ ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន ។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)            

Head of Corporate Communications

Visa Vietnam, Cambodia and Laos

ទូរស័ព្ទ ៖ +84 28 3520 7439

អ៉ីម៉ែល៖ trang.nguyen@visa.com

កញ្ញា គ្រី​ សុវណ្ណារី

ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

តំណាងក្រុមហ៊ុន Visa

ទូរស័ព្ទ ៖ +855 11733368

អ៉ីម៉ែល៖ nary@reddot.com.kh


[1] ការសិក្សាស្តីពីឥរិយាបថទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ Visa កាត  ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន CLEAR M&C Saatchi ប្រព្រឹត្តទៅចាប់ពីខែតុលា រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ នឹងបានធ្វើការស្ទង់មតិក្នុងចំណោមអ្នកប្រើប្រាស់ ៦៥៥០នាក់ នៅក្នុងប្រទេសសិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និង កម្ពុជា។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយផ្ទាល់ ជាមួយអ្នកប្រើប្រាស់កម្ពុជា ចំនួន ៥០០ នាក់ រួមមានទាំងអ្នកធ្វើការពេញម៉ោង ក្រៅម៉ោង និងប្រជាជនទូទៅ ចម្រុះទាំងអាយុរ និងភេទ ដើម្បីកំណត់យកតំណាងនៃរបាយការណ៍ទាំងមូល ៕ អត្ថបទសហការ