រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី២០ កុម្ភៈ ២០១៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងរាជធានីភ្នំពេញ មានការរៀបចំមហោស្រពគីហ្សុ៊ណាជប៉ុន-កម្ពុជា ឆ្នាំ២០១៤ លើកទី៣ ដោយនាំមកនូវវប្បធម៌ទំនើប និងវប្បធម៌ប្រពៃណីជប៉ុនលាយជាមួយវប្បធម៌ខ្មែរ ។ នាឱកាសនោះ លោកបណ្ឌិតសភាចារ្យ សុខ អាន និងភរិយា និងលោក Yuji Kumamaru ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស ។
ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសិស្ស-និស្សិតរាប់រយនាក់បានចូលរួមក្នុងឱកាសនោះផងដែរ ។ លោកបណ្ឌិត សុខ អាន ដែលបានចូលរួមក្នុងពិធីបើកមហោស្រពគីហ្សុ៊ណាជប៉ុន-កម្ពុជា២ឆ្នាំជាប់គ្នាមកហើយនោះថ្លែងថា ចាប់តាំងពីឆ្នាំ២០១២មក មហោស្រពគីហ្សុ៊ណាជប៉ុន-កម្ពុជា បានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅកម្ពុជា ។ ឥឡូវនេះយើងបានស្គាល់ច្បាស់នូវពាក្យ «គីហ្សុ៊ណា» ជាភាសាជប៉ុនដែលជាភាសាខ្មែរមានន័យថា «ចំណង ឬការទាក់ទង» ។ កាលពីឆ្នាំមុនយើងបានប្រារព្ធរួមគ្នានូវការរំលឹកខួបលើកទី៦០នៃការបង្កើតចំណងការទូតកម្ពុជា-ជប៉ុន ។ ព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើនបានរៀបចំឡើងនៅអំឡុងឆ្នាំរំឭកខួបនោះ ។ ឆ្នាំនេះចំណងការទូតរបស់ប្រទេសកម្ពុជា-ជប៉ុន បានឈានដល់ឆ្នាំទី៦១ ហើយៗ យើងត្រូវតែបន្តសហការគ្នាដើម្បីពង្រឹងមិត្តភាព និងសហប្រតិបត្តិការឱ្យកាន់តែប្រសើរ ។
មហោស្រពគីហ្សុ៊ណាជប៉ុន-កម្ពុជាឆ្នាំ២០១៤ នេះគឺជាព្រឹត្តិការណ៍មួយដែលចំពេល និងមានសារសំខាន់បំផុត ពីព្រោះពីមួយឆ្នាំទៅមួយឆ្នាំមហោស្រពនេះកាន់តែ សំខាន់ឡើងៗ ចំពោះការពង្រឹង ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន មិនមែននៅតែក្នុងវិស័យវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិស័យដទៃទៀតជាច្រើន ដែលមានសារប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំង២ ។ លោកបណ្ឌិត សុខ អាន ថ្លែងថា «វប្បធម៌ជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យយើងមើលឃើញខ្លួនឯង និងប្រទេសជាតិយើង ។ ហេតុនេះវប្បធម៌ជាស្ពាន និងជាមធ្យោបាយទាក់ទងរវាងប្រជាជន និងប្រជាជាតិ ។ ខ្ញុំកត់សម្គាល់ឃើញថា មានព្រឹត្តិការណ៍ និងកម្មវិធីជាង២០បានរៀបចំឡើងសម្រាប់ឆ្នាំនេះ តាមប្រភេទ ផ្សេងៗដូចជា តន្ត្រី ការតាំងពិពរ័ណ៍សិល្បៈ ខ្សែភាពយន្ត ក្បាច់គុន និងកីឡា និងល្បែង Cosplay និងអាហារជប៉ុនជាដើម ។ ខ្ញុំមានសេចក្តីរីករាយយា៉ងក្រៃលែង ដែលដឹងថាការសម្តែងដ៏ល្អហៅថា «ការប្រគំតន្ត្រីចម្រុះអាសីុមួយ» របស់ក្រុមតន្ត្រីប្រពៃណីជប៉ុន «AUN» រួមជាមួយសិល្បករមកពីតំបន់អាសីុអាគ្នេយ៍ដែលបានសម្តែងនៅអង្គរ កាលពីខែធ្នូឆ្នាំមុន នឹងដាក់បញ្ចាំងនៅថ្ងៃចុងក្រោយនៃមហោស្រពនេះ ។
ការសម្តែងរបស់ក្រុម AUN បានរំឭកខួបលើកទី២០ នៃការចុះបញ្ជីរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានទៅទស្សនាការប្រគំតន្ត្រីផ្ទាល់ជាមួយការរៀបចំដ៏អស្ចារ្យដោយមានប្រាង្គប្រាសាទអង្គរវត្តអណ្តែតឡើងនៅចំពីក្រោយឆាក ។ ការប្រគំតន្ត្រីរំឭកខួបនេះបានរៀបចំឡើងចំពេលនៃកិច្ចប្រជុំពេញអង្គលើកទី២០របស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC អង្គរ និងសន្និសីទអន្តរជាតិលើកទី៣ ស្តីពីអង្គរ ដែលព្រឹត្តិការណ៍ទាំង២មានប្រទេសជប៉ុន និងបារាំងជាសហប្រធាន» ។ ប្រទេសកម្ពុជា និងជប៉ុន ទើបតែក្លាយជាដៃគូយុទ្ធសាស្ត្រ ដែលជាលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៃប្រមុខរដ្ឋាភិបាលរបស់ប្រទេសទាំង២ ដូច្នេះលោកឧបនាយករដ្ឋមន្ត្រីមានជំនឿថាមិត្តភាពជិតស្និទ្ធរបស់ប្រទេសទាំង២ នឹងបន្តពង្រីកបន្ថែមទៀត ។ ប្រទេសទាំង២បានក្លាយជាដៃគូដ៏រឹងមាំ ក្នុងការគាំពារ និងលើកកម្ពស់បេតិកភណ្ឌមនុស្សជាតិ តម្លៃ និងភាពសម្បូរបែបនៃវប្បធម៌បញ្ញវន្ត និងអ្នកជំនាញផ្នែកវប្បធម៌មកពីប្រទេសជប៉ុន បាននិងកំពុងមានវត្តមាននៅប្រទេសកម្ពុជា ។
បច្ចុប្បន្នទេសចរជប៉ុនកាន់តែច្រើន បានមកទស្សនាប្រទេសកម្ពុជា ខណៈពេលដែលសិល្បករ និងអ្នកស្រាវជ្រាវកម្ពុជាទទួលបានការស្វាគមន៍យា៉ងកក់ក្តៅនៅប្រទេសជប៉ុន ។ ពិតណាស់ព្រឹត្តិការណ៍បែបនេះ នៅប្រទេសយើងទាំង២ ពិតជានឹងបង្កើនការយល់ដឹងរវាងប្រជាជនយើង និងពង្រឹងការទាក់ទងសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែរឹងមាំ ។ ទស្សនិកជនជាច្រើនបានលើកឡើងស្រដៀងគ្នាថា សិល្បករ-សិល្បការិនីកម្ពុជា និងជប៉ុន ដែលសម្តែងក្នុងមហោស្រពគីហ្សុ៊ណាកម្ពុជា-ជប៉ុន នារាត្រីនោះ សុទ្ធតែមានទេពកោសល្យល្អគួរឱ្យចង់ទស្សនា ។ នៅលើឆាកតែមួយ តែបង្ហាញឱ្យឃើញភាពប្លែកគ្នា និងទម្រង់សិល្បៈវប្បធម៌ផ្សេងគ្នារវាងកម្ពុជា និងជប៉ុន ៕
ចែករំលែកព័តមាននេះ