កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំធំ អគារសែនសុខ ធនាគារជាតិនៃកម្ពុជាបានរៀបចំកម្មវិធីបិទវគ្គសុក្រឹតការជំនាន់ទី១៣ សម្រាប់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមាន សិក្ខាកាមចូលរួមប្រមាណ៦៥នាក់។
វគ្គសុក្រឹតការនេះ ជាវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលធនាគារជាតិនៃកម្ពុជា បានរៀបចំឡើងក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលស្តីពីការអនុវត្តមុខងារ-ភារកិច្ច របស់ធនាគារកណ្តាលដល់មន្ត្រីបុគ្គលិកវ័យក្មេង ដែលទើបតែចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា និងមន្ត្រីដែលមិនធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលនេះ ហើយវគ្គនេះក៏ជាយន្តការមួយនៃក្របខណ្ឌបណ្តុះបណ្តាល មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា។
ឆ្លៀតក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ទេសាភិបាល បានកោតសរសើរស្មារតីថ្នាក់ដឹកនាំ និងក្រុមការងារដែលតែងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្ត្រីបុគ្គលិកក្មេងៗជំនាន់ក្រោយ ដើម្បីក្លាយជាមន្ត្រីប្រកបដោយគុណវុឌ្ឍ គ្រប់គ្រាន់ដែលអាចចូលរួមចំណែកគាំទ្រ និងលើកកម្ពស់មុខងារតួនាទីស្ថាប័ន ព្រមទាំងមានមតិផ្តាំផ្ញើដល់មន្ត្រីបុគ្គលិកជំនាន់ក្រោយឱ្យ ៖
១/- បន្តដុសខាត់ចំណេះដឹង ទាំងចំណេះដឹងទូទៅ និងជំនាញ
២/-ចេះប្រើប្រាស់ចំណេះដឹងបម្រើប្រយោជន៍ ការងារប្រចាំថ្ងៃឱ្យចំទិសដៅ និងមានប្រសិទ្ធភាព
៣/-គោរពការចាត់តាំង គោរពវិន័យការងារ
៤/-មានភាពស្មោះត្រង់ចំពោះការងារ និងថ្នាក់ដឹកនាំ
៥/-រក្សាការសម្ងាត់វិជ្ជាជីវៈជូនអតិថិជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា
៦/-មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខងារ និងភារកិច្ច
និង៧/-មានឆន្ទៈអភិវឌ្ឍខ្លួនឯង តាមរយៈការខិតខំព្យាយាមស្វ័យសិក្សា និងស្រាវជ្រាវឯកសារផ្សេងៗ។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ