ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សម្តែង​ជើង​ចាស់ អឹុម ផល្លារ ចង់​សម្លា​ប់​ខ្លួន​ម្តង​ៗ​ដោយសារ​បញ្ហា​ជីវ​ភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​អ្នកស្រី អ៊ឹម ផល្លារ ដែល​ភាគច្រើន​សម្តែង​ជា​តួអង្គ​ម្តាយ​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារា​រូប​នេះ​ជួប​បញ្ហា​ជីវភាព​យ៉ាងធ្ងន់ធ្ងរ មិន​អាច​ដោះស្រាយ​ចេញ​រហូត​ប៉ង​សម្លាប់​ខ្លួន ក្នុង​ពេល​ដែល​អ្នកស្រី​បាន​បង្ហាញ​វត្តមាន​សម្តែង​ស្ទើរ​គ្រប់​រឿង ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​អ្នកស្រី អ៊ឹម ផល្លារ ដែល​ភាគច្រើន​សម្តែង​ជា​តួអង្គ​ម្តាយ​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារា​រូប​នេះ​ជួប​បញ្ហា​ជីវភាព​យ៉ាងធ្ងន់ធ្ងរ មិន​អាច​ដោះស្រាយ​ចេញ​រហូត​ប៉ង​សម្លាប់​ខ្លួន ក្នុង​ពេល​ដែល​អ្នកស្រី​បាន​បង្ហាញ​វត្តមាន​សម្តែង​ស្ទើរ​គ្រប់​រឿង ។

តាម​រយៈ​ការ​សម្តែង​របស់​អ្នកស្រី អ៊ឹម ផល្លារ គ្មាន​នរណា​ម្នាក់​គិត​ទេ​ថា តារា​រូប​នេះ​ជួប​បញ្ហា​ជីវ​ភាព​ខ្វះខាត​នោះ​ទេ ព្រោះ​អ្នកស្រី​ហាក់​មិនសូវ​បាន​លាតត្រដាង​ពី​បញ្ហា​ជីវភាព​ជា​សាធារណៈ​នោះ​ឡើយ ។ ធាតុ​ពិត​របស់​តារា​សម្តែង​ជើង​ចាស់​រូប​នេះ មិន​ខុស​ពី​តារា​សម្តែង​ចាស់​ៗ​មួយ​ចំនួន​ទៀត​ឡើយ ពោល​គឺ​អ្នកស្រី អ៊ឹម ផល្លារ កំពុង​ស្នាក់​នៅផ្ទះ​ជួល​ជាមួយនឹង​ជីវភាព​ខ្វះ​មុខ​ខ្វះក្រោយ ។

កាន់តែ​អាណិត​ខ្លោចចិត្ត​បន្ថែម​ទៀត​នោះ អ្នកស្រី​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ចាក់សោរ​មិន​ឲ្យ​ចូល​ស្នាក់​នៅ ដោយសារ​អ្នកស្រី​មិន​បាន​បង់ថ្លៃ​ជួល​រយៈពេល​៣​ខែ​មក​ហើយ ទើប​ធ្វើ​ឲ្យ​អ្នកស្រី​ពិបាកចិត្ត​គិត​អ្វី​មិន​ចេញ រហូត​ប៉ង​សម្លាប់​ខ្លួន​ថែម​ទៀត ។

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា ដែល​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកស្រី អ៊ឹម ផល្លារ បាន​ឲ្យ​ដឹង​ថា អ្នក​មីង ផល្លារ ត្រូវ​បាន​ម្ចាស់ផ្ទះ​ចាក់សោរ​មិន​ឱ្យ​ចូល​ដោយសារ​អត់​បង់ថ្លៃ​ផ្ទះ​ឱ្យ​គេ ហើយ​គាត់​ប៊ិះ​នឹង​លោតទឹក​សម្លាប់​ខ្លួន​ទៅ​ហើយ ។

លោក​បញ្ជាក់​ថា អ្នក​មីង ផល្លារ រាល់ថ្ងៃ​ជួល​បន្ទប់​គេ​នៅ​ជាមួយ​កូន​ម្តុំ​ផ្សារ​កណ្តាល​ជាន់​ទី​៣ ដោយ​​អ្នក​មីង​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត និង​មាន​ជំងឺ រហូត​កាលពី​ម្សិលមិញ​អ្នក​មីង​មក​ដល់​ផ្ទះ​ខ្ញុំ ហើយ​ស្រែកយំ​រៀបរាប់​ទាំង​ទឹកភ្នែក ដោយ​ឱ្យ​ជួយ​ផ្សព្វផ្សាយ និង​ជួយ​ដល់​គាត់​ផង​។

បើ​តាម​លោក អ៊ឹម ជីវ៉ា អ្នក​មីង ផល្លារ គឺជា​តារា​សម្តែង​ជើង​ចាស់​ដែល​ទទួល​បានការ​គាំទ្រ​ពី​ទស្ស​និកជន ដោយ​អ្នក​មីង​តែងតែ​ថត​ខ្សែភាពយន្ត​ជា​ច្រើន​រឿង​រាប់​មិន​អស់ ដោយ​ដើរតួ​ជា​ម្តាយ មេដោះ អ្នកបម្រើ យាយ អក ។​ល​។ អ្នក​មីង​តែងតែ​ដើរ​ថតកុន​ឱ្យ​គេ​បាន​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ ពេល​​ខ្លះ​មាន​ផលិតកម្ម​ខ្លះ​មិន​បើក​លុយ​ឱ្យ​អ្នក​មីង​ផង​ដែរ តែ​មីង ផល្លារ មិន​ហ៊ាន​ទារ​ទេ ខ្លាច​គេ​លែង​ហៅ​ថត សុខចិត្ត​ដើរ​ខ្ចី និង​សុំ​ពី​មិត្ត​សិល្បៈ​ពេល​ទៅ​ថត​ម្តង​ៗ ។

លោក អ៊ឹម ជីវ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះបីជា​អ្នក​មីង អ៊ឹម ផល្លារ សម្តែង​រឿង​បាន​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​នាម​ជា​តួ​ម្តាយ និង​តួ​អ្នកបម្រើ គឺ​តម្លៃ​ខ្លួន​នៃ​ការ​ថត​មិន​បាន​ច្រើន​នោះ​ឡើយ ។ តម្លៃ​ខ្លួន​ថត​របស់​គាត់ ពេល​ខ្លះ​កាត់ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ថត និង​ការ​ហូប​ចុក សម្លៀក​បំពាក់ គឺ​ស្ទើរ​តែ​គ្មាន​សល់​នោះ​ឡើយ ខណៈ​ពេល​ដែល​ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​កូន​ក្នុង​បន្ទុក​ថែម​ទៀត ។

ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​មានការ​ផ្សព្វផ្សាយ​នូវ​ដំណឹង​មួយ​នេះ​រួច​មក​លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់​ថា មាន​សប្បុរសជន និង​អ្នកសិល្បៈ​ដូច​គ្នា​បាន​ជួយ​ជា​ថវិកា​បាន​មួយ​ចំនួន​ជា​បន្តបន្ទាប់ សម្រាប់​ឲ្យ​អ្នក​មីង អ៊ឹម ផល្លារ ដោះស្រាយ​បញ្ហា​បាន​មួយ​រយៈ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ