ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងដែលម្ចាស់ចតម៉ូតូទុកចោលនៅមុខផ្ទះ ហើយបំរុងយកទៅលក់នៅខេត្តតាកែវដែរ ប៉ុន្តែខណៈកំពុងតែជិះម៉ូតូ ក៏ត្រូវនគរបាលឃាត់ខ្លួនបានតែម្តង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០ នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ចំណុចភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសម្បត្តិ ស្រីភា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអ៊ុតសក់ មានទីលំនៅភូមិឃុំកើតហេតុ ។ ចំណែកជនសង្ស័យទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ ឈឺន ទីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ អុិត បូរី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា ។
នគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងមកចតទុកនៅខាងមុខផ្ទះជាប់ចិញ្ចើមផ្លូវ ដោយទុកជាប់ទាំងសោរនៅជាមួយម៉ូតូទៀតផង រួចក៏បានដើរចូលទៅក្នុងផ្ទះបាត់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់។
តាមប្រភពដដែលបន្តថា បន្តិចក្រោយមក ជនរងគ្រោះបានចេញពីក្នុងផ្ទះវិញ ទើបដឹងថាបាត់ម៉ូតូ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងគោលដៅរបស់ជនសង្ស័យ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប្រទាល ស្រុកស្អាង រហូតឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងវត្ថុតាងយកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ។
ក្រោយពីសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ក្នុងគោលបំណងជិះយកទៅលក់នៅខេត្តតាកែវ តែពេលកំពុងជិះតាមផ្លូវ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
បច្ចុប្ប្ន ជនសង្ស័យនិងវត្ថុងតាងបានបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីអនុវត្តតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ