ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​ផ្នែក​បណ្ដាញ​ទូរ​ស័ព្ទ​ចល័ត​ណែនាំ​មិន​ឱ្យប្រើប្រាស់​ឧបករណ៍ «​ពង្រីក​សេវា​ទូរ​ស័ព្ទ​» ​ទេ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​​ផ្នែក​បណ្ដាញ​ទូរ​ស័ព្ទ​ចល័ត បាន​ទទូច​ឱ្យ​ប្រជាជន​កុំ​នាំ​គ្នា​ប្រើ​ឧបករណ៍ «​ចាប់ ឬ​ពង្រីក​សេវា​ទូរ​ស័ព្ទ​» (repeater ឬ amplifier) ដើម្បី​ដោះស្រាយ​បញ្ហា​សេវា​ទូរ​សព្ទ​ចល័ត​ខ្សោយ…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​​ផ្នែក​បណ្ដាញ​ទូរ​ស័ព្ទ​ចល័ត បាន​ទទូច​ឱ្យ​ប្រជាជន​កុំ​នាំ​គ្នា​ប្រើ​ឧបករណ៍ «​ចាប់ ឬ​ពង្រីក​សេវា​ទូរ​ស័ព្ទ​» (repeater ឬ amplifier) ដើម្បី​ដោះស្រាយ​បញ្ហា​សេវា​ទូរ​សព្ទ​ចល័ត​ខ្សោយ ។ អ្នកជំនាញ​បាន​និយាយ​ថា ឧបករណ៍​ចាប់​សេវា​ទូរ​សព្ទ​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ពាក់ព័ន្ធ គឺ​មិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​ខ្សោយ​សេវា​ទូរ​ស័ព្ទ​នោះ​ទេ ប៉ុន្តែផ្ទុយ​ទៅ​វិញ ឧបករណ៍​ទាំងនោះ​បង្ក​ការ​រំខាន​ដល់​ស្ថានីយ​ផ្សាយ​សេវា​របស់​ក្រុមហ៊ុន​បណ្ដាញ​ទូរ​សព្ទ​ចល័ត​ទៅ​វិញ​ទេ ។ ជាង​នេះ​ទៅ​ទៀត ការ​ទិញ លក់ ដំឡើង និង​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​ដោយ​គ្មាន​អាជ្ញា​បណ្ណ គឺជា​ទ​ង្វើ​ខុសច្បាប់ ដែល​អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍​កម្ពុជា ។

បច្ចុប្បន្ន គេ​ឃើញ​មានការ​ត្អូញត្អែរ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​អំពី​ការ​ខ្សោយ ឬ​គ្មាន​សេវា​ទូរ​សព្ទ​ដៃ​នៅ​តាម​តំបន់​មួយ​ចំនួន ដែល​ជួនកាល សេវា​ខ្សោយ ឬ​គ្មាន​សេវា​តែ​ម្ដង ។ អ្នកជំនាញ​បាន​ពន្យល់​ថា អ្នក​ដែល​បាន​ទិញ​ឧបករណ៍​ចាប់​សេវា​ទូ​រស​ព្ទៃ (​ឬ​ហៅ​ថា mobile wave amplifier ឬ repeater) បាន​ដំឡើង​ប្រើប្រាស់​ឧបករណ៍​នេះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ដែល​នាំ​ឲ្យ​បង្ក​ការ​រំខាន​ធ្ងន់ធ្ងរ​ទៅ​លើ​ស្ថានីយ​ផ្សាយ​របស់​ក្រុមហ៊ុន​បណ្ដាញ​ទូរ​សព្ទ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​សេវា​ដែល​ផ្ដល់​ដល់​អតិថិជន ។ អ្នកជំនាញ​បាន​បន្ត​ថា ឧបករណ៍​ចាប់​សេវា​ទូរ​សព្ទ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ប្រើ​ក្នុង​ចំនួន​ដ៏​ច្រើន​គួរសម នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ។

យោង​តាម​អ្នកជំនាញ ឧបករណ៍​ចាប់​សេវា​ទូរ​សព្ទ​នេះ​វា​រំខាន​ទៅ​ដល់​ស្ថានីយ​ផ្សាយ​សេវា ដែល​នាំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​គុណភាព​សេវា ។ ឧបករណ៍​ទាំងនេះ​រំខាន​ដល់​សេវា​ទូរ​សព្ទ​ដៃ ធ្វើ​ឲ្យ​គេ​មិន​អាច​កំណត់​ហ្វ្រេ​កង់​បាន និង​បណ្ដាល​ឲ្យ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​តំបន់​ជិតខាង​មិន​អាច​ធ្វើការ​ហៅ​ចេញ ឬ​ទទួល​ទូរ​សព្ទ ឬ​ប្រើប្រាស់​អ៊ីនធឺណិត​បាន ។

បើ​យោង​តាម​ច្បាប់ មាន​តែ​សហគ្រាស​ឬ​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវា​ទូរ​សព្ទ​ចល័ត​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឧបករណ៍​បញ្ជូន​សេវា​ទូរ​សព្ទ​ចល័ត​សម្រាប់​ការ​ដំឡើង​នៅ​តាម​តំបន់​នានា​ដែល​មាន​សេវា​ខ្សោយ ដើម្បី​ធ្វើ​ឲ្យ​គុណភាព​សេវា​ទូរ​សព្ទ​មាន​ភាពល្អ​ប្រសើរ និង​មិន​បង្ក​ផល​រំខាន​ទៅ​ដល់​បណ្ដាញ​ទូរគមនាគមន៍​ចល័ត​ដទៃ​ទៀត ។ ក្នុង​ករណី​ដែល​សេវា​ទូរ​សព្ទ​នៅ​ក្នុង​តំបន់​ណា មួយ​មិន​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​ប្រើប្រាស់​ដោយសារ​តែ​សេវា​ខ្សោយ​ពេក អ្នក​ប្រើប្រាស់​ត្រូវធ្វើ​ការ​ទំនាក់ទំនង​ដោយ​ផ្ទាល់ និង​ចូលរួម​រាយការណ៍​អំពី​បញ្ហា​នេះ​ទៅ​កាន់​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរ​សព្ទ ដើម្បី​សុំ​ការ​ណែនាំ និង​ការ​ធានា​ផលប្រយោជន៍​របស់​អ្នក​ប្រើប្រាស់ ៕ ដោយសហការ