រាជធានីភ្នំពេញ ៖ ក្នុងពេលតម្រូវការទីផ្សារការងារក្នុងវិស័យកាហ្វេនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា មានកំណើនខ្ពស់ និងពិបាករកអ្នកជំនាញនេះ សាលាបង្រៀនឆុងកាហ្វេត្រូវបានបង្កើតឡើង ដើម្បីបំពេញចន្លោះខ្វះខាត និងបំពេញទៅតាមតម្រូវការទីផ្សារផងដែរ ។ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ អបអរចំពោះសាលាបង្រៀនឆុងកាហ្វេវិជ្ជាជីវៈ និងរំពឹងថា តាមរយៈសាលានេះ នឹងជួយបង្កើនគុណភាពសេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរក្នុង និងក្រៅប្រទេស ។
ថ្លែងនៅក្នុងពិធីបើកដំណើរការជាផ្លូវការនៃវិទ្យាស្ថានខូហ្វី កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ លោកតុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានឱ្យដឹងថា វិស័យកាហ្វេ គឺជាវិស័យមួយ ដែលបានរួមចំណែកក្នុងវិស័យទេសចរណ៍ ទៅលើការបម្រើសេវាកម្មភេសជ្ជៈជូនភ្ញៀវក្នុងនិងក្រៅស្រុក ព្រោះថាសឹង តែគ្រប់ប្រទេស គឺតែងតែមានអ្នកទទួលទានកាហ្វេជាប្រចាំ ដូច្នេះកាហ្វេនេះក៏ជាភេសជ្ជៈដ៏សំខាន់មួយផងដែរ សម្រាប់ទេសចរណ៍ ដែលអាចឱ្យពួកគាត់ញ៉ាំបណ្ដើរ ជជែកគ្នាបណ្ដើរ ។
លោកបន្តថា តាមពិតទៅ កម្ពុជានៅខ្វះធនធានជំនាញខាងឆុងកាហ្វេនេះច្រើន ដោយសារតែយើងមិនមានសាលាបណ្ដុះបណ្ដលត្រឹមត្រូវ និងមានស្តង់ដា ហើយភាគច្រើនគឺចេះតៗគ្នា ដូច្នេះហើយយើងចង់ឱ្យមានជំនាញច្បាស់លាស់ មានការទទួលស្គាល់ជាស្តង់ដាមួយ ។ លោកថា៖ « ការអភិវឌ្ឍន៍វិស័យទេសចរណ៍ គឺត្រូវមានការចូលរួមពីវិស័យឯកជន ជាក់ស្ដែង ដោយមានការចូលរួមពីវិស័យឯកជននេះហើយ ទើបធ្វើឱ្យកំណើនទេសចរបរទេសនៅកម្ពុជា មានការកើនឡើងជាលំដាប់ដូច្នេះ » ។
លោកថន រ៉ាដែន ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្សនៃវិទ្យាស្ថានខូហ្វី បានឱ្យដឹងថា ការបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ជំនាញឆុងកាហ្វេ ចាប់ពីដំណើរការដាំដុះរហូតដល់ក្លាយជាកាហ្វេឈ្ងុយឆ្ងាញ់សម្រាប់ផ្ដល់ជូនអតិថិជនក៏ដូចជាភ្ញៀវទេសចរ ។ ទន្ទឹមនឹងនេះដែរ វិទ្យាស្ថានខូហ្វីបានរៀបចំថ្នាក់បណ្ដុះបណ្ដាលចំនួន៣សំខាន់រួមមាន ទី១កម្រិតជំនាញវិជ្ជាជីវៈ ដែលក្នុងនោះមានថ្នាក់ជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន ថ្នាក់ជំនាញឆុងកាហ្វេកម្រិតមធ្យម និងថ្នាក់ជំនាញឆុងកាហ្វេឡាតេ ។ ទី២កម្រិតអតិថិជន ដែលចែកចេញជា ការណែនាំអំពីកាហ្វេ ការណែនាំអំពីទឹកដោះគោ ការណែនាំអំពី Espresso និងការណែនាំអំពីការលីងកាហ្វេ ។ ទី៣គឺជាវគ្គពិសេសសម្រាប់ប្រើប្រាស់ម៉ាស៊ីនកាហ្វេដោយទទួលបានកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ។
លោកបន្តថា ស្របពេលវិស័យកាហ្វេ វិស័យចំណីអាហារ ភេសជ្ជៈមានការរីកចម្រើន និងពេញនិយមក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជាយើង ការបណ្ដុះបណ្ដាលលើជំនាញឆុងកាហ្វេ ពិតជាមានសារសំខាន់ ដែលមិនអាចខ្វះបាន ដូច្នេះវិទ្យាស្ថានខូហ្វី នឹងចូលរួមចែករំលែកកសាងសមត្ថភាពអ្នកជំនាញវិជ្ជាជីវៈឆុងកាហ្វេ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ សម្រាប់បម្រើការងារ ក៏ដូចជាផ្ដល់គុណភាព និងរសជាតិកាន់តែប្រសើររាល់កាហ្វេគ្រប់ៗកែវ ។ លោកថា ៖ «ក្រុមហ៊ុនខូហ្វី និងវិទ្យាស្ថានខូហ្វីក៏ចូលរួមផងដែរ ក្នុងការជំរុញបន្ថែមជាមួយដៃគូរឯកជន និងរដ្ឋទៅលើវិស័យកាហ្វេទាំងមូល ដើម្បីបង្កើតភាពទាក់ទាញកាន់តែខ្លាំងឡើងទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកប្រទេសកម្ពុជាកាន់តែច្រើន» ។
បើតាមក្រសួងទេសចរណ៍កម្ពុជា រំពឹងថា ឆ្នាំ២០១៩នេះ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៧លាននាក់ ដូច្នេះតាមការព្យាករណ៍ និងរំពឹងទុកថា វិស័យនេះនឹងអាចផ្ដល់ការងារប្រមាន១លានកន្លែងដល់ពលរដ្ឋ ក្នុងនោះដែរ យ៉ាងហោចណាក៏៥០ភាគរយដែរ ត្រូវមានជំនាញវិជ្ជាជីវៈក្នុងវិស័យនេះ ។ យ៉ាងណាក៏ដោយលោកតុប សុភ័ក បានលើកឡើងថា បច្ចុប្បន្នទីផ្សារការងារ ក្នុងវិស័យទេសចរណ៍នៅមានភាពទូលំទូលាយ និងត្រូវការបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំនើនភ្ញៀវទេសចរបរទេស ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ