ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ក្លាយ​ជា​តារា​ល្បី​​លោក​ហេង​ ប៊ុន​លាភ ឆ្លង​កាត់​ជីវិត​កំសត់​ដាច់​បាយ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ហេង​ ប៊ុន​លាភ​ តាំង​ពី​ចូល​រោង​ការ​មក​ ចាក​ចេញ​ពី​អាជីព​សិល្បៈ​ដែល​ធ្លាប់​ល្បី​ឈ្មោះ​ ដោយ​ងាក​ទៅ​ចាប់​មុខ​របរ​ផ្សេង​វិញ​ ។ ថ្មី​ៗ​នេះ​ លោក​ហេង​ ប៊ុន​លាភ​ បាន​ប្រកាស​ជា​លក្ខណៈ​បើក​ចំហ​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​អប្សរា​ថា​ លោក​នឹង​វិល​មក​ចាប់​អាជីព​សិល្បៈ​ដូច​ដើម​វិញ​ មក​ពី​ចិត្ត​មិន​ដាច់​អាល័យ​ពី​សិល្បៈ​ ។

រាជធានី​ភ្នំពេញ ៖ លោក​ហេង​ ប៊ុន​លាភ​ តាំង​ពី​ចូល​រោង​ការ​មក​ ចាក​ចេញ​ពី​អាជីព​សិល្បៈ​ដែល​ធ្លាប់​ល្បី​ឈ្មោះ​ ដោយ​ងាក​ទៅ​ចាប់​មុខ​របរ​ផ្សេង​វិញ​ ។ ថ្មី​ៗ​នេះ​ លោក​ហេង​ ប៊ុន​លាភ​ បាន​ប្រកាស​ជា​លក្ខណៈ​បើក​ចំហ​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​អប្សរា​ថា​ លោក​នឹង​វិល​មក​ចាប់​អាជីព​សិល្បៈ​ដូច​ដើម​វិញ​ មក​ពី​ចិត្ត​មិន​ដាច់​អាល័យ​ពី​សិល្បៈ​ ។

ការ​ប្រកាស​របស់​លោក​ហេង ប៊ុន​លាភ​​ នោះ​ នៅ​ក្នុង​កម្ម​វិធី​ «ប្រស្នា​​តា​រា​» ដែល​លោក​ចូល​រួម​ជា​តា​រា​កិត្តិ​យស​ និង​តម្រូវ​ឱ្យ​លោក​លាត​ត្រដាង​ខ្សែ​ជីវិត​ពិត​ មុន​និង​ក្រោយ​ពេល​ក្លាយ​ជា​តារា​ចែង​ចាំង​ម្នាក់​មាន​ការ​ទទួល​ស្គាល់​ពី​មហា​ជន​ ។  ក្នុង​ពេល​លោក​ប៊ុន​លាភ​ ឡើង​បង្ហាញ​មុខ​ជា​លើក​ដំបូង​តាម​កញ្ចក់​ទូរ​ទស្សន៍​ក្រោយ​ឃ្លាត​ឆ្ងាយ​ជា​យូរ​មក​នោះ​ លោក​​ប្រកាស​ប្រាប់​មហា​ជន​ថា​ ចាប់​ពី​ពេល​នេះ​ទៅ​លោក​នឹង​វិល​មក​សម្តែង​ដូច​ពី​មុន​វិញ​ហើយ​ ព្រោះ​សិល្បៈ​គឺ​ជា​ចំណូល​ចិត្ត​ ជា​អ្វី​ដែល​លោក​ស្រឡាញ់​ និង​ជា​អាជីព​មួយ​ជួយ​លើក​មុខ​មាត់​ឱ្យ​លោក​បានល្បី​ល្បាញ​ និង​ជា​កិច្ច​ការ​មួយ​ដែល​លោក​ធ្លាប់​រែក​ពន់​ទាំង​សប្បាយ​ ទាំង​ជូរ​ចត់ ។

អាជីព​សិល្បៈ​នេះ​លោក​មាន​អនុ​ស្សាវរីយ៍​មិន​អាច​បំ​ភ្លេច​បាន​ទេ​ ដូច្នេះ​ត្រូវ​តែ​ងាក​មក​បម្រើ​ប្រិយ​មិត្ត​ទស្សនិក​ជន​វិញ​ ដោយ​មិន​ទៅ​ណា​ទៀត​ទេ​ ។ ក្នុង​កម្ម​វិធី​នោះ​ លោក​ហេង​ ប៊ុន​​លាភ​ បាន​លើក​ឡើង​ឱ្យ​ដឹង​ដែរ​ថា​ ថ្មី​ៗ​នេះ​លោក​ត្រូវ​គេ​បង្ខូច​ឈ្មោះ​តាម​ប្រព័ន្ធ​ហ្វេស​ប៊ុក​ដោយ​បន្លំ​ប្រើ​ឈ្មោះ​លោក​ ហើយ​ខ្ចី​លុយ​ពី​តា​រា​មួយ​ចំនួន​ ។ ដោយ​សារ​បែប​នោះ​ហើយ​លោក​អំពាវ​នាវ​ឱ្យ​អ្នក​បន្លំ​ប្រើ​ឈ្មោះ​លោក​នោះ​​បញ្ឈប់​ទៅ​ ។ ជន​ក្លែង​បន្លំ​នោះ​បាន​ខ្ចី​លុយ​អ្នក​នាង​​ម៉ៅ សីុ​ណាត​ និង​កញ្ញា​លី​ ច័ន្ទ​សីហា តាម​ហ្វេស​ប៊ុក​ ។ ពេល​អ្នក​ទាំង​ពីរ​នោះ​ទូរ​ស័ព្ទ​សួរ​នាំ​ធ្វើ​ឱ្យ​លោក​ភ្ញាក់​ខ្លួន​ ព្រោះ​មិន​បាន​ដឹង​សោះ​ ។ អ្នក​លេង​ហ្វេស​​ប៊ុក​គួរ​តែ​លេង​ក្នុង​ភាព​ត្រឹម​ត្រូវ​ កុំ​ឱ្យ​អ្នក​ដទៃ​មាន​បញ្ហា​ដោយ​សារ​ខ្លួន​ មិន​ល្អ​ទេ​ ។

ក្នុង​ជំហាន​វិល​មក​វិថី​សិល្បៈ​វិញ​នេះ​ លោក​ប៊ុន​លាភ បាន​លាត​ត្រដាង​ជីវិត​តស៊ូ​ប្រាប់​​មហា​ជន​ថា​ ក្នុង​ពិភព​សិល្បៈ​អ្នក​ណា​ក៏​ឆ្លង​កាត់​ការ​តស៊ូ​ដែរ​ តែ​ក៏​មាន​អ្នក​សិល្បៈ​ខ្លះ​ជា​កូន​អ្នក​ធូរ​ធារ​ដែរ​ ។ ភាគ​ច្រើន​អ្នក​សិល្បៈ​គឺ​ជា​អ្នក​ក្រី​ក្រ​ ។ ករណី​ដូច​លោក​ពេល​មក​ដល់​ភ្នំពេញ​ដំបូង​បាន​នៅ​ជាមួយ​ឪពុក​ម្តាយ​ធម៌​នៅ​ម្តុំ​កៀន​ស្វាយ​ ។ មុន​ពេល​ចូល​ពិភព​សិល្បៈ​លោក​គឺ​ជា​អ្នក​ដុន​ដាប​បំផុត​ដូច​ជា​ទៅ​រក​ក្តាម​ខ្យង​ បេះ​ត្រកួន​យក​ទៅ​លក់​ សល់​ខ្លះ​ទុក​ធ្វើ​ម្ហូប​ និង​ពេល​ខ្លះ​ទៀត​លោក​ឆ្លៀត​ពេល​សុំ​គេ​ទៅ​កាត់​ជីរ​ណា​រ​ និង​ជី​រ​ខ្លះ​ទៀត​ពី​ម្ចាស់​ចម្ការ​ដើម្បី​បាន​ប្រាក់​កម្រៃ​ទិញ​បាយ​  ហូប ។ លោក​មិន​ដែល​មាន​ចិត្ត​ចង់​លាត​ត្រដាង​ពី​ជីវិត​ផ្ទាល់​ខ្លួន​លើ​កញ្ចក់​ទូរ​ទស្សន៍​ទេ​ តែ​នេះ​មក​ពី​កម្ម​វិធី​តម្រូវ​ ព្រោះ​លោក​យល់​ថា​​មនុស្ស​យើង​អ្នក​ណា​ក៏​លំបាក​ដែរ​ ។ លើស​ពី​នេះ​លោក​ចង់​ឱ្យ​មនុស្ស​មួយ​ចំនួន​ស្តាប់​ទៅ​ទុក​ជា​បទ​ពិសោធន៍​ថា​ មនុស្ស​ត្រូវ​តែ​តស៊ូ​ ។ ដូច​រូប​លោក​មុន​នឹង​ល្បី​ឈ្មោះ​ និង​បាន​ជួប​លោក​ហ្វៃ​ សំអាង​ ជួយ​យឹត​យោង​គឺ​លំបាក​ណាស់​ ។

ប្រវត្តិ​ពេល​ច្រៀង​តាម​បៀរ​ហ្គា​ដិន​ លោក​ប៊ុន​លាភ​ អះ​អាង​ថា លោក​ជួប​ការ​លំបាក​ដោយ​ពេល​ខ្លះ​រក​លុយ​ជិះ​ម៉ូតូ​ឌុប​មិន​បាន​ផង​ ។ លោក​ច្រៀង​មួយ​យប់​​បាន​ប្រាក់​កម្រៃ​២​ដុល្លារ​ ឬ​លើស​នេះ​បន្តិច​បន្តួច​ ហើយ​មាន​ពេល​មួយ​បៀរ​ហ្គា​ដិន​បិទ​ពី​រ​បី​ថ្ងៃ​ ធ្វើ​ឱ្យ​លោក​ដាច់​បាយ​ល្ងាច​ ព្រោះ​អត់​លុយ​ទិញ​ ហើយ​ផ្ទះ​ដែល​លោក​នៅ​គឺ​ជា​កន្លែង​ស្ងាត់​អត់​មាន​អី​លក់​ ។ បើ​បាន​ទៅ​ច្រៀង​ពេល​យប់​គឺ​លោក​បាន​ញាំ​ុបាយ​ តែ​បើ​គេ​បិទ​ហាង​គឺ​អត់​បាយ​មិន​ខាន​ ។ ពេល​ច្រៀង​ដើម្បី​បំពេញ​ចិត្ត​ភ្ញៀវ​លោក​តែង​តែ​ចូល​រួម​ផឹក​ស្រា​ និង​អង្គុយ​តុ​ជាមួយ​ភ្ញៀវ​​ដើម្បី​បាន​ប្រាក់​កម្រៃ​ខ្លះ​ ។ បើ​គិត​តែ​ច្រៀង​មិន​​យក​ចិត្ត​ភ្ញៀវ​ គឺ​ច្បាស់​ជា​មិន​បាន​លុយ​ធីប​ទេ ។

លោក​ហេង​ ប៊ុន​លាភ​ ដឹង​គុណ​ជា​និច្ច​អ្នក​ដែល​ជួយ​ជីវិត​លោក​កន្លង​មក​ទាំង​ឪពុក​ម្តាយ​ធម៌​នៅ​កៀន​ស្វាយ​ និង​លោក​ហ្វៃ​ សំអាង​ ដែល​ជួយ​លោក​ឱ្យ​បាន​ល្បី​ឈ្មោះ​ ។ តាំង​ពី​លោក​បាន​ចូល​ផលិត​កម្ម​ អេស​អេស​ប៊ី​ របស់​​លោក​ហ្វៃ​ សំអាង​មក​ក៏​បាន​ល្បី​ឈ្មោះ​រហូត​មក​ទល់​ពេល​នេះ​ ។ លោក​ហេង​ ប៊ុន​លាភ​ សន្យា​ថា​​ នៅ​ពេល​វិល​ចូល​ពិភព​សិល្បៈ​វិញ​ លោក​នឹង​ពង្រឹង​ការ​សម្តែង​ឱ្យ​កាន់​តែ​ប្រសើ​រ​ឡើង​ ដើម្បី​បម្រើ​អារម្មណ៍​ប្រិយ​មិត្ត​ទស្សនិក​ជន​តាម​រយៈ​ស្នា​ដៃ​រឿង​ ថ្មី​ៗ​ទៀត​ ដោយ​សង្ឃឹម​ថា​មហា​ជន​នៅ​តែ​ផ្តល់​កម្លាំង​ចិត្ត​ដល់​រូប​លោក​ ៕