ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមមន្ត្រីសាខាគយ និងរដ្ឋករខេត្តក្រចេះ ក្រោមការដឹកនាំពីលោកជា សុ ភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃទី៧ ខែកញ្ញានេះបានបើកប្រតិបត្តិការចុះឆែកឆេរទីតាំងទិញលក់ម៉ូតូតាមឃ្លាំងៗធំក្នុងខេត្ត និងរឹបអូសបានម៉ូតូគ្មានពន្ធនាំជាង៣០គ្រឿង ។
ក្រុមមន្ត្រីនិយាយថា មានម៉ូតូយ៉ាងហោច៣៣គ្រឿង ជាម៉ូតូខុសច្បាប់គ្មានពន្ធនាំចូលត្រូវបាន ធ្វើស្រាវជ្រាវចាប់រឹបអូសចេញពីតាមឃ្លាំងទិញលក់ម៉ូតូធំៗចំនួន២ នៅក្នុងខេត្តក្រចេះ ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ លោក ជា សុភ័ក្ត្រ បានថ្លែងឲ្យដឹងថា ក្រោមការ ណែនាំពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត គឺសមត្ថកិច្ច និងបន្តស្រាវជ្រាវបង្ក្រាបម៉ូតូគ្មានពន្ធបន្តទៀត ដែលមានដាក់លក់លួចលាក់នៅតាមឃ្លាំងម៉ូតូនានានៅក្នុងខេត្ត ។
បើតាមលោកព្រះរាជអាជ្ញារងបានបញ្ជាក់ថា ម៉ូតូទាំងចំនួន៣៣គ្រឿងដែលរឹបអូសចេញពី ឃ្លាំងចំនួន២កន្លែងធំៗក្នុងខេត្តនេះ គឺត្រូវនាំទៅរក្សាទុកនៅសាខាគយនិងរដ្ឋកររង់ចាំបន្តនីតិធី ។
តាមប្រភពព័ត៌មានបាននិយាយឲ្យដឹងថា ម៉ូតូចំនួនរាប់រយគ្រឿងដែលសុទ្ធគ្មានពន្ធនាំចូលសុទ្ធសឹងជាប្រភេទម៉ូតូដែលផលិតនៅប្រទេសវៀតណាមត្រូវបានម្ចាស់ឃ្លាំងប្រមូលមកដាក់លក់យ៉ាងចំហរដាក់តម្រៀបត្រៀបត្រានៅក្នុងឃ្លាំងម៉ូតូជាច្រើនកន្លែង ក្នុងខេត្តក្រចេះ ។
ជាមួយគ្នានេះក៏មានការកត់សម្គាល់ឃើញថា នេះជាការអនុវត្តច្បាប់នៃការចុះបោសសំអាត ម៉ូតូខុសច្បាប់គ្មានពន្ធជាលក្ខណៈទ្រង់ទ្រាយធំជាលើកទីមួយ ក្រោមការដឹកនាំពីស្ថាប័នអ្យការអមសាលាដំបូងខេត្ត ខណៈកន្លងមកជាច្រើនឆ្នាំមកនេះ មន្ត្រីជំនាញសាខាគយ និងរដ្ឋករខេត្ត បានសម្ងំមិនធ្លាប់អើរពើជាមួយ និងវិធានការបង្ក្រាបម្តងណាសោះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ