ខេត្តបាត់ដំបង ៖ ទីបំផុត បុរសជាប្ដីត្រូវជាប់សង្ស័យថា បានសម្លាប់ប្រពន្ធរបស់ខ្លួនដែលជាគ្រូបង្រៀនម្នាក់យ៉ាងសាហាវព្រៃផ្សៃ ហើយត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅវេលាម៉ោង៨យប់ថ្ងៃទី១៦ ធ្នូ បីប៉ុន្មានម៉ោង ក្រោយពីប្រទះឃើញសាកសពប្រពន្ធ ដែលជាជនរងគ្រោះនោះ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះព្រំ សួសសំណាង អាយុ៣១ឆ្នាំ (ត្រូវជាប្ដីស្ត្រីរងគ្រោះ) ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន នាប៉ុន្មានក្រោយពីគេរកឃើញសាកសពប្រពន្ធ ដោយសង្ស័យថា បុរសជាប្ដីរូបនេះមានតម្រុយជាច្រើនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះអ៊ូច ចាន់ថា អាយុ២៩ឆ្នាំ ដែលមានមុខរបរជាអ្នកគ្រូបង្រៀន កាលពីរសៀលថ្ងៃទី១៦ ធ្នូ នៅក្នុងព្រៃមួយកន្លែងនៅក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ក្រោយពេលអ្នកគ្រូចេញពីបង្រៀនកូនសិស្សនៅសាលា ហើយត្រូវគេរកឃើញសាកសពអ្នកគ្រូនៅល្ងាចថ្ងៃដដែល ។
លោកជេត វណ្ណនី បានបញ្ជាក់ថា បើតាមចម្លើយបឋមរបស់ជនសង្ស័យ ការតាមសម្លាប់ប្រពន្ធរបស់ខ្លួននេះ អាចផ្ដើមចេញពីប្រចណ្ឌ និងមានទំនាស់ក្នុងគ្រួសារ ។ ពេលនេះ មន្ត្រីការិយាល័យជំនាញកំពុងសាកសួរជនសង្ស័យរូបនេះនៅឡើយ។
សូមបញ្ជាក់ថា អ្នកគ្រូ អ៊ូច ចាន់ថា បានបាត់ដំណឹងនៅចន្លោះពីម៉ោង១១ ទៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ធ្នូ បន្ទាប់ពីចប់ម៉ោងបង្រៀនសិស្សនៅសាលាបឋមសិក្សាអូរអំពឹបលើ ក្នុងភូមិបឹងរ្នន ឃុំសំឡូត ស្រុកសំឡូត ។ ប៉ុន្តែនៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃដដែល ទើបត្រូវគេរកឃើញសាកសពអ្នកគ្រូ ក្នុងព្រៃមួយកន្លែងចម្ងាយពីផ្លូវប្រហែល២០០ម៉ែត្រ ជាមួយនឹងម៉ូតូ១គ្រឿងរួមទាំងសម្ភារជាប់ខ្លួនមួយចំនួនផងដែលរប៉ាត់រប៉ាយពាសពេញព្រៃ ។
ដំបូងឡើងគេសង្ស័យការស្លាប់យ៉ាងរន្ធត់របស់អ្នកគ្រូ គឺជាអំពើឃាតកម្មដោយគំនុំ ឬ ជាករណីរំលោភសម្លាប់ ដោយសារតែជនរងគ្រោះមានស្លាកស្នាមនៅលើរាងកាយ។ ប៉ុន្តែក្រោយពីមន្ត្រីជំនាញធ្វើការស្រាវជ្រាវ និងបានដាក់ការសង្ស័យថា ប្ដីស្ត្រីរងគ្រោះអាចជាប់ពាក់ព័ន្ធ និងអំពើឃាតកម្មដ៏ឃោរឃៅនេះ ទើបមន្ត្រីជំនាញស្នើសុំគោលការណ៍លោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញា ដើម្បីឃាត់ខ្លួនបុរសជាប្ដីនាំមកសួរនាំទាំងយប់តែម្ដង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានមានប្រសាសន៍ថា រាល់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ព្រំ សួសសំណាង ប្រាកដជាមានជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះ។ បើតាមចម្លើយជននេះ ការស្ទាក់សម្លាប់ប្រពន្ធរបស់ខ្លួនដោយគ្មានញញើតដៃ គ្មានអាល័យកូនតូចបែបនេះ ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ និងជម្លោះក្នុងគ្រួសារ ដែលឯកសារពាក់ព័ន្ធនឹងជម្លោះនេះ មួយចំនួនត្រូវស្ត្រីជាប្រពន្ធបានកត់ត្រាទុកនៅក្នុងសៀវភៅមុនពេលកើតហេតុ។
ទោះយ៉ាងណា ជនសង្ស័យកំពុងត្រូវបានមន្ត្រីជំនាញសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ។
ចែករំលែកព័តមាននេះ