សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស សាច់ជ្រូក និងផលិតផលពីជ្រូក គឺជាអាហារដែលមនុស្សជាច្រើនចូលចិត្ត ប៉ុន្តែផ្នែកខ្លះនៃជ្រូកគួរត្រូវបានយកចិត្តទុកដាក់ជាពិសេស ព្រោះអាចមានបាក់តេរី ប៉ារ៉ាស៊ីត ឬសារធាតុកខ្វក់ ប្រសិនបើមិនបានសម្អាត និងចម្អិនត្រឹមត្រូវ។ ផ្នែកដែលគួរប្រុងប្រយ័ត្នរួមមាន ពោះវៀន ថ្លើម សួត ក និងតម្រងនោម។
ពោះវៀនជ្រូក ជាផ្នែកមួយនៃប្រព័ន្ធរំលាយអាហារ ដូច្នេះអាចមានបាក់តេរី និងប៉ារ៉ាស៊ីត ប្រសិនបើសម្អាតមិនបានល្អ។ ការចម្អិនមិនឆ្អិនល្អអាចបង្កហានិភ័យដល់សុខភាព។ ដូច្នេះ គួរលាងសម្អាតឱ្យបានម៉ត់ចត់ និងចម្អិនឱ្យឆ្អិនល្អមុនទទួលទាន។ ចំណែក ថ្លើមជ្រូក ជាសរីរាង្គដែលចូលរួមក្នុងការបំប្លែងសារធាតុជាច្រើនក្នុងរាងកាយ ហើយអាចមានសារធាតុបំពុលមួយចំនួនកកកុញ ដូចជាលោហៈធ្ងន់ ប្រសិនបើសត្វបានប៉ះពាល់នឹងសារធាតុទាំងនេះ។
សួតជ្រូក ក៏ត្រូវប្រុងប្រយ័ត្ន ព្រោះវាជាសរីរាង្គប្រព័ន្ធដង្ហើមដែលប៉ះពាល់នឹងបរិស្ថាន និងអាចមានការឆ្លងមេរោគនៅក្នុងសត្វ។ រចនាសម្ព័ន្ធសួតដែលមានថង់ខ្យល់ និងផ្លូវដង្ហើមជាច្រើន ក៏ធ្វើឱ្យការសម្អាតមិនងាយស្រួល។ ដូច្នេះ គួរជ្រើសរើសប្រភពដែលមានអនាម័យ សម្អាតឱ្យបានល្អ និងចម្អិនឱ្យឆ្អិនពេញលេញ។
កជ្រូក ជាតំបន់ដែលមានកូនកណ្តុរជាច្រើន ដែលជាផ្នែកមួយនៃប្រព័ន្ធការពាររាងកាយរបស់សត្វ។ នៅពេលទិញ ឬរៀបចំផ្នែកកជ្រូក គួរពិនិត្យ និងយកចេញនូវកូនកណ្តុរ ឬជាលិកាដែលមានសភាពមិនប្រក្រតី មុនពេលចម្អិន។ ចំណែក ក្រលៀនជ្រូក ជាសរីរាង្គដែលមានតួនាទីចម្រោះឈាម និងបញ្ចេញសារធាតុកាកសំណល់ ហើយសារធាតុមួយចំនួន ដូចជា កាដមីញ៉ូម អាចកកកុញនៅក្នុងតម្រងនោម និងថ្លើម ប្រសិនបើមានការប៉ះពាល់រយៈពេលយូរ។
ជាទូទៅ ហានិភ័យនៃផ្នែកទាំងនេះអាស្រ័យលើប្រភពសត្វ កម្រិតនៃការបំពុល វិធីសម្អាត និងការចម្អិន។ ដូច្នេះ អ្នកប្រើប្រាស់គួរជ្រើសរើសផលិតផលដែលមានប្រភពច្បាស់លាស់ សម្អាតឱ្យបានត្រឹមត្រូវ ចម្អិនឱ្យឆ្អិនល្អ និងកុំទទួលទានគ្រឿងក្នុងញឹកញាប់ពេក។ ការប្រើប្រាស់ក្នុងបរិមាណសមស្រប និងការរក្សាអនាម័យក្នុងពេលរៀបចំអាហារ គឺជាវិធីសំខាន់ក្នុងការកាត់បន្ថយហានិភ័យសុខភាព៕
ចែករំលែកព័តមាននេះ