ក្រុមហ៊ុនសាងសង់ផ្លូវកូរ៉េទទួលស្គាល់កំហុសក្នុងការសាងសង់ផ្លូវជាតិលេខ២១ មិនស្របតាមបច្ចេកទេស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក Choi Young Sun ប្រធានក្រុមហ៊ុននៅទីស្នាក់ការធំ នៅប្រទេសកូរ៉េបានចេញមុខទទួលស្គាល់នូវកំហុសដោយទទួលស្គាល់ថា ផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១ពិតជាសាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស ហើយនឹងយល់ព្រមដោះស្រាយអនុវត្តផែនការជួសជុលឡើងវិញ ។

ការទទួលកំហុសរបស់ប្រធានក្រុមហ៊ុននេះ បន្ទាប់ពីមានមតិរិះគន់ និងមានការព្រមានពីលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដុ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថា ធ្វើផ្លូវមិនមានលក្ខណៈបច្ចេកទេស កាលពេលកន្លងមកនេះ ។ ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៨ ខែសីហានេះ លោក Choi Young Sun បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា ៖ «ក្រុមហ៊ុនខ្ញុំទទួលស្គាល់ថា ផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១នេះ សាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស តាមការលើកឡើងដោយ KICT និងបានយល់ព្រមដោះស្រាយ និងអនុវត្តផែនការជួសជុលដែលបានបញ្ជាក់ក្នុងរបាយការណ៍របស់ KICT» ។

ក្នុងឱកាសនោះលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពអ៊ុតកៅស៊ូ AC បន្ថែមពីលើចំនួនបីសង់ទីម៉ែត្រទៀតបន្ទាប់ពីជួសជុលរួច ដើម្បីធ្វើឱ្យផ្លូវនេះមានភាពរឹងមាំប្រើប្រាស់យូរអង្វែង ដោយផ្ដោតលើគុណភាពជាចម្បងមុននឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ជាការឆ្លើយតបលោក Choi Young Sun បានកត់សម្គាល់លើសំណើរបស់រដ្ឋមន្ត្រី និងសន្យាយកសំណើនេះទៅពិភាក្សាបន្ថែមជាមួយអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន ដើម្បីពិនិត្យលទ្ធភាព ហើយសង្ឃឹមថានឹងអាចផ្តល់ចម្លើយវិជ្ជមានតបទៅតាមសំណូមពររបស់លោករដ្ឋមន្ត្រីផងដែរ ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីធ្វើឱ្យ សកម្មភាពការងារទាំងអស់ មានភាពរលូន និងប្រសិទ្ធភាពខ្ពស់ ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះក្រសួងបានរកឃើញផ្លូវខូចគុណភាព និងឲ្យក្រុមហ៊ុនសាងសង់ផ្លូវជួសជុលឡើងវិញ ដូចជា ៖ ផ្លូវជាតិលេខ៣ , ផ្លូវជាតិលេខ៧ , ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ២១៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ