រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រៀបធ្រៀបការបណ្តុះបណ្តាលធនធានមនុស្សទៅនឹងការដាំដើមឈើថា បានប្រើប្រាស់ពេលវេលាយូរទើបទទួលបានផល ។ សម្តេចតេជោ បានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេស្ទើន នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះ យ៉ាងដូច្នេះថា ការកាប់សម្លាប់របស់ប៉ុល ពត បានធ្វើឲ្យធនធានមនុស្សរបស់យើងចុះខ្សោយយ៉ាងខ្លាំង ។ ឥឡូវយើងបានប្រឹងងើបឈរឡើងដោយខ្លួនយើង ដើម្បីកសាងធនធានមនុស្ស ។
សម្តេចបានបន្តថា អីញ្ចឹងទេយើងនឹកឃើញថា មានបទចម្រៀងមួយច្រៀងថា «កម្ពុជាប្រែជាសុវណ្ណភូមិ » តែយើងឃើញនៅតែក្រ ។ តែបើយើងក្រឡេកទៅមើលប្រទេសសិង្ហបុរីវិញ ដែលគ្មានទឹកប្រើប្រាស់ផងនោះ គឺគេក្លាយជាប្រទេសអ្នកមាន កត្តានេះដោយសារតែគេធ្វើនយោបាយត្រូវ ហើយធនធានមនុស្សគេពូកែ ។ ដូច្នេះគេក្លាយជាប្រទេសអ្នកមាន។
សម្តេចតេជោហ៊ុន សែន បានលើកឡើងទៀតថា បញ្ហានេះបានធ្វើឲ្យរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងនោះមានវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីធ្វើការកសាងធានធានមនុស្សដែលចាប់ពីចាប់កំណើតក្នុងផ្ទៃរហូតដល់មានការងារធ្វើ ។ សម្តេចតេជោបានគូសបញ្ជាក់ថា ៖«ខ្ញុំបាននិយាយ គឺជាការដាំមនុស្សថា យើងធ្វើយ៉ាងណាឲ្យកុមារដែលចាប់ក្នុងកំណើតក្នុងផ្ទៃ ហើយធំឡើងក្លាយជាកុមារមានការវ័យឆ្លាត ដែលក្នុងដំណាក់កាលបណ្តុះបណ្តាល ។
ដាំមនុស្ស (ចិញ្ចឹម) គឺត្រូវប្រើពេលវេលាយូរជាងដាំដើមឈើឆ្ងាយណាស់ ។ ដាំដើមឈើប្រើពេលត្រឹមតែ៤ ឬ៥ឆ្នាំ បានទទួលផលហើយ ប៉ុន្តែបើដាំមនុស្សវិញយើងគ្រាន់តែគិតអំពីចាប់ផ្តើមចូលសាលាថ្នាក់ទី១ ដល់ថ្នាក់ទី១២ នោះប្រើរយៈពេល១២ឆ្នាំ ហើយទម្រាំដល់ថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់យើងប្រើពេលអស់១៨ ឆ្នាំហើយ បើយើងយកថ្នាក់បណ្ឌិត ទៀតនោះចំណាយពេលច្រើនទៀត» ។
ប្រមុខរាជរដ្ឋាភិបាលក៏បានសង្កត់ធ្ងន់ថា ការដាំមនុស្សត្រូវចំណាយពេលវេលាច្រើន ហើយប្រើដើមទន់ច្រើនជាដាំដើមឈើទៀត តែយ៉ាងណាយើងនៅតែខិតខំធ្វើការដាំ ឬបណ្តុះបណ្តាលធនធានមនុស្សយើងឲ្យបានល្អ ។ ជាមួយគ្នានោះដែរ សម្តេចក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានបណ្តុះបណ្តាលដល់សិស្ស និស្សិត ដើម្បីឲ្យគេទទួលបានចំណេះជំនាញ ។ ពិសេសនោះអ្នកដែលទទួលបានការសិក្សាដោយជោគជ័យនៅសាកលវិទ្យាល័យវេស្ទើននៅថ្ងនេះដែលបានមកទទួលសញ្ញាបត្របញ្ចប់ការសិក្សាផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ