រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបាននិយ័តករមូលបត្រកម្ពុជាប្រកាសជាសាធារណៈប្រគល់វិញ្ញាបនបត្រទទួលស្គាល់ជា «ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ» ដែលពិធីនេះប្រារព្ធធ្វេីឡេីងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នារសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ នេះ ។
បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅផ្សារមូលបត្រកម្ពុជា “ផ.ម.ក.” កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ។ នៅក្នុងឆ្នាំ ២០២២ នេះ ធនាគារ សម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដោយទទួលបាន “វិញ្ញាបនបត្រទទួលស្គាល់ ធនាគារ អេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ” ពីនិយ័តករមូលបត្រកម្ពុជា “ន.ម.ក.” ដែលធ្វើឱ្យធនាគារ អេស៊ីលីដា ក្លាយជាធនាគារពាណិជ្ជទីមួយ នៅកម្ពុជា ដែលផ្តល់សេវារក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ ។ ផ្សារមូលបត្រ ជាសូចនាករមួយសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ។ យើងសង្កេតឃើញថា វិស័យមូលបត្រនៅកម្ពុជាបាន និងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាចលករមួយដ៏មានសារៈសំខាន់នាំឱ្យ ធនាគារ អេស៊ីលីដា សម្រេចចិត្តបោះជំហាន ក្នុងការផ្តល់នូវសេវាកម្មនេះ ។
ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ គឺជាសេវាកម្មថ្មីមួយរបស់ធនាគារ អេស៊ីលីដា ក្នុងការបម្រើសេវាកម្មរក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រជូនវិនិយោគិន និងសាធារណជន ។ មុខងារចម្បងៗ នៃសេវាកម្មនេះ រួមមាន៖ គណនីរក្សាសុវត្ថិភាពសាច់ប្រាក់ គណនីរក្សាសុវត្ថិភាពមូលបត្រ និងសេវាភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ ។ លោកបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្ររបស់ធនាគារ អេស៊ីលីដា នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិន ជាពិសេស វិនិយោគិនបរទេស ឱ្យមកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា ពីព្រោះការវិនិយោគមូលបត្រ នៅបរទេសរបស់ក្រុមហ៊ុនបរទេសមួយចំនួន ចាំបាច់ត្រូវធ្វើឡើង តាមរយៈភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ។ បន្ថែមលើនេះទៀត ភ្នាក់ងារនេះនឹងចូលរួមជំរុញធ្វើឱ្យផ្សារមូលបត្រនៅកម្ពុជាកាន់តែសកម្ម ។
លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា ស័ក្តិសមដូចកេរ្តិ៍ឈ្មោះប្រសិទ្ធនាម ដោយមហាជនថា ជា “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” ធនាគារ អេស៊ីលីដា ជានិច្ចកាល ប្រកាន់ខ្ជាប់នូវ តម្លាភាព គោលការណ៍សីលធម៌វិជ្ជាជីវៈ អភិបាលកិច្ចល្អ គោរពច្បាប់ សង្គម និងបរិស្ថាន ។ល។ ធនាគារ អេស៊ីលីដា បានបំពាក់នូវបច្ចេកវិទ្យាឌីជីថលខ្ពស់ ដែលមានគុណភាព និងទំនើបទាន់សម័យ សម្រាប់គាំទ្រសេវាកម្មនេះ ព្រមទាំងមានធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ដែលមានចំណេះដឹង និងជំនាញពិតប្រាកដ ក្នុងការផ្តល់សេវាកម្មទាំងនេះ ដោយប្រកាន់ខ្ជាប់នូវ បទប្បញ្ញត្តិ តម្លាភាព និងក្រមសីលធម៌ ។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន០៤ គឺវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង មានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,១៦ ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៥,៧៩ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ ពាន់លានដុល្លារអាមេរិក និងមានអតិថិជន ប្រមាណជាង ៣,៤៤ លាននាក់ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២២ នេះ ៕
ចែករំលែកព័តមាននេះ