សៀវភៅរបាំប្រជាប្រិយខ្មែរ របស់ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពផ្សាយឆ្នាំ១៩៦៤ អត្ថាធិប្បាយថា ឯកសាររបស់លោកគុយ ហួត នៅស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យការណ៍ថា អ្នកស្រុកនៅត្រង់ស្រុកលោកគេហៅ «របាំរាំអង្រែ» ថា «របាំកួយ ឬរាំកួយ» ។ បើតាមព័ត៌មាននេះឃើញថា ជាប់ឈ្មោះកុលសម្ព័ន្ធខ្មែរដើមមួយដែលហៅថា «កួយ» ។ សាសន៍កួយនេះ រស់នៅលើផែនដីស្រុកខ្មែរយើងតាំងពីមិនទាន់កសាងជាអាណចក្រឡើងជាប្រាកដនៅឡើយ ។

ដូច្នេះបើមានស្នាមដាននៅជាប់នឹងពាក្យអ្នកស្រុកយ៉ាងហ្នឹង នាំឱ្យយើងរកឃើញថារាបាំនេះមានដើមកំណើតមកពីសាសន៍ជាតិតូចតាចមួយដែលហៅថា «កួួយ» អាចចាត់ទុកជាអារ្យធម៌ខ្មែរដើមដែលពុំទាន់បានទទួលអារ្យធម៌ជាតិសាសន៍នានា មានអារ្យធម៌ឥណ្ឌាជាដើម ។ បើយល់យ៉ាងនេះក៏ជាការសមហេតុផលដែរហើយ ព្រោះតែរបាំនេះមាននៅសេសសល់ដល់សព្វថ្ងៃ ជាប់លាប់ជាងគេតែនៅតាមភូមិភាគភ្នំដងរែក គឺជាភូមិភាគដែលមានសាសន៍កួយនេះរស់នៅតាំងពីដើមមក ដូចជាត្រង់ជាំក្សាន្ត សំរោងចុងកាល់ ជើងភ្នំគូលែនសព្វថ្ងៃនេះ ។
មានឯកសារពីសមាជិកឆ្លើយឆ្លងនៃក្រុមជំនុំយើងច្រើនទៀតបានឱ្យការណ៍ថា របាំនេះចម្លងមកពីប្រទេសហ្វ៊ីលីពីនកាលជំនាន់រជ្ជកាលព្រះបាទសម្ដេចព្រះនរោត្តម (ព្រះសុវណ្ណកោដ្ឋ) ដែលព្រះអង្គទ្រង់យាងទៅក្រុងម៉ានីល ហើយពពួកបរិពារព្រះអង្គ បានរៀនចេះរបាំនេះយកមកលេងនៅប្រទេសយើង។ ឯកសារលោកជឹម ឈុំ នៅស្រុកសណ្ដាន់ បានបញ្ជាក់ថា បានជារបាំនេះរាលដាលទៅតាមភូមិ ក្រៅៗ ដោយសារមានទាហានហ្លួងដែលចេញទៅធ្វើសង្គ្រាមតាមនិគមជនបទនានា បាននាំយករបាំនេះទៅឱ្យអ្នកស្រុកហាត់លេងតាមដំណើរដែលកងទ័ពលើកទៅដល់ ។
លោកជឹម ឈុំ បន្ថែមទៀតថា នៅស្រុកលោកមាននៅសល់ទាំងគ្រួសាររបស់អ្នកដែលធ្លាប់ធ្វើជារេហ៍ពលកាលពីជំនាន់នោះផង ។ អ្នកស្រុកទាំងនោះហើយដែលបានបញ្ជាក់ថា ខ្លួនដឹងច្បាស់ថា របាំនេះពិតជាផ្សព្វផ្សាយទៅតាមពួកកងរេហ៍ពលនេះមែន ដោយមានអ្នកខ្លះតាំងទីនៅកំពង់ស្វាយ សណ្ដាន់ បានដាក់ទ័ពនៅទីនោះ ព្រោះជាទីសំបូរដែកសម្រាប់ធ្វើសាស្ត្រាវុធ ។ បើយោងតាមព័ត៌មាននេះឃើញថា «របាំរាំអង្រែ» នេះ ទំនងជាមានដើមកំណើតមកពីប្រទេសហ្វ៊ីលីពីន ។
ប៉ុន្តែបើពិចារណារកហេតុផលបន្ថែមទៀត យើងអាចសន្និដ្ឋានជាសរុបថា របាំនេះជាសំណល់មកពីសាសន៍ជាតិ ជារដ្ឋវាស៊ីជាន់ដើម (Les autochotones) ដែលរស់នៅលើដីកោះតូចតាចផ្នែកអាស៊ីនេះ ហើយដែលទុកសំណល់អារ្យធម៌យ៉ាងច្រើនលើសលប់ រហូតមកដល់សព្វថ្ងៃមានអក្សរ ភាសា ភ្លេង ចម្រៀង ទំនៀមទម្លាប់ ជាដើម ។
អារ្យធម៌នេះមានឈ្មោះថា អារ្យធម៌អូស្ត្រូអាស៊ី (Austro Asistiques) ដែលគេទុកជាមែកធាងយ៉ាងធំរបស់អារ្យធម៌សាកលលោកសព្វថ្ងៃ ។ ហេតុដូចម្ដេចទើបយើងពោលដូច្នេះ ? ព្រោះថាជនជាតិ «កួយ» នៅនឹងដីស្រុកយើងក្ដី ជនជាតិដើម ផ្សេងៗ ដែលរស់នៅលើកោះជាច្រើននៃប្រទេសហ្វ៊ីលីពីនក្ដី សុទ្ធតែជាអ្នកមានកំណើតដើមបង្កើតអារ្យធម៌អូស្ត្រូអាស៊ីដូចគ្នា បានសេចក្ដីថា មានឫសគល់ដើមជាមួយគ្នា ។
ដូច្នេះសង្ខេបបានថា «របាំអង្រែ» នេះមានកំណើតមកពីមនុស្សជាន់ដើមដែលបង្កើតអារ្យធម៌អូស្ត្រូអាស៊ី មិនប្រាកដជារបស់ជាតិណាតែម្នាក់ៗឡើយ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ