ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អភិវឌ្ឍ​សឹ​ង្ហ​បុរី AKRAM Development Co., Ltd ចាប់ផ្ដើម​គម្រោង​វិនិយោគក្នុង​ទំហំ​ទឹកប្រាក់​ជាង 150 លាន​ដុល្លារ លើ​ដី​ទំហំ ​3.5​ ហិ​កតា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នា​ពេល​ថ្មី​នេះ ​ក្រុមហ៊ុន​អភិវឌ្ឍ​សឹ​ង្ហ​បុរី AKRAM Development Co., Ltd បាន​ទិញ​យក​ដីធ្លី​ជាង ​3.5…

រាជធានី​ភ្នំពេញ​ ៖ នា​ពេល​ថ្មី​នេះ ​ក្រុមហ៊ុន​អភិវឌ្ឍ​សឹ​ង្ហ​បុរី AKRAM Development Co., Ltd បាន​ទិញ​យក​ដីធ្លី​ជាង ​3.5 ​ហិ​កតា​ នៅ​ក្នុង​តំបន់​កោះន​រា​ ពីក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) សម្រាប់​គម្រោង​អភិវឌ្ឍ​បែប​ប្រណីត​ លំដាប់​កំពូល​របស់​ខ្លួន ​។ ការ​ចុះហត្ថលេខា​លើ​ការ​ទិញ​លក់​ជា​ផ្លូវការ​ ក្រោម​វត្តមាន​របស់​លោក Kelvin Chua ជា​អគ្គនាយក​នៃ AKRAM Development Co., Ltd និង លោក ​Melvin Poh ដែល​ជានា​យក​ផ្នែក​អភិវឌ្ឍ AKRAM ក្នុង​នាម​ជា​តំណាង​អ្នកទិញ និង​លោក​ឧកញ៉ា ពុង ឃាវ​សែ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន OCIC ជា​តំណាង​អ្នកលក់​ ។ ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​វិនិយោគ AKRAM នៅ​ក្នុង​គម្រោង​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា ​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ជាង 150 លាន​ដុល្លា​អា​មេ​រិ​ក ​។

នៅ​ក្នុង​កម្មវិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​នេះ​ផង​ដែរ អគ្គនាយក​AKRAM លោក Kelvin Chua បាន​ថ្លែង​ថា គោលបំណង​នៃ​ការ​ទិញ​នេះ ​គឺ​ដើម្បី​អភិវឌ្ឍ​នូវ​គម្រោង​បែប​ប្រណីត​លំដាប់​កំពូល ដែល​មិន​ធ្លាប់​បានឃើញ​ពី​មុន​មក​នៅ​កម្ពុជា​ ។ លោក ​Kelvin បាន​ថ្លែង​ថា ៖ «​យើង​បាន​មើលឃើញ​ពី​ការ​កើនឡើង​តម្រូវការ​នៃ​គម្រោង​បែប​ប្រណីត​លំដាប់​កំពូល​ក្នុង​ប្រទេស​កម្ពុជា​ ។ កោះន​រា​ គឺជា​ទីតាំង​យុត្តិសាស្ត្រ​ដ៏​មុតមាំ​មួយ ដែល​មិន​ត្រឹមតែ​ស្ថិត​នៅ​ជាប់​នឹង​ដង​ទន្លេមេគង្គ​ប៉ុណ្ណោះ​ទេ​តែ​ក៏​ស្ថិត​នៅ​កៀក​ជាមួយនឹង​ទីតាំង​ដ៏​ពិ​សិទ្ធ 2 ផ្សេង​ទៀត គឺ​ទីក្រុង​កោះ​ពេ​ជ្យ និង​ណា​ហ្គា​វើ​ល​ផង​ដែរ​ ។ យើង​សូម​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា ពុង ឃាវ​សែ ​ដែល​មាន​ទំនុកចិត្ត​លើ AKRAM ឲ្យ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន OCIC នៅ​ក្នុង​តំបន់​កោះន​រា​នេះ ​។ ដោយ​កត្តា​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សក្ដានុពល ព្រម​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ដង​ទន្លេមេគង្គ​បាន​ធ្វើ​ឲ្យ​គុណ​តម្លៃ​នា​ពេល​អនាគត​នៅ​ទី​នេះ​កាន់តែ​មាន​សន្ទុះ​ជា​លំដាប់» ​។​

លោក​បាន​បន្ថែម​ថា ៖ «​ដំណាក់កាល​នៃ​ជម្ងឺឆ្លង​បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ទាំងអស់​ឲ្យ កាន់តែ​យកចិត្តទុកដាក់​លើ​ផាសុកភាព និង​គុណភាព​ជីវិត ហើយ​យើង​មាន​សុទិដ្ឋិនិយម​ថា ការ​អភិវឌ្ឍ​របស់​យើង​នឹង​នាំ​មក​ជូន​នូវ​បរិយាកាស​ដ៏​បរិសុទ្ធ​មួយ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា» ​។​

លោក Kelvin គឺជា​ជនជាតិ​សឹ​ង្ហ​បុរី​ដែល​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ច្រើន​ឆ្នាំ​មក​ហើយ ​។ លោក​ជា​អ្នក​ជំនាញការ​ក្នុង​វិស័យ​ធនាគារ​ដែល​បាន​ប្រែខ្លួន​ជា​វិនិយោគ​គិ​ន ព្រម​ជាមួយនឹង​កំណត់​ត្រា​គួរ​ជាទី​មោ​ទ​នៈ​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ ដូច​ជា​ វិស័យ​អភិវឌ្ឍ​អចលនទ្រព្យ វិស័យ​ស្ថាបត្យកម្ម និង​សំណង់ និង​វិស័យ​ផលិតកម្ម ជាង​មួយ​ទស្ស​វត្ស​។ នា​ពេល​បច្ចុប្បន្ន​នេះ​លោក​ក៏​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​សំណង់ SINGBUILD ដែល​ជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​សំណង់​ដ៏​ល្បីល្បាញ​មួយ ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​ ។

លោក​អគ្គនាយក​បាន​បង្ហាញ​ម​ហិ​ច្ឆិ​តា​ក្នុង​ការ​ធ្វើ​ឲ្យ​គម្រោង​អភិវឌ្ឍ​បែប​ប្រណីត​លំដាប់​កំពូល​ដំបូង​បំផុត​របស់ AKRAM ជា​គម្រោង​ដែល​កំណត់​នូវ​គុណភាព​លំដាប់​ខ្ពស់​មួយ ដែល​នឹង​ជា​ការ​ចាប់ផ្ដើម​ក្នុង​ដំណើរ​ក្លាយជា​អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​បែប​ប្រណីត​ដ៏​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្រុមហ៊ុន​អភិវឌ្ឍ​AKRAM គឺជា​ក្រុមហ៊ុន​ដៃគូ​រវាង លោក Kelvin Chua និង លោក Melvin Poh មក​ពី​ក្រុមហ៊ុន Centra Group Singapore ដែល​មាន​គម្រោង​អភិវឌ្ឍ​ជា​ច្រើន​ក្រាស់ក្រែល​មាន​តម្លៃ​ជាង 1.65​ ពាន់​លាន​ដុល្លា​រនៅ​ក្នុង​ដៃ ហើយ​អ្នក​ទាំង​ពីរ​ក៏​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​រក្សា​ជំហរ​ដ៏​រឹង​មាំ​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

លោក Melvin ដែល​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​លំដាប់​ខ្ពស់ និង​ប្រណីត​ជា​ច្រើន​ឆ្នាំ បាន​ថ្លែង​ថា៖ «​ជាមួយនឹង​បទ​ពិសោធន៍​ជាង 20 ឆ្នាំ​នៅ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ប្រណីត និង​អចលនទ្រព្យ​លំដាប់​ខ្ពស់ ព្រម​ជាមួយនឹង​ស្ថាបត្យកម្ម និង​ភាព​ច្នៃប្រឌិត​ដ៏​ល្អ​ដាច់​គេ យើង​ជឿជាក់​ថា​គម្រោង​អភិវឌ្ឍ​នេះ​នឹង​ជា​ផលិតផល​ដែល​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ប្រណីត​ក្នុង​តំបន់​» ​។

ដី​ដែល​ទិញ​បាន​នៅ​កោះន​រា​នេះ​ មា​នទី​តាំងនៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ ​ដែល​ចំណាយពេល​ប្រហែលជា 3 នាទី​ប៉ុណ្ណោះ ​ទៅ​កាន់​ទីក្រុង​កោះ​ពេ​ជ្យ និង 5 នាទី​ទៅ​កាន់ រី​សត​ដ៏​សម្បូរ​បែប​ណា​ហ្គា​វើ​ល​ ។ ដើម្បី​ជា​ការ​រួមចំណែក​នៅ​ក្នុង​ការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន OCIC បាន​ធ្វើការ​សាងសង់​ស្ពាន​ចំនួន 2 ដែល ស្ពាន​មួយ​សម្រាប់​ត​ភ្ជាប់​ទៅ​តំបន់​កោះ​ពេ​ជ្យ និង​មួយទៀត​ ​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ 1 ហើយ​ស្ពាន​នីមួយ​ៗ ​ត្រូវ​ចំណាយ​ទុន​រហូត​ដល់ 38 លាន​ដុល្លា​អា​មេ​រិ​ក​ ។ ស្ពាន​ដ៏​ធំ​ទូលាយ​មាន​ដល់​ទៅ 6 គន្លង​ត​ភ្ជាប់​កោះន​រា​មក​កាន់​ទីក្រុង​កោះ​ពេ​ជ្យ​ ត្រូវ​បាន​ប៉ាន់​ស្មានថា ​នឹង​បើក​ដំណើរការ​នៅ​ក្នុង​ត្រីមាស​ទី 3 នៅ​ក្នុង​ឆ្នាំ 2023 ខណៈ​ដែល​ស្ពាន ​ដែល​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ 1 គ្រោង​នឹង​បើក​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​នេះ​ ។

លោក ​Kelvin បាន​ឆ្លើយ​តប​ទៅ​កាន់​សំណួរ​ ដែល​បាន​សាកសួរ​អំពី​ទីផ្សារ​គោលដៅ​ នៃ​គម្រោង​អភិវឌ្ឍ​នេះ​យ៉ាង​ដូច្នេះ​ថា ៖ «​គម្រោង​អភិវឌ្ឍ​របស់​យើង ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​អ្នក ​ដែល​ចង់​ស្វែងរក​ប្រណីតភាព​ឥត​ខ្ចោះ​នៅ​ក្នុង​ជីវិត ​។ យើង​បាន​ធ្វើការ​រួម​បញ្ចូល​នូវ​ថាមពល និង​ចំណេះដឹង​នៅ​ក្នុង​វិស័យ​នេះ ​ដើម្បី​ធានា​ជូន​ថា ​យើង​អភិវឌ្ឍ​ នូវ​គម្រោង​ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ព្រម​ជាមួយនឹង​ការ​រចនា​យ៉ាង​ពិសេស ពោរពេញ​ដោយ​ឯកជន​ភាព​ផង​ដែរ​ ។ គម្រោង​នេះ​បាន​សាងសង់​ឡើង ប្រកបដោយ​ឈរ​លើ​គុណភាព​ជា​ចម្បង ​ព្រម​ជាមួយនឹង​ទេសភាព​ ដែល​មិន​អាច​កាត់ថ្លៃ​បាន​នៃ​ដង​ទន្លេមេគង្គ ដែល​នេះ​គឺជា​ឱកាស​ សម្រាប់​អ្នក​វិនិយោគ​ដែល​ចង់​ពង្រីក​ភាព​ចម្រុះ​ នៃ​អចលនទ្រព្យ​ក្នុង​ដៃ ហើយ​ងាក​មក​ចាប់អារម្មណ៍​ លើ​ការ​វិនិយោគ​បែប​ប្រណីត​លំដាប់​កំពូល​វិញ» ​។

ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​នៅ​មាន​មន្ទិល​អំពី​ទស្សនវិស័យ​នៃ​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន ទាំង​លោក Kelvin និង Melvin នៅ​តែ​មាន​ជំនឿ​ជាក់​យ៉ាង​ខ្លាំង​ថា​នេះ​គឺជា​ការ​វិនិយោគ​ដ៏​ល្អ​បំផុត​ ។ លោក Chua បាន​ថ្លែង​ថា ៖ «ពួក​យើង​ពិតជា​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ចំពោះ​ទីផ្សារ និង​ឱកាស​នៅ​ប្រទេស​កម្ពុជា​ ។ ប្រទេស​កម្ពុជា​មានកា​រវិ​វ​ឌ្ឍ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម 7% ក្នុង​រយៈពេល 2 ទស្ស​វត្ស​រ៍ចុង​ក្រោយ​នេះ​ ។ រាជរដ្ឋាភិបាល​បាន​ធ្វើ​ជា​គម្រូ​ក្នុង​ការ​ទាក់ទាញ​នូវ​វិនិយោគ​គិ​ន​បរទេស​មក​ក្នុង​ប្រទេស ដែល​ជា​លទ្ធផល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​រួមចំណែក​នៅ​ក្នុង​លំហូរ​ចំណូល​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​រហូត​ដល់ 14% ទោះបីជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជម្ងឺឆ្លង​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ឆ្នាំ 2020 ​ក្ដី បើ​ធៀប​ទៅ​នឹង​ការ​រួមចំណែក​ត្រឹមតែ 3.2% ការ​ពី 2 ទស្ស​វត្ស​ន៍​មុន ​។ លោក​Kelvin បាន​ពន្យល់​បន្ថែម​ថា «​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺឆ្លង​កូ​វី​ដ ១៩ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​សាក​សមជា​ឧទាហរណ៍​មួយ​នៃ​ប្រសិទ្ធភាព និង​ស្ថេ​រ​ភាព​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​បើក​ទូលាយ​ចំពោះ​ការ​វិនិយោគ​ពី​បរទេស មិន​ប្លែក​ទេ​ដែល​ធនាគារពិភពលោក​បាន​ធ្វើការ​ព្យាករណ៍​អំពី​សេដ្ឋកិច្ច​កម្ពុជា​ថា នឹង​មាន​កំណើន​រហូត​ដល់ ​4.5% នៅ​ក្នុង​ឆ្នាំ 2022 ​នេះ​» ​។

ធនាគារពិភពលោក​បាន​ធ្វើការ​ព្យាករណ៍​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មាន​កំណើន​ប្រហែល 6% ​ក្នុង​មួយ​ឆ្នាំ បន្ទាប់​ពី​ស្ថានភាព​ជំងឺកូ​វី​ដ ១៩ បាន​បញ្ចប់ ជាមួយនឹង​របាយការណ៍​ដែល​បាន​បង្ហាញ​អំពី​កំណើន​នៃ​ច្បាប់​ថ្មី​សម្រាប់​ការ​វិនិយោគ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ។ Focus Economics បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឆាប់រហ័ស​បំផុត​លេខ 5 នៅ​លើ​ពិភពលោក បើ​ធៀប​ទៅ​នឹង​ប្រទេស​ជាង 130 ផ្សេង​ទៀត​ដែល​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឆាប់រហ័ស ត្រូវ​បាន​យក​មក​សិក្សា​នៅ​ក្នុង​របាយការណ៍​ជាមួយ​គ្នា​នេះ​ចាប់តាំងពី​ឆ្នាំ 2021 ដល់ 2025​ ។

ការ​ទិញ​យក​នូវ​អចលនទ្រព្យ​ដ៏​ពោរពេញ​ដោយ​សក្ដានុពល​មួយ​ហាក់​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​សហគ្រិន​វ័យ 35 ឆ្នាំ​មួយ​រូប​នេះ​នៅឡើយ​ទេ ដោយ​លោក​មាន​ទស្សនវិស័យ​ក្នុង​ការ​ជម្រុញ​ឲ្យ​ក្រុមហ៊ុន AKRAM ធ្វើការ​អភិវឌ្ឍ​នូវ​គម្រោង​ដែល​ពោរពេញ​ដោយ​សក្ដានុពល​នៅ​លើ​ដី​នេះ ​។ លោក​បាន​សង្កត់ធ្ងន់​ថា «​ទីតាំង​គឺជា​កត្តា​សំខាន់​មួយ​សម្រាប់​ទីផ្សារ​នៃ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​បែប​ប្រណីត ហើយ​យើង​មាន​ក្ដី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​ទិញ​យក​បាន​នូវ​ទីតាំង​ដី​នេះ​ពី​លោក​ឧកញ៉ា​ពុង ឃាវ​សែរ​ ។ ការ​ទិញ​យក​ដី​មួយ​កន្លែង​នេះ​ប្រាកដជា​មិន​អាច​ធ្វើ​បាន​នោះ​ទេ​ប្រសិនបើ​មិន​មានការ​គាំទ្រ និង​ទុកចិត្ត​របស់​លោក​នៅ​ក្នុង​គម្រោង​របស់​យើង ​។ យើង​មាន​ភាព​រីករាយ​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​លោក​នៅ​ក្នុង​ការ​អភិវឌ្ឍ​កោះន​រា និង​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ទីតាំង​ដ៏​មាន​សក្ដានុពល​មួយ​នេះ និង​ក្លាយជា​ចំណុច​ទាក់ទាញ​បំផុត​មួយ​នៃ​គម្រោង​របស់​យើង»​ ។​

លោក Kelvin បាន​ថ្លែង​ថា ៖ «​ការិយាល័យ​លក់ និង​យូ​នី​ត​គម្រូ​នឹង​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​នៅ​ក្នុង​ត្រីមាស​ទី 1 នៃ​ឆ្នាំ 2023 ​។ ខណៈ​ដែល​យើង​បាន​ និង​កំពុងធ្វើការ​អភិវឌ្ឍ​បន្ថែម​ទៀត​ឥត​ឈប់​ឈរ យើង​នឹង​អាច​ប្រកាសប្រាប់​លោក​អ្នក​អំពី​ទីតាំង​ការិយាល័យ​លក់ និង​ព័ត៌មាន​លម្អិត​គម្រោង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​» ៕ អត្ថបទសហការ