ប្រទេសចិន៖ បុរសជនជាតិចិនម្នាក់អាយុ ២៦ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានអាការៈឈឺចាប់នៅតំបន់ពោះ ហើយការពិនិត្យបានរកឃើញថា ថង់ទឹកប្រមាត់របស់គាត់ពោរពេញដោយក្រួសជាច្រើនដុំ។ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ និងយកក្រួសចេញបានសរុបរហូតដល់ ២៤៨ដុំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times។
តាមការរាយការណ៍ ការពិនិត្យរូបភាពវេជ្ជសាស្ត្របានបង្ហាញថា ក្រួសជាច្រើនបានបង្កការស្ទះក្នុងថង់ទឹកប្រមាត់ និងធ្វើឱ្យស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ។ ដោយសារហានិភ័យនៃការរលាកថង់ទឹកប្រមាត់ និងផលវិបាកផ្សេងៗ គ្រូពេទ្យបានសម្រេចធ្វើការវះកាត់ជាបន្ទាន់ ហើយបានយកក្រួសចេញចំនួន ២៤៨ដុំ។
មូលហេតុមួយដែលត្រូវបានលើកឡើងគឺទម្លាប់រស់នៅ និងការទទួលទានអាហាររបស់បុរសរូបនេះ។ ដោយសារការងារមមាញឹក គាត់ជារឿយៗមិនទទួលទានអាហារពេលព្រឹក ហើយពឹងផ្អែកលើអាហារដឹកជញ្ជូន ដូចជា អាហារចៀន អាហារដុត អាហារមានជាតិខ្លាញ់ និងភេសជ្ជៈផ្អែម។ លើសពីនេះ គាត់ក៏មិនសូវហាត់ប្រាណ និងមានទម្លាប់ចូលគេងយប់ផងដែរ។
អ្នកជំនាញបានព្រមានថា ការទទួលទានអាហារមានជាតិខ្លាញ់ខ្ពស់ ការមិនសូវធ្វើសកម្មភាពរាងកាយ និងទម្លាប់បរិភោគអាហារមិនទៀងទាត់ អាចជាកត្តាដែលពាក់ព័ន្ធនឹងហានិភ័យកើតក្រួសក្នុងថង់ទឹកប្រមាត់។ ដូច្នេះ គួររក្សារបបអាហារឱ្យមានតុល្យភាព កាត់បន្ថយអាហារខ្លាញ់ និងភេសជ្ជៈផ្អែម បង្កើនការទទួលទានបន្លែ និងផ្លែឈើ ព្រមទាំងរក្សាសកម្មភាពរាងកាយជាប្រចាំ៕
ចែករំលែកព័តមាននេះ