ក្រសួងធនធានទឹក និងឧតុនិយម បានបិទកិច្ចប្រជុំបូកសរុបវាយតម្លៃ និងលើកទិសដៅការងារវិស័យធនធានទឹក និងឧតុនិយម បន្ទាប់ពីបានប្រព្រឹត្តិទៅរយៈពេល ០២ ថ្ងៃ គឺព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំរំដួល ទីស្តីការក្រសួងក្រោមអធិបតីភាពឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង បណ្តានាយកដ្ឋានចំណុះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានី-ខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ។
កិច្ចប្រជុំរយៈពេល ០២ ថ្ងៃនេះ មានការឡើងធ្វើបទបង្ហាញពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី ខេត្តទាំង ២៥ និងការឡើងបញ្ជាក់បន្ថែមរបស់ថ្នាក់ដឹកនាំក្រសួងដែលទទួលមុខព្រួញ អំពីពេលវេលា បរិមាណទឹកភ្លៀង និងទឹកទន្លេ ដោយធ្វើការប្រៀបធៀបឆ្នាំចាស់ និងមធ្យមភាគច្រើនឆ្នាំ, ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៩, ការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០១៩-២០២០, ទិសដៅការងារនៅពេលខាងមុខ និងបញ្ហាប្រឈមផ្សេងៗទៀត ដែលបាននិងកំពុងកើតមានឡើង ។
ក្នុងនោះក៏មានការឡើងធ្វើបទបង្ហាញពីលោកសាស្ត្រាចារ្យ ដែលជាប្រធានក្រុមផលិតបញ្ជីសារពើភ័ណ្ឌធារាសាស្ត្រ និងផែនទី ស្តីពីជំនន់ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវ ពាក់ព័ន្ធនឹងវិស័យធនធានទឹកជារួមក្នុងតំបន់ ផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ មានប្រសាសន៍ថា ឆ្លងកាត់ការប្រជុំបូកសរុបវាយតម្លៃ នេះ បានបង្ហាញឲ្យឃើញនូវស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមទាំងអស់ ដែលបានចូលរួមចំណែកក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម រហូតសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន ដែលនេះជាស្នាដៃរួម និងជាមោទនភាពរបស់យើងទាំងអស់គ្នា ។
ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ក៏ដូចជាការគ្រប់គ្រងធនធានទឹក ឲ្យមានប្រសិទ្ធភាព និងនិរន្តភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃអាកាសធាតុ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានផ្តល់នូវអនុសាសន៍ និងទិសដៅការងារ មួយចំនួនដូចខាងក្រោម ៖
១- ខិតខំយកចិត្តទុកដាក់បន្ថែមទៀតដោយស្មារតីទទួលខុសត្រូវខ្ពស់ បម្រើឲ្យការដាំដុះដល់ការងារបង្កបង្កើនផលស្រូវរដូវវស្សាចុងដៃ និងស្រូវប្រាំង ២០១៩-២០២០ ។
២- ខិតខំបន្តទៀត ដើម្បីឈានទៅសម្រេចជោគជ័យ ក្នុងការធ្វើទំនើបកម្មលើការគ្រប់គ្រងធនធានទឹក និងតាមដាន ឆ្នៃប្រឌិតឲ្យបានទាន់ពេលទៅនឹងការវិវត្តនៃអាកាសធាតុ ។
៣- ខិតខំប្តេជ្ញាលុបបំបាត់ឲ្យបានជាអតិបរិមា នូវបណ្តាចំណុចអវិជ្ជមានដែលធ្លាប់កើតមាន ដូចជា ៖ ការធ្វេសប្រហែសក្នុងការតាមដានសភាពការណ៍, ការចាត់ចែងនៅមានការយឺតយ៉ាវ ក៏ដូចជាការគ្រប់គ្រងលើផ្នែករដ្ឋបាល និងហិរញ្ញវត្តុ ។
៤- តាមដាន និងមានការកត់ត្រាច្បាស់លាស់នូវគ្រប់សមិទ្ធផលដែលសម្រេចបាន បង្កើតឡើងនូវការស៊ីសង្វាក់គ្នារវាងថ្នាក់ក្រសួង និងមន្ទីរ ។
៥- បន្តយកចិត្តទុកដាក់បន្ថែមទៀត សំខាន់លើបញ្ហាសាមគ្គីភាព, ការតម្លើងកាំមន្ត្រីរាជការ និងការលើកសរសើរ ។ល។
៦- បញ្ហាប្រព័ន្ធទំនាក់ទំនង នៅតែជាអាទិភាពក្នុងការផ្តល់ព័ត៌មានការងារ, ប្រព័ន្ធទំនាក់ទំនងសង្គម។ល។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ