ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​ជក់​ស្មា​ត​ហ្វូ​ន​ភ្លេច​បុណ្យកឋិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រៀង​រាល់​រដូវ​កាល​បុណ្យ​កឋិនទាន​កាលពី​ជា​ច្រើន​ឆ្នាំ​មុន គេ​ឃើញ​ក្បួន​រថយន្ត​ចេញដំណើរ​ជា​ច្រើន​គ្រឿង ដែល​មាន​ទាំង​មនុស្ស​វ័យ​ចំណាស់ ​និង​វ័យក្មេង​បាន​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ទី​វត្ត​អា​រ៉ា​ម​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ទិដ្ឋភាព​យុវជន​និង​យុវតី​ដង្ហែ​កឋិនទាន​តាមរថយន្ត ហាក់ដូចជា​មិនឃើញ​មាន​ទៀត​ឡើយ​នៅ​ពេល​នេះ ខណៈ​ពួក​គេ​នាំ​គ្នា​ចូល​ចិត្តលេង​ស្មា​ត​ហ្វូ​ន​ជាប់​នឹង​ដៃ ។ ព្រះ​មហា​សែ​ម…

រៀង​រាល់​រដូវ​កាល​បុណ្យ​កឋិនទាន​កាលពី​ជា​ច្រើន​ឆ្នាំ​មុន គេ​ឃើញ​ក្បួន​រថយន្ត​ចេញដំណើរ​ជា​ច្រើន​គ្រឿង ដែល​មាន​ទាំង​មនុស្ស​វ័យ​ចំណាស់ ​និង​វ័យក្មេង​បាន​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ទី​វត្ត​អា​រ៉ា​ម​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ទិដ្ឋភាព​យុវជន​និង​យុវតី​ដង្ហែ​កឋិនទាន​តាមរថយន្ត ហាក់ដូចជា​មិនឃើញ​មាន​ទៀត​ឡើយ​នៅ​ពេល​នេះ ខណៈ​ពួក​គេ​នាំ​គ្នា​ចូល​ចិត្តលេង​ស្មា​ត​ហ្វូ​ន​ជាប់​នឹង​ដៃ ។

ព្រះ​មហា​សែ​ម សុជន បាន​មាន​ថេរ​ដីកា​ថា ការ​ថយ​ចុះ​ចំនួន​យុវវ័យ​ក្នុង​ក្បួន​កឋិននេះ អាច​បណ្តាល​មក​ពី​កត្តា​សង្គមមនុស្ស និង​វិបត្តិ​ក្នុង​សង្គម​សង្ឃ​រួម​ផ្សំ​ផង​ដែរ ។ព្រះ​មហា​សែ​ម សុជន បាន​មាន​ថេរ​ដីកា​បន្ត​ថា ដោយសារ​តែ បច្ចុប្បន្ន​ជា​សម័យកាល​រុងរឿង​ទៅដោយ​បច្ចេកវិទ្យា​សម្បូរ​បែប ម្ល៉ោះហើយ​យុវវ័យ​ក៏​ងាក​មករ​វល់​នឹង​អ្វី​ដែល​ជា​ចំណង់​ចំណូលចិត្ត​របស់​គេ​នៅ​លើ​បណ្តាញ​សង្គម ដែល​មាន​សម្បូរ​បែប​វិញ​ម្តង ដោយ​ទុក​បុណ្យ​ទាន​មួយអន្លើ​សិន ។

នេះ​ខុស​ពី​ពេល​ជា​ច្រើន​ឆ្នាំ​មុន ដែល​យុវជន​និង​យុវតី​ជា​ច្រើន​នាក់​បាន​ធ្វើ ដំណើរ​តាម​ឡានជាមួយនឹង​ទឹកមុខ​សប្បាយ​រីករាយ​ដើម្បី​ចូលរួម កា​រហែ​កឋិនទាន​ទៅ​កាន់​វត្ត​អារាម​តាម​បណ្តា​ខេត្ត​នានា ។ បណ្តាញ​សង្គម​ក៏​បាន​ធ្វើ​ឱ្យ​រីក​រាលដាល​នៃ​ការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ដែល​កើតមាននៅ​ក្នុង​សង្គម​សង្ឃ​ផង​ដែរ ។ ឱ្យ​តែ​មានរឿង​ទាក់ទង​នឹង​ព្រះសង្ឃ គេ​បាន​នាំ​គ្នា​ផ្សាយពេញ​បណ្តាញ​សង្គម ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​សង្ឃ​ទាំងមូល ។ ខុស​ពី​យុវវ័យ​ជំនាន់​មុន ដោយសារ​តែ​វិទ្យាសាស្ត្រ​មិន​ទំនើប​មិន​សម្បូរ​បែប​ដូច​បច្ចុប្បន្ន គឺ​ដឹង​បាន​ត្រឹមតែ​តាម​វិទ្យុ ទូរទស្សន៍ កាសែត មិន​ទូលំទូលាយ​ទេ ។

បើ​មាន​វិបត្តិ​អ្វីមួយ​កើតឡើង​នៅ​ក្នុង​សង្គម​សង្ឃក៏​មិន​លេច​កេរ្តិ៍​អសោចិ៍ ខ្ទរខ្ទារ​សុះសាយ​ដែរ ។ម្ល៉ោះហើយ​អ្នក​ចូល​ចិត្ត​បុណ្យ​ទាន​ក៏​នៅ​តែ​មិន​រា​ថយ គឺ​នៅ​តែ​សប្បាយ​នឹង​បុណ្យ​ទាន​ដដែល ។ ឥឡូវ​នៅ​ពេល​អ្នកបួស​ខ្លះ​ប្រព្រឹត្ត​ប្រាសចាក​ធម៌​វិន័យ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​បណ្តាញ​សង្គម​បង្ហោះ​ព្រោងព្រាត​ប៉ះពាល់​ដល់សេចក្តី​ថ្លៃថ្នូរ​ព្រះពុទ្ធ​សាសនា​បំផុត ដូច​ទាញ​សទ្ធាចិត្ត​ពុទ្ធបរិស័ទ​ឱ្យ​ក្រឡាប់ចាក់​អុ​ី​ចឹ​ង ។ ដូច​ឃើញ​ស្រាប់​ហើយ ដំណឹង​ដែល​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​សព្វ​ថ្ងៃនេះ ត្រូវ​បាន​ផ្សព្វផ្សាយ​លឿន​ណាស់ ហើយ​ទូលំទូលាយ​ទៀត​ផង ។ ព្រោះតែ​កត្តារួម​ផ្សំទាំង​អស់នេះ​ហើយ ទើប​ជា​ហេតុ​នាំ​ឱ្យ​មនុស្ស​សម័យ​ទំនើប ពិសេស​ក្រុម​យុវវ័យ​ដែល​ជា​ប្រភព​កម្លាំង​យ៉ាង​ពិសេស​មាន​ចំនួន​ថយ​ចុះ​ក្នុង​ការ​ចូលរួម​ក្នុង​ក្បួន​កឋិន​គួរ​ឱ្យ​កត់សម្គាល់។

ច័ន្ទ ដា​រា យុវជន​អាយុ​២១​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​និយាយ​ថា ទាំង​រូប​គាត់​និង​មិត្តភក្តិ​ដូច​ជា​មិន បាន​នឹក​ដល់​បុណ្យកឋិន​នេះ​ទេ ។ យើង​គិត​ថា​វា​ជា​ពិធី​សម្រាប់​មនុស្សចាស់ ។ ម្យ៉ាង​យើង​រវល់​ច្រើន ហើយ​ម្យ៉ាងទៀត​ការ​កម្សាន្ត​របស់​យុវវ័យ​មាន​សម្បូរ​បែប​ណាស់​ដោយ​គ្រាន់តែ​មាន​ទូរស័ព្ទ​មួយ​គេ​អាច​កម្សាន្ត​បាន​ច្រើន​យ៉ាងដូច​ជា​មើល​ភាពយន្ត លេង​ហ្គេ​ម និង​ជជែក​លេង​ជាមួយ​មិត្តភក្តិ​ជាដើម ។ គាត់​បន្ត​ទៀត​ថា​ដូច្នេះ ស្មា​ត​ហ្វូ​ន​ក៏​អាច​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ដែល​យុ​វ៏​យ​សម័យនេះ​មិន​ចូលរួមហែ​ក​ឋិន ។

តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា កឋិនទាន​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ពី​ថ្ងៃ​១​រោច ខែអស្សុជ រហូត​ដល់ថ្ងៃ​១៥ កើត​ខែកត្តិក ដែល​មាន​រយៈពេល​២៩​ថ្ងៃ​។ អ្នក​ផ្ដើមបុណ្យ​បាន​រៀបចំ​គ្រឿង​បរិក្ខារ​កឋិន​មានដូច​ជា ត្រៃ​ចីវរ​គឺ ស្បង់ ចីវរ សង្ឃាដី ព្រម​ដោយ​ទេយ្យទាន​ផ្សេង​ៗ​ទៀត​ដូច​ជា បាត្រ ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆត្រ​ជាដើម ព្រមទាំង​ប្រាក់​សម្រាប់​តម្កល់​អង្គ​កឋិន​ផង ហើយ​ក៏​នាំ​គ្នាហែ​ទៅ​កាន់​វត្ត​អារាម​ដែល​បាន​កំណត់​ទុក​រៀង​ៗ​ខ្លួន ។

បើ​កឋិន​នោះ​ដង្ហែ​ទៅ​វត្ត​ឆ្ងាយ គេ​ជួបជុំ​គ្នា​ពីព្រលឹម​រួច​នាំ​គ្នា​ឡើង​រថយន្ត​សំដៅ​ទៅ​វត្ត​នោះ​ក្រោម​បរិយា​កាស​សប្បាយ​រីករាយ ។ លុះ​អង្គ​កឋិន​ទៅ​ដល់​វត្ត​ហើយ គេ​មិន​ទាន់​យក​អង្គ​កឋិន​នោះ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ភ្លាម​ទេ គឺ​គេ​តម្កល់​ទុកនៅ​ក្នុង​សាលា​បុណ្យ​មួយអន្លើ​សិន ហើយ​និមន្ដ​ព្រះសង្ឃ​ឆាន់ចង្ហាន់​ពេល​ថ្ងៃត្រង់ ។ បន្ទាប់​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ដ​រៀបចំ​ទទួល​ភោជនាហារ​ជូន​ដល់​ភ្ញៀវ​រួចរាល់​ហើយ​ក៏​នាំ​គ្នា​ហែ​អង្គ​កឋិន​ព័ទ្ធ​ជុំវិញ​ព្រះ​វិហារ​ចំនួន​បី​ជុំ ទើប​នាំ​ចូល​ទៅ​តម្កល់​ក្នុង​ព្រះ​វិហារ ហើយ​វេរ​អង្គ​កឋិន​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ ៕

អត្ថបទសរសេរ ដោយ