រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានជម្រាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកនឹងជួបពិភាក្សាការងារជាមួយលោក វង្សពិសេន នៅថ្ងៃ៣១ ខែតុលា ។ លោកបន្តថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ជាពិសេសលើការរៀបចំសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ ។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង បានថ្លែងបែបនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហុ៊ន សែន នារសៀលថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩ នៅវិមានសន្តិភាព ។ ជាការឆ្លើយតប សម្តេចតេជោបានសម្ដែងនូវអំណរគុណចំពោះរបាយការណ៍ដែលបានលើកឡើង ។ ជាមួយនេះ សម្ដេចក៏បានសម្តែងនូវការរីករាយផងដែរចំពោះទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរកន្លងមក ដែលទំនាក់ទំនងនេះបាននាំមកនូវផលប្រយោជន៍ជូនដល់ប្រជាជន ជាពិសេសប្រជាជនដែលកំពុងតែរស់នៅតាមព្រំដែន ។
ចំពោះការរៀបចំសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយ សម្ដេចតេជោមានប្រសាសន៍ថា នេះជាការអនុវត្តមួយដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ នៅពេលមានគ្រោះមហន្តរាយ ជាពិសេសនៅពេលមានភ្លើងឆេះព្រៃ និងមានទឹកជំនន់ជាដើម ។ សម្ដេចតេជោបន្តថា ភ្លើងឆេះព្រៃវាមិនស្គាល់ព្រំដែនទេ ដូច្នេះការអនុវត្តសមយុទ្ធនេះ តម្រូវឲ្យកងទ័ពកម្ពុជាចូលទៅក្នុងទឹកដីវៀតណាម ហើយកងទ័ពវៀតណាមចូលមកក្នុងទឹកដីកម្ពុជា ។
ដើម្បីជៀសវាងការយល់ច្រឡំ និងឲ្យមានការយល់ដឹងទូលំទូលាយផង សម្តេចតេជោបានផ្តល់អនុសាសន៍ឲ្យមានសកម្ម ភាពមនុស្សធម៌ជាមួយសមយុទ្ធនេះ គឺភាគីកម្ពុជាអាចចូលទៅព្យាបាលប្រជាជនវៀតណាម ហើយភាគីវៀតណាមចូលមកព្យាបាលប្រជាជនកម្ពុជា ដើម្បីត្រៀមនៅពេលមានគ្រោះមហន្ត រាយ ហើយក៏អាចជំរុញឲ្យមានកម្មវិធីដូចជាកីឡា និងសិល្បៈរួមគ្នាផងដែរ ។ សំខាន់ជាងនេះទៀត ធ្វើយ៉ាងណាបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញបង្កលក្ខណៈធ្វើយ៉ាងណាឲ្យប្រជាជនប្រទេសទាំងពីរអាចប្រកបអាជីវកម្មតាមព្រំដែនដោយងាយស្រួល ៕
ចែករំលែកព័តមាននេះ