អាថ៌​កំបាំង៥​ចំណុច​ ដែល​ធ្វើ​ឱ្យ​​អ្នក​មិន​ងាយ​ឈឺ​សោះ​


ពេល​ខ្លះ​អ្នក​ប្រហែលជា​ច្រណែន​នឹង​មនុស្ស​មួយ​ចំនួន​ដែល​ឆ្លងកាត់​រដូវរងារ​ដោយ​មិន​ជួយ​ប្រទះ​បញ្ហា​សុខភាព​អ្វី​បន្តិច​សោះ​សូ​ម្បី​តែ​ផ្ដាសាយ​។ នោះ​ក៏​ព្រោះតែ​ពួក​គេ​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​! ទោះជា​យ៉ាងណា​អ្នក​ក៏​អាច​ក្លាយជា​មនុស្ស​ដែល​មិន​ងាយ​នឹង​ឈឺ​ផង​ដែរ​ដោយ​គ្រាន់តែ​កែប្រែ​ទម្លាប់​មិនល្អ​ចេញ ហើយ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ដែល​ប្រសើរ​ដូច​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ខាងក្រោម​នេះ ៖

១. គេង​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ប្រសិនបើ​ចង់​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ និង​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​នោះ​អ្នក​មិន​គួរ​គេង​តិច​ជាង ៧ ម៉ោង​រាល់​យប់​ឡើយ​។ ការ​គេង​បាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​សម្រាប់​រាង​កាយ​ក្នុង​ការ​ជួសជុល​ស្ដារ​ខ្លួនឯង​ឡើង​វិញ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​គេង​បាន​គ្រប់គ្រាន់​រាល់​យប់​ក៏​ជួយ​ឱ្យ​រាង​កាយ​ងាយ​នឹង​ទប់ទល់​ជាមួយ​បញ្ហា​ស្ត្រេ​ស​និង​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ឆ្លង​ផង​ដែរ​។

២. ដឹង​ពី​អ្វី​ដែល​ត្រូវ​ទទួលទាន ៖ គ្មាន​អាហារ​អ្វី​ល្អ​ចំពោះ​សុខភាព​រាង​កាយ​ជាង​បន្លែ​និង​ផ្លែ​ឈើ​ស្រស់​ៗ​ឡើយ​។ ដូច្នេះ​ដើម្បី​ជា​ប្រសើរ​ចូរ​រួម​បញ្ចូល​បន្លែ​ផ្លែ​ឈើ​ក្នុង​របប​អាហារ​។ របប​អាហារ​មាន​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សា​បាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​។

៣. ឧស្សាហ៍​លាង​សម្អាត​ដៃ ៖ មិនមែន​មាន​ន័យ​ថា​អ្នក​ចាំបាច់​ត្រូវ​លាង​សម្អាត​ដៃ​រាល់​ពីរ​បី​នាទី​ម្ដង​ឡើយ​។ ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ អ្នក​គួរ​លាង​សម្អាត​ដៃ ៖

– មុន​និង​ក្រោយ​ពេល​រៀបចំ​អាហារ
– មុន​ពេល​ទទួលទាន​អាហារ
– ក្រោយ​ពេល​ចូល​បន្ទប់ទឹក
– ក្រោយ​ពេល​ក្អក ឬ​កណ្ដាស់

ចូរ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​និង​ទឹក​ស្អាត​រយៈពេល​ប្រហែល ២០ វិនាទី​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​បាន​ដល់​ទៅ ៥០ ភាគរយ​។

៤. រីករាយ​សប្បាយចិត្ត ៖ វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ដើម្បី​អាច​រស់នៅ​បាន​ដោយ​រីករាយ គឺ​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ទៀត​មិន​ថា​ជា​មិត្តភក្តិ សមាជិកគ្រួសារ ឬ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។ ព្យាយាម​គ្រប់គ្រង ឬ​កាត់​បន្ថយ​ស្ត្រេ​ស​ដោយ​ចេញ​ទៅ​ក្រៅ​ជាមួយ​ពួក​គេ​។ ដឹង​ទេ​ពេល​ខ្លះ​ត្រឹមតែ​ការ​អោប​ធម្មតា​ពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ក៏​ជួយ​កាត់​បន្ថយ​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​ស្ត្រេ​ស​រ៉ាំរ៉ៃ​អាច​បណ្ដាល​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​បាន​យ៉ាង​ងាយ​។

៥. ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ ៖ អ្នក​មិន​ចាំបាច់​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​ឡើយ ត្រឹមតែ​ការ​ដើរ ឬ​ឡើងជណ្ដើរ​ក៏​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​រឹង​មាំ​ទប់ស្កាត់​ជំងឺ​បានជា​ច្រើន​ផង​ដែរ​។

សុខភាព​ល្អ​ប្រសើរ គឺជា​កំណប់ទ្រព្យ​មិន​អាច​កាត់ថ្លៃ​បាន​។ ដូច្នេះ​អ្នក​ចាំបាច់​គួរ​រក្សា​ឱ្យ​បាន​នូវ​ទម្លាប់​ល្អ​ៗ​ដូច​បង្ហាញ​ជូន​ខាងលើ​ដើម្បី​ចៀស​ផុត​ពី​បញ្ហា​សុខភាព ឬ​ជំងឺ​ផ្សេង​ៗ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ