ប្រទេសឥណ្ឌា ៖ ប្រភពរដ្ឋាភិបាលឥណ្ឌារាយការណ៍នាថ្ងៃទី១៨សីហាថា មនុស្សយ៉ាងតិច៤០០០នាក់បានត្រូវចាប់ខ្លួន ចាប់តាំងពីការដកស្វ័យភាពពីតំបន់កាស្មៀរឥណ្ឌាកាលពី២សប្ដាហ៍មុនមក។ នេះជាលើកដំបូងដែលឥណ្ឌាបង្ហាញពីទំហំនៃបណ្ដាវិធានការដែលខ្លួនបានចាត់ដើម្បីបង្ការបាតុកម្មនានា។
យោងតាមចៅក្រមម្នាក់ដែលមិនបញ្ចេញឈ្មោះថា មនុស្សទាំងនេះត្រូវចាប់ខ្លួនយោងទៅតាមច្បាប់ ដែលអនុញ្ញាតឲ្យចាប់ឃុំខ្លួនមនុស្សរហូតដល់២ឆ្នាំដោយពុំចាំបាច់មានការចោទប្រកាន់ឬការកាត់ទោស។ ភាគច្រើននៃពួកអ្នកចាប់ខ្លួន ត្រូវបានបញ្ជូនតាមយន្តហោះចេញពីកាស្មៀរ ព្រោះពន្ធនាគារនៅទីនោះគ្មានកន្លែងដាក់។

នៅកាស្មៀរទើបមានសេចក្ដីរាយការណ៍ពីមនុស្សស្លាប់ម្នាក់ប៉ុណ្ណោះក្នុងការបង្ក្រាបពួកបាតុករ។ អាជ្ញាធរពុំបានបញ្ជាក់ជាផ្លូវការថាតើមនុស្សប៉ុន្មាននាក់ត្រូវចាប់ឃុំឃាំងឡើយ តាំងពីចាប់ផ្ដើមវិបត្តិនេះមក។ អាជ្ជាធរគ្រាន់តែអះអាងពីការចាប់ខ្លួនអ្នកទទួលខុសត្រូវនយោបាយនិងពួកសកម្មជនមូលដ្ឋានប្រមាណជា១០០នាក់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ