រាជធានីភ្នំពេញ ៖ តារាសម្តែង និងបង្ហាញម៉ូដនាង សម ម៉ាណា បានបង្ហាញខ្លួនក្នុងសិល្បៈជាថ្មីឡើងវិញ បន្ទាប់ពីអវត្តមានអស់ជាច្រើនឆ្នាំដោយគ្មានមូលហេតុ ។ ការវិលមកវិស័យសិល្បៈវិញ ដ៏គួរឱ្យភ្ញាក់ផ្អើលនាពេលនេះបានធ្វើឱ្យមហាជនមួយចំនួនមានមន្ទិលថា តារារូបនេះទំនងជាមានបញ្ហាជាមួយគូស្នេហ៍ ។
គេនៅចាំថា កន្លងមក សម ម៉ាណា បានរសាត់ខ្លួនឆ្ងាយពីសិល្បៈស្ទើរទាំងស្រុង ដោយសារតែគូស្នេហ៍របស់នាងហាក់មានការប្រចណ្ឌមិនឱ្យនាងប្រឡូកក្នុងអាជីពសិល្បៈនេះបន្តទៀតឡើយ ។ នាងត្រូវបានគូស្នេហ៍ថ្នាក់ថ្នមមិនឱ្យធ្វើអ្វីទាំងអស់ ដោយរស់នៅក្នុងផ្ទះវីឡាដ៏ត្រជាក់ល្ហឹម ជាមួយរថយន្តទំនើប និងគ្រឿងប្រើប្រាស់ដែលមានតម្លៃថ្លៃ ។

ជាការកត់សម្គាល់បន្ទាប់ពីបាត់មុខអស់ជាច្រើនឆ្នាំមកនេះ ស្រាប់តែ សម ម៉ាណា បានបង្ហាញមុខក្នុងសិល្បៈជាថ្មីឡើងវិញ ដែលបានធ្វើឱ្យមហាជនសម្តែងការភ្ញាក់ផ្អើល ។ សម ម៉ាណា បានបង្ហាញមុខក្នុងកម្មវិធី សោភណ្ឌតន្ត្រី របស់ស្ថានីយទូរទស្សន៍ CTN កាលពីចុងសប្តាហ៍កន្លងទៅ ខណៈពេលនាងក៏បានចេញច្រៀងនៅក្នុងវង់សិល្បៈរបស់លោក យ៉ែម សំអូន ផងដែរ ។ សកម្មភាពទាំងអស់នេះ ត្រូវបានគេមើលឃើញថា សម ម៉ាណា អាចនឹងវិលមកចាប់អាជីពនេះ ជាប់លាប់ឡើងវិញ ក្រោយរងគំនាបពីគូស្នេហ៍ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះតារាសម្តែងនាង សម ម៉ាណា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ការវិលចូលសិល្បៈវិញនាពេលនេះ គឺដោយសារនាងហាក់រយាលបន្តិចពីការងារ និងការរកស៊ីកន្លងមកនេះ ។ នាងបញ្ជាក់ថា ដោយសារមួយរយៈនេះនាងមមាញឹកលើការងាររកស៊ី និងធ្វើការផង ទើបខ្លាចទស្សនិកជនភ្លេចមុខបានជាសម្រេចចូលសិល្បៈវិញនាពេលនេះ ។

នាងបន្ថែមថា នៅពេលដែលនាងមានបំណងវិលចូលសិល្បៈវិញនោះ ចៃដន្យលោក យ៉ែម សំអូន ចង់បាននាងចូលរួមក្នុងក្រុមបង្ហាញម៉ូដផងនោះក៏ចាប់តែម្តង ។ យ៉ាងណាក៏ដោយ សម ម៉ាណា បានធ្វើការបដិសេធថា ការវិលរកសិល្បៈជាថ្មីនាពេលនេះ គឺមិនមានមកពីមានបញ្ហាជាមួយគូស្នេហ៍នោះទេ ។
នាងបញ្ជាក់ថា រូបនាង និងគូស្នេហ៍នៅតែល្អដូចដើម ពោលគឺមិនមានបញ្ហាអ្វីកើតឡើងឡើយ ខណៈសិល្បៈគឺជាការចូលចិត្តរបស់នាង និងមិនចង់ឱ្យប្រិយមិត្តបាត់មុខយូរក៏សម្រេចចូលវិញនាពេលនេះ ។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថា ការចូលប្រឡូកក្នុងសិល្បៈរបស់ សម ម៉ាណា នាពេលនេះអាចនឹងធ្វើឱ្យនាងកើនប្រជាប្រិយភាពឡើងវិញ ឬយ៉ាងណានោះទេ ព្រោះទស្សនិកជនខ្លះស្ទើរតែភ្លេចមុខទៅហើយ ៕ (កែសម្រួលដោយ ៖ បុប្ផា)











ចែករំលែកព័តមាននេះ