ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុបានដាក់ចេញវិធានការក្តៅឲ្យអជ្ញាធរពិនិត្យកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរគ្រប់ប្រភេទ ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកព្រះសីហនុឲ្យបានច្រើន ។
យោងតាមបណ្តាញសង្គមរបស់រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត ដោយផ្តោតសំខាន់លើការងារសន្តិសុខ សុវត្ថិភាពសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែសីហានេះ មានការចូលរួមពីប្រធានមន្ទីរអង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធ ។ បន្ទាប់ពីស្ដាប់របាយការណ៍របស់មន្ទីរ អង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធរួចមកលោក គួច ចំរើន បានធ្វើការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការងារត្រូវពិនិត្យរដ្ឋបាលចំហរនៅតាមកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេសត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរគ្រប់ប្រភេទ ចាប់ពីទោចចក្រយានយន្ត និងយានយន្តគ្រប់ប្រភេទនៅតាមចំណុចគោលដៅ ដើម្បីធានាសន្តិ សុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ។
ពិសេសអ្នកវិនិយោគគិនក្នុងខេត្តព្រះសីហនុ ឲ្យមានជំនឿ និងទំនុកចិត្តមករកស៊ីបណ្តាក់ទុននៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ។ លោលអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីចរាចរណ៍ផ្លូវគោកត្រូវពិនិត្យលើយានយន្តដែលគ្មានស្លាកលេខគ្រប់ភេទ ត្រូវធ្វើការឃាត់ទុក ហើយបញ្ជូនទៅឱ្យជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុយកទៅរក្សាទុក ។
នៅពេលម្ចាស់យកស្លាកលេខបំពាក់រួចរាល់ទើបឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ដើម្បីឱ្យសមត្ថកិច្ចរបស់យើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងយានយន្ត ដែលធ្វើចរាចរណ៍ក្នុងក្រុងខេត្តព្រះសីហនុ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមមួយខ្លាំង សម្រាប់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នដោយសារតែកំណើននៃការដឹកជញ្ជូនពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿននូវអគារពាណិជ្ជកម្ម សណ្ឋាគារ និងផ្ទះ សំណាក់ ជាច្រើនសន្ធឹកសន្ធាប់ នាពេលបច្ចុប្បន្ននេះ ៕ គែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ