យោងតាមគេហទំព័រសិល្បៈចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា តារាចម្រៀងវ័យ២១ឆ្នាំ នាងសេទ្បេណា ហ្គោមេស រកឃើញម្ចាស់បេះដូងថ្មី គឺលោក Niall Horan ដែលជាសមាជិកក្រុមចម្រៀងបុរស One Direction បន្ទាប់ពីស្នេហានាង និងចាស្ទីន ប៊ីប៊ើ ដល់ផ្លូវបំបែក ។
សេទ្បេណា ហ្គោមេស និង Niall Horan បានចំណាយពេលវេលាដើរកម្សាន្តជាមួយគ្នា ក្នុងទីក្រុងទ្បុង កាលពីពេល ថ្មីៗកន្លងមក ហើយសកម្មភាពនោះ ធ្វើឱ្យទស្សនិកជន ព្រមទាំងអ្នកគាំទ្រជាច្រើននាក់មានការងឿងឆ្ងល់ ។ ដើម្បីកុំឱ្យអ្នកគាំទ្រដាក់ការមន្ទិលសង្ស័យ សេទ្បេណា ហ្គោមេស បានបង្ហើបប្រាប់គេហទំព័រ New York Daily News ថា «នេះមិនមែនជាការបណ្តុះពន្លកស្នេហ៍អ្វីទេ វាគ្រាន់តែជាចំណុចវិជ្ជមាន ដែលអាចឈានទៅរកមិត្តភាពសិទ្ធស្នាលប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀត ពួកយើងទាំង២នាក់ មិនបានធ្វើអ្វីឱ្យជ្រុលហួសហេតុក្រៅពីការរឹតចំណងមិត្តភាពក្នុងអាជីពសិល្បៈសព្វថ្ងៃ ក៏ដូចជាចែករំលែកបទពិសោធន៍គ្នាទេ» ។ ទោះជាយ៉ាងណាក៏ដោយ ការបកស្រាយរបស់នាងសេទ្បេណា ហ្គោមេស មិនត្រូវគេជឿថា មានលក្ខណៈទូលំទូលាយនោះទេ ។ ផ្ទុយទៅវិញមានពាក្យចចាមអារ៉ាមលើកទ្បើងថា ពួកគេទាំង២នាក់ កំពុងតែបង្កាត់ភ្លើងស្នេហ៍ ស្ងាត់ៗ ។
នាងសេទ្បេណា ហ្គោមេស ធ្លាប់ឆ្លងកាត់ស្នេហាជាមួយចាស្ទីន ប៊ីប៊ើ កាលពីប៉ុន្មានឆ្នាំកន្លងទៅ តែស្នេហាលិចអណ្តែតមួយនេះ មិនបានស្ថិតស្ថិរយូរអង្វែងទេ ដោយសារតែភាពមិនចុះសម្រុង និងមានកត្តាមួចំនួនទៀត ដែលជំរុញឱ្យពួកគេទាំង២នាក់ចែកផ្លូវគ្នា ៕
ចែករំលែកព័តមាននេះ