ប្រជាពលរដ្ឋមួយចំនួនតែងតែគិតថា ការស្នើសុំឥណទានពីធនាគារយកមកប្រកបមុខរបរ អាជីវកម្មតូចៗ និងមធ្យមមានការលំបាកដោយសារតែតម្រូវឱ្យមានលក្ខខណ្ឌច្រើន និងស្មុគស្មាញ តែបច្ចុប្បន្ននេះមិនលំបាកដូចជាការគិតនោះទេ គឺវាមានភាពងាយស្រួលណាស់ ហើយថែមទាំងដំណើរការយ៉ាងឆាប់រហ័សថែមទៀតផង។
ទាក់ទងទៅនឹងវិធីសាស្ត្រដែលងាយស្រួលក្នុងការទទួលបានឥណទានពីធនាគារសម្រាប់យកទៅប្រកបអាជីវកម្ម និងមុខរបរតូចតាចនោះលោក អ៊ុន សាលីន នាយកជាន់ខ្ពស់សាខាក្រុងភ្នំពេញ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ធនាគារ អេស៊ីលីដា តែងតែផ្តល់ជូនឥណទានដល់សហគ្រិនខ្នាតតូច ខ្នាតមធ្យម ហើយសម្រាប់វិធីសាស្ត្រងាយៗក្នុងការទទួលឥណទាននោះ លោកបានចែករំលែកឱ្យដឹងនូវចំណុចសំខាន់ ៣ ដូចខាងក្រោមនេះ ៖
ទី១- អតិថិជនជានីតិជន ដែលត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដោយមានមុខរបរប្រកបអាជីវកម្មច្បាស់លាស់ និងស្របច្បាប់ដែលជាឧទាហរណ៍មានដូចជា ៖ លក់បន្លែ ផ្លែឈើ លក់ទឹកអំពៅ ឬលក់នំនៅតាមផ្សារ តាមរទេះរុញជាដើម និងមានចំណូលទៀងទាត់ ព្រមទាំងមានច្ឆន្ទៈក្នុងការសងត្រឡប់វិញ ។
ទី២- អតិថិជនត្រូវមានឯកសារសម្គាល់ដែលទទួលស្គាល់ពីអាជ្ញាធរ ដូចជាបណ្ណគ្រួសារ អត្តសញ្ញាណបណ្ណ បណ្ណកម្មសិទ្ធិ លិខិតផ្ទេរសិទ្ធិពីភូមិ សង្កាត់ ខណ្ឌ ស្រុក ឬបណ្ណកម្មសិទ្ធិដែលទទួលស្គាល់ដោយមន្ទីរសុរិយោដីរាជធានី ខេត្ត-ក្រុង ។
ទី៣- នៅពេលមានឯកសារគ្រប់គ្រាន់ហើយ គឺងាយស្រួលមែនទែន ដោយអតិថិជនគ្រាន់តែមកដាក់ពាក្យនៅធនាគារ អេស៊ីលីដា ដែលនៅជិតផ្ទះគាត់ ឬតាមរយៈភ្នាក់ងារឥណទាន ឬតាមរយៈអតិថិជនដែលធ្លាប់ទទួលបានឥណទានពីធនាគារ អេស៊ីលីដា ឬក៏តាមរយៈទំនាក់ទំនងតាមលេខទូរស័ព្ទទៅការិយាល័យទំនាក់ទំនងក៏បាន ដោយដំណើរការក្នុងរយៈពេលយ៉ាងលឿនបំផុត។
ក្រៅពីបង្ហាញអំពីវិធីសាស្ត្រដែលងាយស្រួលសម្រាប់អតិថិជនក្នុងការទទួលឥណទានពីធនាគារសម្រាប់យកទៅប្រកបមុខរបរហើយនោះលោក អ៊ុន សាលីន ក៏បានបង្ហាញអំពីទស្សនៈ និងបេសកកម្មរបស់ ធនាគារ ឱ្យដឹងដែរថា ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជកម្មដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុតជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។
លោកបានបន្ថែមទៀតថា បេសកកម្មរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺផ្តល់ជូនសហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងសាធារណជននូវមធ្យោបាយក្នុងការគ្រប់គ្រងចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង ដោយផ្តល់នូវនិរន្តរភាព និងបង្កើនអត្ថប្រយោជន៍ជូនភាគទុននិក កម្មករនិយោជិក ព្រមទាំងសហគមន៍ទាំងអស់ ។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវ សង្គម ច្បាប់ និងបរិស្ថានកម្រិតខ្ពស់បំផុត ។
លោកបានឱ្យដឹងទៀតថា យោងតាមអនុសាសន៍របស់លោកប្រធាននាយកប្រតិបត្តិនៅឆ្នាំ ២០១៩ នេះ ប្រាក់ចំណេញរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺច្រើនជាង ១០០ លានដុល្លារ លើសពីការគ្រោងទុក ហើយថ្មីៗនេះធនាគារ អេស៊ីលីដា បានដាក់ចេញនូវធនាគារឌីជីថល គឺជាធនាគារនៅក្នុងដៃអតិថិជនគ្រប់ទីកន្លែងដែលហៅថា «អេស៊ីលីដា ទាន់ចិត្ត» ហើយតាមរយៈ «អេស៊ីលីដា ទាន់ចិត្ត» នេះអតិថិជនអាចផ្ទេរប្រាក់បានដល់ទៅ ២០ ម៉ឺនក្នុង ១ ថ្ងៃ ហើយថែមទាំងអាចផ្ទេរប្រាក់ពីគណនីរបស់អតិថិជនទៅដៃគូរបស់គាត់បានថែមទៀតផង លើសពីនេះទៅទៀតនោះថែមទាំងអាចបង់ថ្លៃទឹក ភ្លើង និងសេវាកម្មផ្សេងៗ ឬក៏អាចមើលព័ត៌មានអត្រាប្តូរប្រាក់នៅក្នុងទូរស័ព្ទដៃរបស់អតិថិជនផ្ទាល់តែម្តង បានយ៉ាងងាយស្រួលបំផុត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ