រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីផលលំបាករបស់អ្នកវិនិយោគ និងប្រជាជនជប៉ុនដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិបាកក្នុងការបរិភោគអាហារបែបខ្មែរ ហើយរកអាហារជប៉ុនមិនបាននោះ ក្រុមហ៊ុន AKURUHI Group បានរៀបចំបើកហាងលក់ម្ហូបអាហារ និងភេសជ្ជៈជប៉ុនដែលជាផលិតផលរបស់ប្រទេសជប៉ុន១០០ភាគរយតែម្ដង ។មុខទំនិញរាប់ពាន់មុខត្រូវបានគេ តម្រៀបតាំងលក់យ៉ាងមានរបៀបរៀបរយ តាមស្ដង់ដាអន្ដរជាតិ មានបុគ្គលិករង់ចាំ ទទួលភ្ញៀវប្រកបដោយភាពរួសរាយរាក់ទាក់ និងមានទីធ្លាសំរាប់ចតយានយន្ដផងដែរ ។ នេះគឺជាលើកទីមួយហើយដែលអាហារ និងភេសជ្ជៈរបស់ជប៉ុនត្រូវបានគេបើកលក់ជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា មាន ដូចជាសាច់គោបេ ស្រាសាកេ គ្រឿងសមុទ្រ ត្រីឆៅដែលសុទ្ធតែនាំមកពីប្រទេសជប៉ុន និងមានស្ដង់ដាអនាម័យបែបអន្ដរជាតិ ។
ហាងនេះមានឈ្មោះថា “ក្រុមហ៊ុនផ្គត់ផ្គង់អាហារជប៉ុន” ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ជិតសាលាខណ្ឌចំការមន គឺជាផ្សារដ៏ទំនើបមួយដែល បង្កើតឡើងដោយក្រុមហ៊ុន AKURUHI Group ដែលជាក្រុមហ៊ុនដ៏ធំមួយមានបទពិសោធន៍រយៈពេល១២ឆ្នាំនៅប្រទេសវៀតណាម នៅក្នុងការផ្គត់ផ្គង់ម្ហូបអាហារបែបជប៉ុន ហើយនៅទីនោះមានភោជនីយដ្ឋានធំៗចំនួន៤កន្លែងសំរាប់បំរើសេចក្ដីត្រូវការរបស់អតិថិជនជប៉ុន ។
នៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនកំពុងពិចារណាក្នុងការសំលឹងមើលទីផ្សារ នៅខេត្ដសៀមរាបទៀតថាតើគួរបើក ទីផ្សារផ្គត់ផ្គង់អាហារភេសជ្ជៈជប៉ុននៅទីនោះទៀត ឬអត់ ។
ចែករំលែកព័តមាននេះ