រាជធានីភ្នំពេញ ៖ ខណៈវិស័យអចលនទ្រព្យនៅកម្ពុជាមានសន្ទុះងើបឡើងទាំងតម្លៃនិងការវិនិយោគ កំណើនភ្នាក់ងារនិងអ្នកវាយតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏មានកំណើនឡើងគួរអោយកត់សម្គាល់ផងដែរ ។ ក៏ប៉ុន្តែក្នុងចំណោមភ្នាក់ងារទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានចំនួនតិចតួចប៉ុណ្ណោះដែលមានចំណេះដឹងនិងជំនាញច្បាស់លាស់ក្នុងវិស័យនេះ ជាពិសេសនោះកង្វៈការយល់ដឹងអំពីភាពស្របច្បាប់នៃអចលទ្រព្យ ។
បើតាមលោកបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានអោយដឹងថា បច្ចុប្បន្ននេះភ្នាក់ងារអចលនទ្រព្យក្នុងប្រទេសកម្ពុជា លើសពីតម្រូវការក្នុងវិស័យនេះទៅទៀត ក៏ប៉ុន្តែបើក្រលេកទៅមើលអោយដិតដល់មែនទែនទៅ គុណភាពនៃភ្នាក់ងារជាច្រើន មិនទាន់ស្តង់ដារនៅឡើយ ជាពិសេសនោះគឺភ្នាក់ងារភាគច្រើនមិនទាន់មានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងស្ថាប័ននៅឡើយ ដូច្នេះត្រូវគៀងគរពួកគាត់ អោយមកស្ថិតនៅក្រោមច្បាប់ទំលាប់ និងត្រូវលុបបំបាត់ភ្នាក់ងារក្រោមឆ័ត្រឬភ្នាក់ងារក្រោមដើមឈើ ហើយអ្នកណាៗក៏អាចក្លាយជាភ្នាក់ងារលក់អចលនទ្រព្យបានដែរ ។
លោកបណ្ឌិតបន្តថា បើទោះបីជាដឹងថា ពួកគាត់មួយចំនួនធំមិនទាន់មានអាជ្ញាប័ណ្ណ និងស្ថិតក្រោមច្បាប់ក្ដី ក៏ក្នុងនាមជាអ្នករកស៊ី និងជាភ្នាក់ងារអចលនទ្រព្យ មានអាជ្ញាប័ណ្ណត្រឹមត្រូវក្ដី ក៏មិនអាចបង្ខំពួកគាត់អោយស្វែងរកច្បាប់បានដែរ ព្រោះនេះជាមុខជំនួញ ដូច្នេះ មានតែច្បាប់មានតែកក្រសួងអាណាព្យាបាលទេ ទើបអាចមានសិទ្ធិហៅពួកគាត់អោយស្វែងរកច្បាប់ ។ លោកថា៖«ក្នុងនាមជាអ្នករកស៊ី យើងមិនអាចបង្ខំអោយអ្នកណាម្នាក់ស្វែងរកអាជ្ញាប័ណ្ណ អោយដូចយើងទេ តែយើងអាចហៅពួកគេអោយមកធ្វើការជាមួយយើង ក្នុងចង្កោមក្រុមហ៊ុនមួយ ដែលអាជ្ញាប័ណ្ណ និងធំលំដាប់ពិភពលោកបាន ដោយផ្ដល់សិទ្ធិធ្វើអាជីវកម្មបន្ត ឬ ហៅថា Franchise បាន» ។
លោកបានបន្ថែមថា បើសិនជាទុកភ្នាក់ងារដែលអត់មានអាជ្ញាប័ណ្ណ អត់ស្របច្បាប់កាន់តែច្រើន មិនថាតែស្រុកខ្មែរ ឬប្រទេសណាទេ នឹងធ្វើអោយបាត់បង់ទំនុកចិត្តដល់អ្នកវិនិយោគក្នុងវិស័យនេះ ដូច្នេះ យើងត្រូវបង្រៀនភ្នាក់ងារទាំងនោះបន្ថែមទៀត អោយយល់ពីសារៈសំខាន់នៃ ការធ្វើអាជីវកម្មដែលមានច្បាប់ ទម្លាប់ត្រឹមត្រូវ ។ លោកបន្ថែមថាទៀតថា រហូតមកដល់ពេលនេះវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែមានសញ្ញាណល្អ ហើយឆ្នាំខាងមុខទៀតក៏នៅតែល្អប្រសើរដដែល ដោយសារតែកត្តាមួយចំនួនដូចជាទីតាំងភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ ។
លោកស៊ី ប៊ុនថៃ ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តសៀមរាប បានអោយដឹងថា សកម្មភាពវិនិយោគក្នុងខេត្តសៀមរាប ត្រូវបានមើលឃើញថានៅដំណើរការធម្មតា បើទោះបីជាខេត្តនេះ មានការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរបន្តិចក្ដី ។ ខេត្តសៀមរាបនឹងកាន់តែល្អថែមទៀត នៅពេលគម្រោងធំៗមួយចំនួនដែលជាគម្រោងរបស់រដ្ឋនិងឯកជនចាប់ផ្ដើមដំណើរការ ដូច្នេះនៅពេលខាងមុខនេះ តម្រូវការភ្នាក់ងារលក់អចលនទ្រព្យនឹងកាន់តែច្រើន តែត្រូវការអ្នកដែលមានចំណេះដឹង ជំនាញ និងមានច្បាប់ទំលាប់ត្រឹមត្រូវ ។
បើតាមលោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា អ្វីដែលកម្ពុជាត្រូវត្រៀមសម្រាប់ទទួលវិនិយោគិនបរទេសថ្មីៗបន្តបន្ទាប់ទៀតនោះ គឺធនធានមនុស្សក្នុងវិស័យនេះ ។ ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យដីធ្លី និងអចលនទ្រព្យពិតជាសំខាន់ ដើម្បីផ្ដល់ទំនុកចិត្តដល់វិនិយោគិន និងត្រៀមសហការជាមួយវិនិយោគិនបរទេសដែលនឹងមកដាក់ទុនវិនិយោគនៅកម្ពុជា ។
លោកឧកញ៉ាបានមានប្រសាសន៍បន្តថា ស្ថានភាពទីតាំងរបស់ប្រទេសកម្ពុជា នៅតែធ្វើអោយកម្ពុជាក្លាយជាចំណាប់អារម្មណ៍វិនិយោគពីសំណាក់អ្នកវិនិយោគបរទេស ដូច្នេះឆ្នាំក្រោយនេះ ឆ្នាំ២០២០ យើងនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះវិស័យមួយនេះ ហើយយើងនឹងទទួលបានកំណើនវិនិយោគិនបន្តទៀត មិនថាមកពីប្រទេសចិន ឬប្រទេសដទៃទៀតឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ