ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​ជា​កសិករ​បាន​ក្លាយទៅជា​អ្នកចំរៀង​ជាង​១៥​ឆ្នាំ ចង់​មក​រកស៊ី​ធម្មតា​វិញ​ព្រោះ​សុខភាព

4 ឆ្នាំ មុន
  • បាត់ដំបង

វា​ជា​រឿង​ពិត​មួយ​របស់​អ្នកចំរៀង​ដែល​កំពុង​ប្រឹង​ត្រដរ​ដើរ​ច្រៀង​គ្រប់​ទីកន្លែង តាម​កម្មវិធី​ទាំង​យប់​ទាំង​ថ្ងៃ របស់​លោក ឆោម ពិ​សិទ្ធ ដែល​មានឈ្មោះ ពិត ឆោម ប៊ុ​ន​ធឿ​ន អាយុ​៣៦​ឆ្នាំ…

វា​ជា​រឿង​ពិត​មួយ​របស់​អ្នកចំរៀង​ដែល​កំពុង​ប្រឹង​ត្រដរ​ដើរ​ច្រៀង​គ្រប់​ទីកន្លែង តាម​កម្មវិធី​ទាំង​យប់​ទាំង​ថ្ងៃ របស់​លោក ឆោម ពិ​សិទ្ធ ដែល​មានឈ្មោះ ពិត ឆោម ប៊ុ​ន​ធឿ​ន អាយុ​៣៦​ឆ្នាំ ដែល​ម្តាយ​បាន​បាត់បង់​ជីវិត​ចោល​ពី​ឆ្នាំ​២០០៣ និង​ឪពុក​ឆ្នាំ​២០១២ ព្រោះតែ​ចង់​លើក​ស្ទួយ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ដែល​មាន​តែ​២​នាក់​បងប្អូន ហើយ​ប្អូនស្រី​របស់​លោក​ត្រូវ​មាន​ប្តី​ជា​ជាងចម្លាក់ និង​មានកូន​ចំនួន​៣​នាក់​មុន​លោក​ទៅ​វិញ ហើយ​កំពុង​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុងភូមិ​អូរ​ខ្ជាយ​ត្បូង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង ។

វេលា​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា​នេះ នៅ​ក្នុងផ្ទះ​លោក ឆោម ពិ​សិទ្ធ កំពុង​ហាល​ស្រូវ​ដែល​បាន​ច្រូតកាត់​រួច​មក​ហើយ​នោះ​បាន​ជួប​ជាមួយ​កោះសន្តិភាព ហើយ​បញ្ជាក់​ថា លោក​គ្មាន​ខ្សែស្រឡាយ​អី​ជាមួយ​វិស័យ​សិល្ប​ឡើយ តែ​មាន​ពេល​មួយ​ក្នុង​ឆ្នាំ​២០០០ មានកម្ម​វិធី​ឃោសនា​របស់​អង្គការ​រ៉ា​ក់ (​ផ្នែក​រោគ​ស្ត្រី​) បាន​ធ្វើការ​ផ្សព្វផ្សាយ​ប្រចាំឆ្នាំ​នៅ​ក្នុងភូមិ ហើយ​មានការ​ប្រគុំ​តន្ត្រី​ដោយ​មាន​ជ្រើសរើស​អ្នកចម្រៀង​ផង​នោះ​លោក​ក៏​បាន​សាកល្បង​ចុះ​ឈ្មោះ​ច្រៀង​ជាមួយ​គេ​ក្នុង​អាយុ​២១​ឆ្នាំ ហើយ​ត្រូវ​បាន​ជាប់​លេខ​១ ក្នុងភូមិ លុះ​ឆ្នាំ​ក្រោយ​កម្មវិធី​អង្ក​ការ​រ៉ា​ក់​នោះ​បាន​ធ្វើ​នៅ​ភូមិ​ជិត​ៗ​គ្នា​នោះ​ទៀត​លោក​ក៏​បាន​ដាក់​ពាក្យ​ប្រឡង​ទៀត​ត្រូវ​ជាប់​ជា​លើក​ទី​២ ដោយសារ​មាន​សំឡេង​អាច​ប្រើប្រាស់​បាន តែ​មិន​ទាន់​ចេះ​ប្រើ​ដោយ​មានការ​ណែនាំ​ពី​លោកគ្រូ ស៊ឹ​ម សៀម វង់ភ្លេង​ខ្មែរ នៅ​ភូមិ​អូរ​ស្រឡៅ បាន​ជួយ​បង្រៀន​រួច​បន្ត​ដល់​ឆ្នាំ​២០០៣ ត្រូវ​មានកម្ម​វិធី​ប្រឡង​ចំរៀង​ទទួល​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង ដែល​បាន​ធ្វើ​នៅ​ស្ថានីយ៍​វិទ្យុ ដែល​មាន​បេក្ខជន​រាប់​ពាន់​នាក់​បាន​ដាក់​ពាក្យ​ប្រឡង ដោយ​ជ្រើសរើស​ចំណាត់ថ្នាក់​មាន​៣​ថ្នាក់ ជ្រើស​យក​បេក្ខជន​ចំនួន​ជិត​១០០​នាក់ ដែល​ខ្លួន​លោក​ត្រូវ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​លេខ​រៀង​ទៅ​៩ ក្នុង​ចំណោម​៣០​នាក់ ទទួល​បាន​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង ១ ទូរទស្សន៍​១​គ្រឿង និង​ថវិកា​៤០​ម៉ឺន​រៀល ហើយ​អាច​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​កូរ៉េ​បន្ថែម​ទៀត តែ​ដោយពេល​នោះ​ជាប់រវល់​កម្មវិធី​បោះ​ឆ្នោត​ក្នុងស្រុក លោក​ត្រូវ​អាក់​ខានមិនបាន​ទៅ​ប្រទេស​កូរ៉េ​វិញ ដោយ​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​មួយ​ចំនួន​ទៀត ។

បន្ទាប់​ពី​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ រួច​ហើយ លោក​ឆោម ពិ​សិទ្ធ បាន​ត្រូវ​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​បាត់ដំបង​យក​ទៅ​សាកល្បង​នៅ​ហាង ហង្ស និង​ច្រៀង​តាម​ក្រុម​តន្ត្រី​ទួល​តា​ឯក តាម​រោងការ និង​បុណ្យ​ទាន​ផ្សេង​ៗ​ចំនួន​៥​ឆ្នាំ ។ ដោយ​គ្មាន​ការ​រីក​ចំរើន​ក៏​បង្ខំចិត្ត​ចូល​ច្រៀង​តាម​ភ្លេង​ការ​បុរាណ​បន្ថែម​ទៀត​ចំនួន​៦​ឆ្នាំ ជាមួយ​ក្រុម​ភ្លេងខ្មែរ​នៅ​ភូមិ​បោះ​ពោធិ៍​ដែល​មាន​ភូមិ​នៅ​ជាប់​ៗ​គ្នា ហើយដោយ​តម្រូវការ​ភ្លេងសម័យ​តាម​សម័យកាល​ត្រូវការ​ខ្លាំង​វិញ​នោះ​បាន​ត្រឡប់​មក​ច្រៀង​ភ្លេងសម័យ​វិញ​ប្រមាណ​៧​ឆ្នាំ រហូត​ដល់​សព្វ​ថ្ងៃនេះ​ដែល​យប់​ឡើង​ច្រៀង​នៅ​ហាង​ប៉ា​ស៊ី​ហ្វិ​ក​ណៃ តែ​មិនសូវ​មាន​ភ្ញៀវ​ត្រូវ​បិទទ្វា​ក៏​បន្តម​ករក​កន្លែង​ផ្សេង ហើយ​កំពុង​ច្រៀង​ប្រចាំការ​នៅ​ភោជនីយដ្ឋាន​មហាសាល​រៀង​រាល់​យប់ ដោយ​បាន​កម្រៃ​៦​ដុល្លា​១​យប់ និង​ការ​តស៊ូ​ពេល​រាត្រី តែ​បាន​គិត​ថា ជា​ជាង​នៅ​ទំនេរ​ចេះ​តែ​ជួយ​រក​ផ្សែផ្សំ​គ្នា​តាម​ដែល​អាច​ធ្វើ​បាន​ទៅ​ចុះ ។

អ្នកចំរៀង ឆោម ពិ​សិទ្ធ បាន​បង្ហាញ​ជំហរ​ពេល​បច្ចុប្បន្ន​នេះ​ថា លោក​ប្រហែលជា​ត្រូវ​បញ្ឈប់​ការ​ច្រៀង​តាម​ហាង​នា​ពេល​រាត្រី និង​ចេញលេង​ខាងក្រៅ​មួយ​ចំនួន ឬ​ក៏​ឈប់​ច្រៀង​ទាំងស្រុង​តែ​ម្តង ដោយសារ​តែ​លោក​ជួប​បញ្ហា​សុខភាព​ទ្រុឌទ្រោម ។ គ្រួសារ​គ្មាន​ការ​កើនឡើង​ឡើយ គឺ​បាន​ត្រឹមតែ​មួយ​សប្បាយ​មួយ​រស់​ៗ ហើយ​ខូចសុខភាព​ទៀត ។ លោក​បាន​បង្ហាញ​អំពី​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្ប​តាំងពី​ដំបូង​មក​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ មាន​តែ​គេ​ស្រឡាញ់​អាណិត​លោក​ទៅ​វិញ ហើយ​ការ​រស់នៅ​ក្នុងផ្ទះ​ក្នុងភូមិ​លោក​មិនមែន​ជា​អ្នក​ផឹកស៊ី​គ្រឿង​ស្រវឹង​ជាមួយ​មិត្តភក្តិ ឬ​បងប្អូន​ឡើយ លោក គឺជា​កូន​កសិករ​ធ្លាប់​ក្រីក្រ កំព្រា​ជួប​ឆ្លងកាត់​ការ​លំបាក តែងតែ​រាប់បាត្រ​សំពះ​ព្រះសង្ឃ​ជា​រៀងរាល់ថ្ងៃ ដើម្បី​បញ្ជូន​កុសល​ដល់​អ្នក​មានគុណ​ដែល​បាន​ចែក​ឋាន​ទៅ បើ​មាន​អ្នក​បបួល​ផឹកស៊ី​គ្រឿង​ស្រវឹង គឺ​រង់ចាំ​ជួប​គ្នា​នៅ​ក្នុង​ហាង​ដែល​លោក​កំពុង​ច្រៀង​ចុះ ។

លោក​ឆោម ពិ​សិទ្ធ បាន​បង្ហាញ​ចំពោះ​គូស្រករ គឺ​លោក​នៅ​មិន​ទាន់​គិតគូរ​ទេ លោក​កំពុង​គិត​រឿង​ត្រូវ​សន្សំ​លុយ​ធ្វើ​កូន​បន្ទប់​ផ្ទះ​មួយ​ដាច់​ដោយឡែក ចេញពី​ការ​រស់នៅ​រួម​គ្នា​ជាមួយ​ប្អូនស្រី​លោក​ដែល​មានគ្រួសារ​ហើយ​ជា​មុន​សិន ហើយ​មាន​គំរោង​ប្រុង​បើក​កន្លែង​លាង​ឡាន លាង​ម៉ូតូ តម្រូវ​តាម​ការ​អភិវឌ្ឍ​ដែល​ពេល​នេះ​ផ្លូវថ្នល់​កៅស៊ូ​បាន​ក្រាល​មក​ដល់ទី​ជនបទ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ តែ​ការ​សន្សំ​ដើមទុន​នោះ​ដូច​ជា គ្មាន​សង្ឃឹម​សោះ ព្រោះ​តម្រូវការ​រាល់ថ្ងៃ​បាន​ត្រឹមតែ​មួយ​ចម្អែត​ក្រពះ​តែ​ប៉ុណ្ណោះ ដូច្នោះ​លោក​ក៏​សុំ​អំពាវនាវ​ដល់​សប្បុរសជន បើ​មានចិត្ត​អាណិត​ស្រឡាញ់​រាប់អាន​ចង់​ជួយ​ដល់​លោក ក្នុង​ការ​ប្រកប​មុខរបរ​ថ្មី​នេះ សូម​មេត្តា​ជួយ​ទ្រទ្រង់​តាម​ការ​គួរ និង​សូម​ផ្តល់​ក្តី​សង្ឃឹម​អរគុណ​ទុកជា​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ