ជំងឺដាច់សសៃឈាមខួរក្បាលអាចកើតឡើងចំពោះគ្រប់គ្នាដោយមិនកំណត់វ័យនិងភេទឡើយ។ បញ្ហាគួរអោយព្រួយបារម្ភនៃស្ថានភាពនេះ គឺវាអាចកើតឡើងភ្លាមៗតែម្ដង។ ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថា តើខ្លួនឯងកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលឬយ៉ាងណា? ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺដាច់សសៃខួរក្បាល ហើយអ្នកចាំបាច់គួរដឹង ៖
១. សម្ពាធឈាមឡើងខ្ពស់ ៖ មួយក្នុងចំណោមកត្តាផ្សេងទៀតនៃជំងឺដាច់សសៃឈាមខួរក្បាល គឺមានសម្ពាធឈាមខ្ពស់មិនអាចគ្រប់គ្រងបាន។ បញ្ហានោះ គឺការឡើងចុះនៃសម្ពាធឈាមជះឥទ្ធិពលលើសសៃឈាមដែលធ្វើអោយងាយនឹងដាច់ ឬស្ទះ។ នេះហើយជាមូលហេតុមួយដែលវេជ្ជបណ្ឌិតជាច្រើនណែនាំអោយអ្នករក្សាបាននូវសម្ពាធឈាមប្រក្រតីគ្រប់ពេលដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល។
២. ជំងឺបេះដូង ៖ មានជំងឺបេះដូងច្រើនប្រភេទណាស់ដែលអាចជះផលប៉ះពាល់ដល់សសៃឈាមបណ្ដាលអោយស្ទះ ហើយបង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមធ្វើលំហាត់ប្រាណទៀងទាត់ និងរក្សារបបអាហារសុខភាពល្អ។
៣. ការទទួលទានគ្រឿងស្រវឹងច្រើនពេក ៖ ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលគួរអោយព្រួយបារម្ភ។ ដូច្នេះចូរកម្រិតការទទួលទានរបស់អ្នកមិនលើសពី ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារី។
៤. ការជក់បារី ៈ បញ្ហានោះ គឺការជក់បារីបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អ ហើយបែរជាបន្ថយកូឡេស្តេរ៉ូលល្អទៅវិញ។នៅពេលកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ពេក វានឹងបង្កការខូចខាតដល់ជញ្ជាំងសសៃឈាមធ្វើអោយស្ទះ។ សសៃឈាមស្ទះរារាំងលំហូរឈាមគ្រប់គ្រាន់ទៅកាន់ខួរក្បាល ក៏ដូចជាបេះដូងដែលគ្រោះថ្នាក់ណាស់ចំពោះសុខភាពទាំងមូល។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺដាច់សសៃឈាមខួរក្បាល អ្នកគួរបញ្ឈប់ទម្លាប់ជក់បារី។
៥. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ ៖ ស្ត្រេសអាចជះឥទ្ធិពលគួរអោយព្រួយបារម្ភណាស់លើសុខភាពរាងកាយទាំងមូល ក៏ដូចជាបង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។ នោះក៏ព្រោះតែភាពតានតឹងក្នុងអារម្មណ៍អាចបណ្ដាលអោយសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយភាពតានតឹងរបស់អ្នក (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ