រាជធានីភ្នំពេញ ៖ ក្នុងមហោស្រពសិល្បៈមហាជនអភិវឌ្ឍន៍ថ្នាក់ជាតិ កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ក្រុមសិល្បៈមហាជនខេត្តកំពត បានសម្តែងរបាំក្រោមចំណងជើងថា «គិរីបូកគោសម្បូរធម្មជាតិ» ។ ការសម្តែងរបស់ក្រុមសិល្បករ-សិល្បការិនីវ័យក្មេងទាំងនោះនៅមានកង្វះខាតច្រើន ដែលត្រូវគណៈកម្មការវិនិច្ឆ័យរិះគន់ដើម្បីកែលម្អ ។
លោកសំរាំង កម្សាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាគណៈកម្មការវាយតម្លៃស្នាដៃសិល្បៈសម្តែង បានផ្តល់មតិទៅកាន់ក្រុមសិល្បករ-សិល្បការិនីខេត្តកំពត ក្រោយពេលសម្តែងចប់ថា «ពូសុំសរសើរអរគុណ ចាត់ទុកថា ជាស្នាដៃមួយប្រសើរ តែប្អូនៗគួរដឹងខ្លួនថា អ្វីៗទាំងអស់ចាំបាច់ត្រូវតែទទួលការបណ្តុះបណ្តាលតាមប្រព័ន្ធសាលារៀន មានក្បួនខ្នាតត្រឹមត្រូវ មិនចេះតែមកសម្តែងតាមចិត្តស្រឡាញ់តាមគ្នាបានទេ ។ ចំណុចមួយទៀតដើម្បីទុកជាការរៀនសូត្រ មហោស្រពនេះយើងបានកំណត់សិល្បៈមហាជនថ្នាក់ជាតិ មិនមែនជាការប្រកួតប្រជែងយកស្លាប់រស់នោះទេ ។ ពានរង្វាន់ លុយកាក់គ្រាន់តែគេហៅថា ជាសម្ភារអមលើកទឹកចិត្តប៉ុណ្ណោះ មិនសំខាន់ឡើយពានរង្វាន់គ្រាន់តែជាការបញ្ចើចបញ្ចើរលើកទឹកចិត្តទេ តែការណ៍ពិតគឺចំណេះដឹងដែលមាននៅក្នុងចិត្ត ក្នុងខ្លួន ក្មួយៗទាំងអស់គ្នាដែលស្រឡាញ់សិល្បៈ វប្បធម៌ជាគោលនោះទេ ។ ក្មួយៗយកឱកាសមហោស្រពនេះជាវេទិការៀនសូត្រ រៀនសូត្រឥតឈប់ឈរទេក្នុងវិស័យសិល្បៈ វប្បធម៌នេះ ព្រោះសិល្បៈគ្មានទីបញ្ចប់ឡើយ ដរាបណា ក្មួយៗនៅតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួននោះ និងក្លាយជាអ្នក ពូកែទៅៗ ។ តែដរាបណាពួក ក្មួយៗបោះបង់ចោល ដើរចេញមិនអើពើនោះ សិល្បៈនឹងអាប់ឱនទៅវិញ ។ ដូច្នេះការធ្វើសុក្រឹតកម្មល្អប៉ុនណា សិល្បៈល្អប៉ុណ្ណឹង ។
ចំពោះបច្ចេកទេសមើលមួយភ្លែតសម្រាប់មហាជន គេដឹងថាយើងសម្តែងបាន តែសម្រាប់អ្នកជំនាញគឺ គេមើលដឹង ព្រោះគេមានបទពិសោធន៍ ជាក់ស្តែង ប្អូនៗនៅខ្វះខាតច្រើនណាស់ នៅខ្នងកោង ដៃឆ្គង មិនចេះប្រើមនោសញ្ចេតនា នៅរាំក្រឡានៅឡើយ មិនចេះម្ចាស់ការលើខ្លួនឯងទេ ។ ដូចនេះផ្នែកបច្ចេកទេសចាំបាច់ត្រូវបំពេញបន្ថែម ព្រោះក្បាច់បាតរបាំបុរាណខ្មែរសំខាន់ណាស់ត្រូវទៅរៀនរាំ រៀនសម្តែងល្ខោនខ្មែរ រៀនសម្តែងឱ្យបានសម ទើបមើលទៅជាអ្នកពូកែ ។ រឿងមួយទៀតដែលត្រូវគិត អ្នកបង្កើតត្រូវកំណត់ឱ្យត្រូវប្រធានបទ ។ ក្រុមសិល្បៈខេត្តកំពត យករបាំក្រោមចំណងជើងថា «គិរីបូកគោសម្បូរធម្មជាតិ» មកសម្តែង សុទ្ធតែអួតថា បូកគោសម្បូរធម្មជាតិ តែពេលសម្តែងគឺអត់ឃើញធម្មជាតិទេ ឃើញតែកាន់ឧបករណ៍ចាប់ត្រី កាន់កាំបិតកាប់ព្រៃ បោចវល្លិ ជីកដំឡូង គឺ ដដែលៗ ហើយ ប្អូនៗកុំអន់ចិត្ត ព្រោះអ៊ុំនិយាយផ្លូវត្រូវ ព្រោះយើងមករៀន ។ បូកគោជាឧទ្យានជាតិសម្បូរធម្មជាតិ ជាតំបន់ទេសចរណ៍នាំលុយរាប់ពាន់លានរៀលជូនជាតិ គេវិនិយោគរាប់ពាន់លានដុល្លារ ជាតំបន់សេដ្ឋកិច្ចសំខាន់ ។ ដូចនេះអ្នកនិពន្ធគេមានគំនិតល្អ តែបកស្រាយមិនល្អ ខុសគោលដៅ ។ អុីចឹងថ្ងៃក្រោយសម្តែងពីអ្វី ត្រូវឱ្យចំគោលដៅ ចំទិស មិនខុសប្រធានបទ ដើម្បីទទួលការទាក់ទាញ ។ តែយ៉ាងណាក៏សូមសរសើរ ប្អូនៗដែលក្លាហានហ៊ានមកប្រឡង និងមានទឹកចិត្តការពារវប្បធម៌ ហើយត្រូវខំលើកស្ទួយបន្តទៀត ព្រោះ ប្អូនៗជាទំពាំងស្នងឫស្សី ឯ បងៗជំនាន់មុននៅចាំផ្ទេរចំណេះឱ្យដើម្បីការពារសិល្បៈព្រលឹងជាតិ» ។
មហោស្រពសិល្បៈមហាជនអភិវឌ្ឍន៍ថ្នាក់ជាតិក្នុងឆ្នាំនេះមានស្នាដៃចំនួន២៤ មកពីគ្រប់រាជធានី-ខេត្ត ក្នុងនោះមានទម្រង់ល្ខោនចំនួន៧ស្នាដៃ ទម្រង់របាំ១២ស្នាដៃ ទម្រង់អាយ៉ៃ១២ស្នាដៃ និងឆាកកំប្លែង៣ស្នាដៃ ។ ចំពោះសិល្បករចូលរួមមិនតិចជាង៦០០នាក់ ។ ការប្រឡងនេះក៏មានភ្ជាប់ការអបអរសាទរទិវាវប្បធម៌ជាតិដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី៣ មីនា ឆ្នាំ២០១៤ នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ចំពោះកាលបរិច្ឆេទសម្តែងរបស់ក្រុមសិល្បៈរាជធានី-ខេត្ត នីមួយៗគឺថ្ងៃទី២៤ កុម្ភៈ «ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តក្រចេះ» ។ ម៉ោង៨ និង៣០នាទីព្រឹក ក្រុមសិល្បៈមហាជន និងអភិវឌ្ឍន៍ខេត្តកែប សម្តែងល្ខោនបាសាក់រឿង «សុវណ្ណកុមារចំប៉ាមុនី» ។ ម៉ោង១០ព្រឹក ក្រុមសិល្បៈមហាជនអភិវឌ្ឍន៍ខេត្តព្រះសីហនុ សម្តែងល្ខោនមហោរីរឿង «ល្បើកចចក» ។ ម៉ោង២ និង៣០នាទីរសៀល ក្រុមសិល្បៈខេត្តកោះកុង សម្តែងរបាំ «ព័ទ្ធរ៉ុង»។ ម៉ោង៣ និង៣០នាទីរសៀល ក្រុមសិល្បៈមហាជនអភិវឌ្ឍន៍ខេត្តក្រចេះ សម្តែង «របាំផ្សោត» ។
សម្រាប់ថ្ងៃទី២៥ កុម្ភៈ ក្រុមសិល្បៈដែលចូលរួមមាន «ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង» ។ ម៉ោង៨ និង៣០នាទីព្រឹក ក្រុមសិល្បៈមហាជនខេត្តរតនគិរី សម្តែងរបាំ «ជនជាតិបង្កបង្កើនផល» ។ ម៉ោង១០ព្រឹក ក្រុមសិល្បៈមហាជនខេត្តមណ្ឌលគិរីសម្តែងរបាំ «សែនស្រូវ» ។ ម៉ោង២ និង៣០នាទីរសៀល ក្រុមសិល្បៈមហាជនខេត្តស្ទឹងត្រែង សម្តែងរបាំ «បាយសី» ។ សម្រាប់ថ្ងៃទី២៦ កុម្ភៈ «ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន» ។ ម៉ោង៨ និង៣០នាទីព្រឹក ក្រុមសិល្បៈមហាជនខេត្តបាត់ដំបង សម្តែងយីកេរឿង «ពុទ្ធប្រវត្តិនាងសុជាតា» ។ ម៉ោង១០ព្រឹក ក្រុមសិល្បៈមហាជនខេត្តពោធិ៍សាត់ សម្តែងកំប្លែងរឿង «ដឹងខុសទើបដឹងថាត្រូវ» ។ ម៉ោង២ និង៣០នាទីរសៀល ក្រុមសិល្បៈមហាជនខេត្តប៉ៃលិន សម្តែងកំប្លែងរឿង «ចង់បានហួសមាឌឃ្លាតចាកការណែនាំ» ។ សម្រាប់ថ្ងៃទី២៧ កុម្ភៈ «ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ» ។ ម៉ោង៨ និង៣០នាទីព្រឹក ក្រុមសិល្បៈមហាជនខេត្តបន្ទាយមានជ័យ សម្តែងរបាំ «តម្បាញឫស្សី» ។ ម៉ោង១០ព្រឹក ក្រុមសិល្បៈមហាជនខេត្តសៀមរាប សម្តែង «សិល្បៈកំប្លែងសិស្ស»។ ម៉ោង២ និង៣០នាទីរសៀល ក្រុមសិល្បៈមហាជនខេត្តឧត្តរមានជ័យ សម្តែងរបាំ និងចម្រៀងជនជាតិ «កន្តុលអុក» ។
សម្រាប់ថ្ងៃទី២៨ កុម្ភៈ «ខេត្តកំពង់ធំ និងខេត្តព្រះវិហារ» ។ ម៉ោង៨ និង៣០នាទីព្រឹក ក្រុមសិល្បៈមហាជនខេត្តកំពង់ធំ សម្តែងល្ខោនខោលរឿង «កំហឹងពាលី» និងម៉ោង១០ព្រឹក ក្រុមសិល្បៈមហាជនខេត្តព្រះវិហារ សម្តែងរបាំ «វាយខែល» ។ ប្រិយមិត្តទស្សនិកជន អាចចូលទស្សនាការសម្តែងសិល្បៈទាំងនោះដោយសេរី ៕
ចែករំលែកព័តមាននេះ