រាជធានីភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឱ្យអតិថិជនរបស់ខ្លួន ប្រើប្រាស់លេខកូដពិសេស *1200# ដើម្បីអនុញ្ញាតឱ្យអតិថិជនត្រួតពិនិត្យ និងកាត់ផ្ដាច់កញ្ចប់សេវាកម្មនានា ដែលមិនត្រូវការ នៅក្នុងគណនីទូរសព្ទរបស់ខ្លួន ។
បើតាមការឱ្យដឹងពីក្រុមហ៊ុន វិធានការនេះអនុលោមទៅតាមការណែនាំ របស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានណែនាំឱ្យប្រតិបត្តិករ សេវាទូរសព្ទទាំងអស់នៅកម្ពុជា បង្កើតនិងដាក់ឱ្យប្រើប្រាស់នូវលេខកូដពិសេស *1200# ដើម្បីឱ្យអ្នកប្រើប្រាស់សេវាទូរសព្ទអាចពិនិត្យ និងកាត់ផ្ដាច់នូវកញ្ចប់សេវាកម្មនានាដែលពួកគេមិនត្រូវការ ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ក្រុមហ៊ុនមិត្តហ្វូនបានដាក់ឱ្យអតិថិជនប្រើប្រាស់ នូវលេខកូដពិសេស ចំនួន ៣ គឺ *1200#, *1201# និង *1202# ដើម្បីអនុវត្តតាមគោលការណ៍ណែនាំ របស់និយ័តករទូរគមនាគមន៍កម្ពុជា ។ លោកបានបញ្ជាក់ថា លេខកូដ *1200# គឺសម្រាប់ឱ្យអតិថិជនពិនិត្យមើល និងលុបចោលនូវកញ្ចប់សេវាកម្មនានា ដែលខ្លួនមិនត្រូវការ ចំណែកឯលេខកូដ *1201# គឺសម្រាប់ឱ្យអតិថិជនពិនិត្យមើលទឹកប្រាក់ ដែលនៅសល់ក្នុងគណនីរបស់ខ្លួន និងលេខកូដ *1202# សម្រាប់ឱ្យអតិថិជនពិនិត្យព័ត៌មានអំពីស៊ីមកាត លេខទូរសព្ទរបស់ពួកគាត់ ។
និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ដែលជាសេនាធិការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងមក បានបង្កើតលេខកូដពិសេស *1200# និងបានណែនាំឱ្យប្រតិបត្តិករ ប្រព័ន្ធទូរសព្ទចល័តនៅក្នុងស្រុក ដាក់ឱ្យអតិថិជនប្រើប្រាស់លេខកូដពិសេសនេះ ដើម្បីអនុញ្ញាតឱ្យពួកគេពិនិត្យ និងលុបចោលនូវកញ្ចប់សេវាកម្មណា ដែលពួកគេមិនត្រូវការ ។ ការណែនាំនេះបានធ្វើឡើង បន្ទាប់ពីមានការត្អូញត្អែរពីសំណាក់អ្នកប្រើប្រាស់ អំពីការកាត់ប្រាក់ថ្លៃសេវានានា ដោយមិនបានឱ្យពួកគេដឹងមុន ពីសំណាក់ប្រតិបត្តិករមួយចំនួន ។
បន្ទាប់ពីមានការណែនាំនេះ ពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន ដែលជាតួអង្គសំខាន់មួយ នៅក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា បានចាត់វិធានការជាច្រើន ក្នុងនោះរួមទាំងវិធានការដែលតម្រូវឱ្យបុគ្គលិក ភ្នាក់ងារលក់ និងដៃគូទាំងអស់របស់មិត្តហ្វូន ធ្វើបច្ចុប្បន្នភាពព័ត៌មាន អតិថិជនឱ្យបាន ១០០% នៅមុនពេលធ្វើការលក់ដូរស៊ីមកាត ។
គួរបញ្ជាក់ថា មិត្តហ្វូន បានចូលមកវិនិយោគ និងដំណើរការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ហើយសព្វថ្ងៃ បានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនឈានមុខគេ ក្នុងការផ្ដល់សេវាកម្មទូរគមនាគមន៍និង ICT នៅក្នុងប្រទេសកម្ពុជា ៕ ដោយសហការ
ចែករំលែកព័តមាននេះ