រាជធានីភ្នំពេញ ៖ តារាសម្តែង និងទើបតែក្លាយជាតារាបង្ហាញម៉ូដនាងជុំ រចនាពេជ្រ ហៅបេប៊ី បច្ចុប្បន្នកាន់តែសម្បូរការងារសិល្បៈ ខណៈកេរ្តិ៍ឈ្មោះកាន់តែល្បីឡើង ។ បេប៊ីពេលនេះត្រូវអ្នកសិល្បៈជាច្រើនលើកឡើងថាកំពុងតែប្រជែងប្រជាប្រិយភាពជាមួយតារាជាច្រើនទៀត ដោយសារតែនាងមានទេពកោសល្យ និងរូបសម្បត្តិស្រស់សោភា ។ ដោយសារតែមានការងារសិល្បៈច្រើន បេប៊ីចាប់ផ្តើមជម្រុះយកការងារណាចាំបាច់ ដើម្បីឱ្យសមស្របកម្លាំងខ្លាចប៉ះពាល់ដល់សុខភាព និងការសិក្សា ។
កញ្ញាបេប៊ីទើបតែបញ្ចប់ការសម្តែងក្នុងខ្សែរឿង «ពូជខ្ញុំ អីុចឹង» ឱ្យផលិតកម្មរ៉ុក ជាតួឯក និងទទួលបានការគាំទ្រច្រើន ។ ផ្ទៃរឿងទាំងមូលបង្ហាញឈុតឆាកបែបកំប្លែងអប់រំដល់សង្គម ។ បេប៊ីជាតួឯកក្នុងរឿងនោះ ត្រូវមហាជនលាន់មាត់សរសើរថាសម្តែងបានល្អ ។ ក្រោយពេលដាក់បញ្ចាំងរឿងបែបកំបែ្លងនោះ បេប៊ីទៅណាមកណាមានគេស្គាល់ច្រើន ពិសេសយុវវ័យដោយខ្លះសុំរាប់អានធ្វើជាមិត្តក្នុងហ្វេសប៊ុក ។
តារាសម្តែងដែលកំពុងតែមានកេរ្តិ៍ឈ្មោះហក់ទៅមុខជាបន្តបន្ទាប់នេះបានថ្លែងប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេល ថ្មីៗនេះថានាងរីករាយនៅពេលខ្សែរឿងដែលនាងសម្តែងជាតួឯកចាក់បញ្ចាំងនៅរោងភាពយន្តមានទស្សនិកជនចូលមើលច្រើនតាំងពីថ្ងៃបើកសម្ពោធរហូតដល់ថ្ងៃផុតកិច្ចសន្យាដាក់បញ្ចាំង ។ រឿង«ពូជខ្ញុំអីុចឹង» ម្ចាស់ផលិតកម្មដាក់បញ្ចាំងដល់ថ្ងៃកំណត់ទៅហើយ នៅតែមានទស្សនិកជនទៅមើលច្រើនទាំងយុវវ័យនិងទស្សនិកជនវ័យកណ្តាល ។ ឃើញបែបនេះធ្វើឱ្យម្ចាស់ផលិតកម្មនិងតារាសម្តែងទាំងអស់សោកស្តាយដោយសារតែទទួលសិទ្ធិដាក់បញ្ចាំងនៅក្នុងរោងភាពយន្ត តែបីសប្តាហ៍ប៉ុណ្ណោះត្រូវគេប្តូរដាក់រឿងថ្មីបញ្ចាំងវិញម្តង ។ ម្ចាស់ផលិតកម្មកំពុងស្វែងរកទីតាំងថ្មីដើម្បីបញ្ចាំងខ្សែរឿងបែបកំបែ្លងនោះ តាមសំណូមពរទស្សនិកជនដែលខកខានមិនទាន់បានទស្សនា ។
តារាសម្តែងស្រស់សោភា រូបនេះ និយាយថា នាងមិននឹកស្មានថាខ្លួនឯងទទួលបានផលជោគជ័យបន្តបន្ទាប់គ្នាបែបបែបនេះឡើយ។ បច្ចុប្បន្នក្រៅពីសម្តែងភាពយន្ត នាងថែមទាំងបន្ថែមអាជីពជាតារាបង្ហាញម៉ូដ ឱ្យក្រុមហ៊ុននានា ។ លើសពីនេះនាងត្រៀមខ្លួនធ្វើជាពិធីការិនីថែមទៀត ហើយនាងតាំងចិត្តនឹងធ្វើឱ្យបានល្អ ទោះជាមិនធ្លាប់ឆ្លងកាត់ក៏ដោយ ។
ដំណាក់កាលនេះ បេប៊ីមានការងារសិល្បៈច្រើន និងមិនចង់បាត់បង់ការងារណាមួយទេ តែនាងរ៉ាប់រងមិនអស់ ម្យ៉ាងនាងមិនអាចបណ្តោយឱ្យប៉ះពាល់ការសិក្សារបស់នាងទេ ព្រោះនាងរៀនថ្នាក់ទី១២ ត្រៀមប្រឡងយកសញ្ញាបត្រនាពេលខាងមុខ ។ នាងទើបតែប្រឡងឆមាសលើកទី១រួច ។ ក្នុងសប្តាហ៍ដែលនាងប្រឡងនោះគឺស្ទើរតែសោះខ្លួនចង់ទៅជាខ្យល់ព្រោះហត់ពេក ការងារសិល្បៈផង និងការសិក្សាដែលនាងមិនអាចចោលបានផង ។ ដោយសារតែឆ្នាំនេះជាឆ្នាំប្រឡងទុតិយភូមិ ដូច្នេះទោះជាអាជីពសិល្បៈជោគជ័យយ៉ាងណាក៏មិនចោលការសិក្សាដែរ ។ កញ្ញាជុំ រចនាពេជ្រ ប្រាថ្នាចង់រៀនឱ្យដល់ថ្នាក់ខ្ពស់ ក្លាយជាតារាដែលមានចំណេះដឹងដូចតារានៅស្រុកគេ ៕
ចែករំលែកព័តមាននេះ