សហរដ្ឋអាមេរិក ៖ មនុស្សយ៉ាងតិច៨នាក់ស្លាប់ និង២៦នាក់ទៀតបាត់ខ្លួន កាលពីព្រឹកថ្ងៃទី២ខែកញ្ញា ឆ្នាំ២០១៩ ដោយសារភ្លើងឆេះដ៏សន្ធោរសន្ធៅនាវាទេសចរណ៍មួយគ្រឿង ក្នុងដែនទឹកនៃរដ្ឋកាលីហ្វ័រនីញ៉ា។
ក្នុងចំណោមអ្នកបាត់ខ្លួន១២ម៉ោងក្រោយសោកនាដកម្មនេះនៅមិនទាន់អាចរកឃើញ។ នាវាមានបណ្ដោយ២២ម៉ែត្រនោះ ដែលគេជួលដើម្បីចេញទៅសមុទ្រមុជទឹក ក្រោយការឆេះបានលិចខណៈពួកអ្នកពន្លត់ភ្លើងកំពុងបន្តបាញ់ទឹកពន្លត់នាព្រឹកថ្ងៃទី២កញ្ញា។
យោងតាមកងឆ្មាំឆ្នេរសមុទ្រថា នាវាឈ្មោះCONCEPTIONនោះ ក្រោយឆេះ បានលិចក្នុងជម្រៅ២០ម៉ែត្រត្រង់កន្លែងមួយ ស្ថិតនៅចម្ចាយតែ១០ម៉ែត្រពីឆ្នេរសមុទ្រនៃកោះSANTA CRUZ ក្នុងដែនទឹកនៃក្រុងកំពង់ផែSANTA BARBARAជាកំពង់ផែរបស់នាវានោះ។
តាមបណ្ដាសារព័ត៌មានអាមេរិកថា សាកសពមនុស្ស៨នាក់បានត្រូវរកឃើញនៅក្បែរខ្មោចនាវាដោយពួកអ្នកសង្គ្រោះ។ មកដល់រសៀលថ្ងៃទី២កញ្ញា អ្នកដំណើរ២៦នាក់ដែលពេលនាវាឆេះប្រហែលជាដេកលង់លក់នៅតែបាត់ខ្លួន។ ពួកអ្នកជួយសង្គ្រោះបានប្រើមធ្យោបាយនានា ជាមួយពួកអ្នកមុជទឹកនិងជំនួយរបស់បណ្ដាឧទ្ធម្ភាគចក្រ ដើម្បីតាមរុករកអ្នកដែលអាចនៅរស់រានមានជីវិតជាយថាហេតុ ប៉ុន្តែអាជ្ញាធរសង្ស័យថា ពួកអ្នកបាត់ខ្លួនប្រហែលជាជាប់នៅក្នុងភ្លើង។
ក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងOXNARDរដ្ឋកាលីហ្វ័រនីញ៉ា ប្រមុខកងឆ្មាំឆ្នេរសមុទ្រម្នាក់គូសបញ្ជាក់ថា សរុបមានមនុស្ស៣៩នាក់ស្ថិតក្នុងនាវានេះប៉ុន្តែ៥នាក់ ជាសមាជិកក្រុមនាវិក អាចចាកចេញពីនាវាបានតាមមធ្យោបាយរបស់ពួកគេផ្ទាល់ ហើយត្រូវបានស្រង់ដោយនាវាកម្សាន្តមួយគ្រឿងដែលមានវត្តមាននៅក្បែរគ្នា។ ពេលមានភ្លើងឆេះក្រុមនាវិកបានភ្ញាក់ពីដំណេក ហើយរត់មកខាងលើរួចលោតចូលក្នុងទឹកសមុទ្រ។
ដោយសារពុំទាន់អាចចូលទៅក្នុងនាវាដែលលិចក្រោយឆេះ ពួកអ្នកជួយសង្គ្រោះមិនទាន់អាចផ្ដល់ពីតួលេខច្បាស់នៅឡើយ តែចំនួនជនរងគ្រោះនឹងមានការកើនឡើង៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ Fox News)
ចែករំលែកព័តមាននេះ