រាជធានីភ្នំពេញ៖ រហូតមកទល់ពេលនេះ កញ្ញា ប៊េននី យ៉ាំង នៅតែបន្តមានបញ្ហាដោយសារការកែខ្ទង់ច្រមុះមិនទាន់ជោគជ័យ ។ មិនត្រឹមតែមិនទាន់ទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែច្រមុះរបស់នាងថែមទាំងមានបញ្ហាដំបៅដោយមានខ្ទុះនៅខាងក្នុង បន្ទាប់ពីនាងវិលមកពីធ្វើការកែសម្ផស្សពីប្រទេសកូរ៉េវិញ ។
តាមរយៈវីដេអូដែលបានបង្ហោះនៅលើហ្វេសប៊ុក ប៊េននី យ៉ាំង បានអះអាងថា ដោយសារតែនាងចង់លើកច្រមុះឡើងបន្តិចនោះ ទើបនាងទៅកែសម្ផស្សក្នុងប្រទេសកូរ៉េ ។ ប៉ុន្តែការកែនោះ ហាក់មិនទាន់ទទួលបានជោគជ័យឡើយ ដោយបានធ្វើឱ្យច្រមុះរបស់នាងមានបញ្ហាដោយមានដំបៅ និងមានខ្ទុះនៅខាងក្នុងផងដែរ ។
ប៊េននី យ៉ាំង បន្ថែមថា ដោយសារតែសាច់ច្រមុះនាងស្តើងពេក ទើបពិបាកនៅក្នុងការកែនេះ ដែលនាងមានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលមិនបានជោគជ័យ។ ទោះជាយ៉ាងណាតារារូបនេះនៅតែអះអាងថា នឹងមិនមានការអស់សង្ឃឹមនោះឡើយ ដោយនាងនឹងស្វែងរកគ្រូពេទ្យជំនាញណាដែលអាចនឹងធ្វើឱ្យច្រមុះរបស់នាងមានភាពស្រស់ស្អាត ។
កញ្ញា ប៊េននី យ៉ាំង បរាជ័យក្នុងការកែសម្ផស្សវះកាត់ច្រមុះ បន្ទាប់ពីនាងបានចំណាយពេល និងប្រាក់កាសជាច្រើនម៉ឺនដុល្លារទៅប្រទេសកូរ៉េ ។ តាមរយៈការ Live វីដេអូរបស់នាងជាបន្តបន្ទាប់នាងបានបើកចំហរជាមួយនឹងសម្ផស្សពិត ដែលមើលទៅច្រមុះ របស់នាងមិនទាន់មានសភាពស្អាត ១០០ភាគរយនៅឡើយទេ ។
ការវះកាត់ចុងក្រោយនេះ គឺមានទាំងវះសាច់ត្រង់ស្បែកក្បាលរបស់នាងយកមកប៉ះប៉ូវ កន្លែងច្រមុះដែលខូចនោះ ។ ប៉ុន្តែមិនទាន់ទទួលលទ្ធផលល្អទេ ដូច្នេះហើយនាងនៅបន្តទៅវះកាត់នៅប្រទេសកូរ៉េម្តងទៀត ។ ទន្ទឹមនឹងការរងចាំការវះកាត់លើកទី ៤នេះ នាង ទទួលស្គាល់ថា ការកែសម្ផស្សខុសពិតជាធ្វើឱ្យនាងមានអារម្មណ៍បាក់ទឹកចិត្ត ពេលដែលនាងបានឃើញសភាពមុខមាត់របស់ខ្លួនលើកដំបូង ។
ជាការកត់សម្គាល់ បើទោះបីជាការកែសម្ផស្សនេះបានធ្វើឱ្យមានការឈឺចាប់ក៏ដោយ ប៉ុន្តែប៊េននី យ៉ាំង នៅតែព្យាយាមជាបន្តបន្ទាប់ នៅពេលដែលនាងគិតថា ចង់កែកន្លែងណាមួយនោះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ